កីឡាការិនី ខៀវ ចិន្តារ័ត្ន កំពុងដុះខាតសមត្ថភាព និងមានគោលដៅប្រជែងដណ្តើមមេដាយ ១គ្រឿងទៀតជូនជាតិពីការប្រកួតនៅអន្តរជាតិ
(ភ្នំពេញ)៖កីឡាការិនីទម្ងន់ស្រាល ម្ចាស់មេដាយAMMA អន្តរជាតិ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ ក្នុងឆ្នាំ២០២៤ ខៀវ ចិន្តារ័ត្ន កំពុងតែដុះខាតសមត្ថភាព ត្រៀមចូលរួមប្រជែងដណ្តើមមេដាយជូនកម្ពុជា ក្នុងព្រឹត្តិការណ៍ប្រកួត AMMA នាចុងខែ មីនា ឆ្នាំ២០២៥ នៅចិនតៃប៉ិ។
កីឡាការិនី ខៀវ ចិន្តារ័ត្ន បានថ្លែង បញ្ជាក់ថា ការចូលរួមការប្រកួត នាចុង ខែ មីនា នៅចិនតៃប៉ិនេះ នាងប្រកួតក្នុងប្រភេទទម្ងន់ក្រោម៤៩គីឡូក្រាម ដែលជាកីឡូចាស់ ធ្លាប់ដណ្តើមបានមេដាយមាស ក្នុងព្រឹត្តិការណ៍ប្រកួត AMMA អន្តរជាតិ កាលពីឆ្នាំ២០២៤ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ។
នាងថា សម្រាប់ការចាកចេញទៅប្រជែងដណ្តើមមេដាយក្នុងព្រឹត្តិការណ៍អន្តរជាតិនេះ គោលដៅដែលនាង រំពឹងនោះ គឺនាំយកមេដាយមាសមួយគ្រឿងទៀតមកជូនកម្ពុជា ខណៈដែលពេលបច្ចុប្បន្ន នាងកំពុងតែខិតខំហ្វឹកហាត់ដុះខាត់សមត្ថភាពយ៉ាងខ្លាំងជាមួយគ្រូបង្វឹក ។
ម្ចាស់មេដាយមាស រូបនេះ បានអំពាវនាវឱ្យបណ្តាលសង្វៀនគុនខ្មែរតាមទូរទស្សន៍នៅក្នុងស្រុកជួយដល់រូបនាង បានឡើងសង្វៀនប្រកួតប្រដាល់គុនខ្មែរជាមួយកីឡាការិនីជាតិនិងអន្តរជាតិ ដើម្បីឱ្យនាងទទួលបច្ចេកទេសក្បាច់វាយ បន្ថែមលើក្បាច់បោកកាច់ក្លេ ឈានឆ្ពោះទៅប្រជែងដណ្តើមបានមេដាយជូនជាតិមាតុភូមិ។
សូមរំលឹកថា កីឡាការិនី គុនចម្រុះកម្ពុជា ខៀវ ចិន្ដារ័ត្ន បានឈ្នះមេដាយមាសទី១ជូនជាតិ បន្ទាប់ពីប្រកួតឈ្នះដោយពិន្ទុលើកីឡាការិនីឥណ្ឌូណេស៊ី Puspitasari Nurdiana លើវិញ្ញាសាប្រពៃណីក្នុងប្រភេទទម្ងន់ក្រោម៤៩គីឡូក្រាម នៅវគ្គផ្តាច់ព្រ័ត្រនៃការប្រកួតកីឡាយុទ្ធគុនចម្រុះជើងឯកអាស៊ី (AMMA) លើកទី២ ឆ្នាំ២០២៤ នៅវិមានកីឡដ្ឋានជាតិ៕
រូបភាព ៖ ជីម ភារ៉ា អត្ថបទ ជាវ ចន្ធូ







