ផ្សារទំនើបអ៊ីអនសែនសុខ ប្រារព្ធពិធីអបអរសាទរគម្រប់ខួប១ឆ្នំារបស់ខ្លួននៅកម្ពុជា ព្រមជាមួយការបើកសម្ពោធភោជនីយដ្ឋានអាហារចម្រុះ Food Republic

ភ្នំពេញ៖ ផ្សារទំនើបអ៊ីអនម៉ល សែនសុខស៊ីធី ជាផ្សារទំនើបទី២របស់ក្រុមហ៊ុន អ៊ីអនម៉ល ខូអិលធីឌី បានប្រារព្ធអបអរសាទរពិធីគំរប់ខួប១ឆ្នាំ នៃការបើកដំណើរការរបស់ផ្សារទំនើបទី២ក្នុងព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី៣០ ខែឧសភា ឆ្នំា២០១៩នេះ។ រយៈពេល១ឆ្នាំកន្លងមក ផ្សារទំនើបនេះទទួលបានកំណើនដ៏ល្អចំពោះប្រតិបត្តិការណ៍របស់ខ្លួនដោយទទួលបានអតិថិជនជាង១៣លាននាក់ ។

នាឪកាសដ៏វិសេសនេះដែរ Food Republic ដែលជាភោជនីយដ្ឋានអាហារចម្រុះដ៏ធំ និងជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន BreadTalk គ្រុប មានមូលដ្ឋាននៅប្រទេសសិង្ហបុរី ក៏បានរៀបចំពិធីបើកសម្ពោធហាងដំបូងរបស់ខ្លួនជាផ្លូវការនៅក្នុងប្រទេសកម្ពុជាផងដែរ។ ផ្សារទំនើបអ៊ីអនសែនសុខ ជាផ្សារទំនើបដំបូងគេបង្អស់សម្រាប់កម្ពុជា ដែលបានដាក់បញ្ចូលនូវភោជនីយដ្ឋាន Food Republic ទៅក្នុងសេវាកម្មរបស់ខ្លួន សម្រាប់បម្រើដល់ប្រជាពលរដ្ឋកម្ពុជាជាច្រើនលាននាក់ ដែលនិយម និងទុកចិត្តនៅមុខទំនិញ និងចំណីអាហារនៅទីកន្លែងនេះ។
 
លោក Gen Son Ong នាយកគ្រប់គ្រងជាន់ខ្ពស់ភោជនីយដ្ឋានអាហារចម្រុះ Food Republic បានមានប្រសាសន៍ថាFood Republic គឺជាភោជនីយដ្ឋានដ៏សម្បូរបែបមួយ សម្រាប់បម្រើជូននូវចំណីអាហារ ដែលផ្តល់នូវទំនុកចិត្តលើអនាម័យ ជាពិសេសមានជម្រើសម្ហូបអាហារជាច្រើនមុខ ទាំងអាហារជាតិ និងអន្តរជាតិ ដែលអមមកជាមួយការរៀបចំដ៏ប្រណិតប្រកបដោយគំនិតឆ្នៃប្រឌិត។ លោកបន្តថា ភោជនីយដ្ឋានអាហារចម្រុះ Food Republic បានចាប់កំណើតនៅឆ្នាំ២០០៥ ជាមួយនឹងការបើកដំណើរការដំបូងក្នុងប្រទេសសឹង្ហបុរី ដោយ Food Republic បានប្តេជ្ញាផ្តល់ជូននូវអាហារបែបសិង្ហបុរី ដែលលមានតម្លៃសមរម្យ និងរសជាតិឈ្ងុយឆ្ងាញ់ដ៏ពិតប្រាកដ ដល់អតិថិជនរបស់ខ្លួន។

បច្ចុប្បន្ន ភោជនីយដ្ឋាន Food Republic មានទីតាំងចំនួន៥៥កន្លែង ដែលគ្រប់គ្រងដោយ Food Republic និង Food Opera  ផ្ទាល់ ដូចជានៅក្នុងប្រទេសសិង្ហបុរី ម៉ាឡេស៊ី ថៃ តៃវ៉ាន់ ហុងកុង និងនៅទីក្រុងចំនួន១០ ក្នុងប្រទេសចិន។ សម្រាប់ហាងទាំងអស់របស់ Food Republic មានរចនាបថ និងការតុបតែងខុសប្លែកពីគ្នា ដោយហាងនីមួយៗផ្តោតសំខាន់ទៅលើការផ្តល់ជូននូវម្ហូបអាហារ ដែលមានគុណភាព អនាម័យ  តម្លៃសមរម្យ និងផាសុខភាព ជាមួយបរិយាកាសស្រស់ស្រាយ នៃម៉ាស៊ីនត្រជាក់។

លោក Gen Son Ong បន្ថែមទៀតថា សម្រាប់ហាងដំបូងរបស់ខ្លួននៅកម្ពុជានេះវិញ អតិថិជនទាំងអស់ នឹងទទួលបានអារម្មណ៍ប្លែកជាមួយរចនាបថតុបតែង ដូចក្នុងប្រទេសប៉ែកអឺរ៉ុប ដោយនៅតាមផ្លូវមានទិដ្ឋភាព ដូចនៅប៉ារីស អមជាមួយហាងកាហ្វេបារាំង និងភោជនីយដ្ឋានជាច្រើន ហើយអតិថិជនក៏អាចរីករាយជាមួយការតុបតែងលំអរបែប Fashion ចុងក្រោយបំផុត។ ក្រៅពីនេះ អតិថិជនអាចធ្វើការជាវប័ណ្ណ ទទួលទានអាហារ នៅច្រកចូលរបស់ Food Republic សម្រាប់ចំណាយ លើការទិញម្ហូបអាហាររបស់ Food Republic ដោយពុំចាំបាច់ប្រើប្រាស់ប្រាក់សុទ្ធក្នុងពេលទិញទំនិញឡើយ ដោយការធ្វើបែបនេះ នឹងជួយឲ្យដំណើរចំណាយ កាន់តែងាយស្រួល៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner