រដ្ឋមន្រ្តី ឌិត ទីណា ៖ ការវិភាគមុខងារ និងរចនាសម្ព័ន្ធ ក្រសួងបានធ្វើការកែសម្រួលរចនាសម្ព័ន្ធ ដោយលុប និងកែលម្អ ព្រមទាំងច្របាច់បញ្ចូលអង្គភាពមួយចំនួន
(ភ្នំពេញ)៖ ឯកឧត្តម រដ្ឋមន្រ្តី ឌិត ទីណា បានលើកឡើងថា ក្រោយការពិនិត្យឡើងវិញ ការវិភាគមុខងារនិងរចនាសម្ព័ន្ធ ក្រសួងបានធ្វើការកែសម្រួលរចនាសម្ព័ន្ធ ដោយលុប និងកែលម្អ ព្រមទាំងច្របាច់បញ្ចូលអង្គភាពមួយចំនួន។ រាល់ការរៀបចំទាំងអស់ ត្រូវអនុលោមស្មារតីនៃការងារកំណែទម្រង់រដ្ឋបាលសាធារណៈ «ពង្រឹង ជាជាងពង្រីក»។ នេះជាការដកស្រង់ខ្លឹមសារប្រសាសន៍របស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងសិក្ខាសាលា ស្តីពី«ការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការគ.វ.រ.។
ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមថា “ផ្អែកលើមូលដ្ឋាននៃការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធ ដូចបានរៀបរាប់ខាងលើ ក្រសួង បានរៀបចំសេចក្ដីព្រាង ចំនួន៤ រួមមាន ៖ (១) អនុក្រឹត្យស្តីពី«ការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ», (២) ព្រះរាជក្រឹត្យស្តីពី«ការបង្កើតបណ្ឌិត្យសភាវិទ្យាសាស្រ្តកសិកម្មកម្ពុជា ជាគ្រឹះស្ថាន សាធារណៈរដ្ឋបាល», (៣) អនុក្រឹត្យស្តីពី«ការរៀបចំ និងការប្រព្រឹត្តទៅរបស់បណ្ឌិត្យសភាវិទ្យាសាស្រ្តកសិកម្មកម្ពុជា» និង (៤ ) អនុក្រឹត្យស្តីពី «ការបង្កើតមន្ទីរពិសោធន៍ជាតិកសិកម្ម ជាគ្រឹះស្ថានសាធារណៈរដ្ឋបាល និងបានបញ្ជូនទៅក្រសួងមុខងារសាធារណៈ ដើម្បីពិនិត្យ ពិភាក្សា និងបន្តនីតិវិធី»។”
គួរបញ្ជាក់ថា សិក្ខាសាលា ដែលធ្វើឡើងរួមគ្នារវាង ក្រសួងមុខងារសាធារណៈ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្តីពី «ការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ» ។
សិក្ខាសាលានេះ ជាសិក្ខាសាលាទី១៨ ដែលក្រសួងមុខងារសាធារណៈ បន្តចុះជួបតាមបណ្តាក្រសួង ស្ថាប័ននានា ដើម្បីផ្តល់ជូនវឌ្ឍនភាពការងារ និងការពង្រីកវិសាលភាពព័ត៌មាន ស្តីពីការអនុវត្តការងារ និងដំណាក់កាលនានានៃការពិនិត្យឡើងវិញ ការវិភាគមុខងារនិងរចនាសម្ព័ន្ធ ដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការស៊ីវិល តាមបណ្តាក្រសួង ស្ថាប័ននានា បានជ្រាបបន្ថែម និងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការនៃភាពប្រទាក់ក្រឡាគ្នាកាន់តែល្អប្រសើរ។
សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង៖ (១) បង្ហាញវឌ្ឍនភាពការងារដែលក្រុមការងារបច្ចេកទេសអន្តរក្រសួងបានរួមចិត្ត រួមស្មារតី និងសហការការងារជាមួយគ្នា ដើម្បីសិក្សាលើស្ថានភាពបឋមនៃការការវិភាគមុខងារ និងរចនាសម្ព័ន្ធរបស់ក្រសួង ស្ថាប័ន (២) បង្កើនកិច្ចសហប្រតិបត្តិការការងារគ្នាកាន់តែជិតស្និទ្ធបន្ថែមទៀត តាមរយៈការជួយបំពេញគ្នា ការរៀបចំយន្តការដើម្បីប្រទាក់ក្រឡាគ្នា និងគាំទ្រគ្នាទៅវិញទៅមក និងការតាំងចិត្តបោះជំហានរួមគ្នា ផ្អែកលើជវភាព នៃប្រព័ន្ធតួអង្គតែមួយ (៣) ពិភាក្សាលើការកំណត់ជំហានបន្តនៃកិច្ចសហប្រតិបត្តិការរវាងក្រសួង ស្ថាប័ននីមួយៗ ក្នុងឆន្ទៈចូលរួមអនុវត្តយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំដ៏ម៉ឺងម៉ាត់ស្វាហាប់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសលើការពង្រឹងសមត្ថភាព និង សមិទ្ធកម្មស្ថាប័ន ដើម្បីលើកកម្ពស់គុណភាពការងារ ដែលជាវិធានការគន្លឹះទី២ នៃកម្មវិធីកែទម្រង់រដ្ឋបាលសាធារណៈ ។
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី និងថ្នាក់ដឹកនាំ ព្រមទាំងមន្រ្តីរាជការពាក់ព័ន្ធ នៃក្រសួងមុខងារសាធារណៈ ចំពោះការគាំទ្រ និងកិច្ចសហការយ៉ាងជិតស្និទ្ធ ក្នុងការរៀបចំការប្រឡងជ្រើសរើសមន្រ្តីកសិកម្មឃុំចំនួន ២លើក ប្រកបដោយ តម្លាភាព និងយុត្តិធម ៕
ដោយ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា






