រដ្ឋមន្ត្រី ហេង សួរ ៖ ធនធានមនុស្សដែលមានគុណភាពខ្ពស់ និងមានសុខភាពល្អ គឺជាទ្រព្យសម្បត្តិដ៏រឹងមាំ​សម្រាប់​ប្រទេសជាតិ

(ភ្នំពេញ)៖ ធនធានមនុស្សដែលមានគុណភាពខ្ពស់ និងមាន​សុខ​ភាពល្អ គឺជាទ្រព្យសម្បត្តិដ៏រឹងមាំ​សម្រាប់ប្រទេសជាតិ​ក្នុង​ការបង្កើនតម្លៃសេដ្ឋកិច្ច និងធានាបាននូវកំណើនប្រកប​ដោយ​និរន្តរភាពរយៈពេលវែង។ ពោលគឺ មនុស្សជាកត្តាដ៏សំខាន់​បំផុត​មួយក្នុងចំណោមកត្តាសំខាន់ផ្សេងទៀត ដូចជា ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា នៅក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់​កាលទី១ នៃរាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧។

ការតភ្ជាប់រវាងធនធានមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធ​ត្រូវតែ​ជាក្បាលម៉ាស៊ីនដ៏សំខាន់ ដើម្បីទ្រទ្រង់ការពង្រីកពាណិជ្ជកម្ម និងការអភិវឌ្ឍរយៈពេលវែង។ កម្លាំងពលកម្មប្រកប​ដោយ​ជំនាញ មានភាពសមស្រប និងភាពច្នៃប្រឌិត រួមផ្សំជាមួយ​បណ្តាញហេដ្ឋារចនាសម្ព័ន្ធនឹងទាក់ទាញការវិនិយោគ បង្កើនភាពប្រកួតប្រជែង និងសម្រួលពាណិជ្ជកម្ម​ក្នុង​តំបន់អាស៊ាន។

ការបន្តវិនិយោគលើមនុស្សឱ្យក្លាយជាកម្លាំងជំនាញដ៏ចាំបាច់ ដោយធ្វើការរួមគ្នាដើម្បីបណ្ដុះបណ្ដាលកម្លាំងពលកម្មដែលមានជំនាញខ្ពស់ ដែលអាចដោះស្រាយបញ្ហាប្រឈម​នាពេល​អនាគត នឹងជំរុញឱ្យមានវិបុលភាពយូរអង្វែងសម្រាប់អាស៊ាន (សហគមន៍តែមួយ វាសនាមួយ)។

នេះបើយោងតាមសុន្ទរកថាគន្លឹះ របស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងកិច្ច​ប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៥ ក្រោមមូលបទ «ជំរុញការតភ្ជាប់អាស៊ាន៖ មនុស្ស, ហេដ្ឋារចនាសម្ព័ន្ធ, និង​ពាណិជ្ជកម្ម» (Accelerating ASEAN’s Connectivity: People, Infrastructure, and Trade) ដែលរៀបចំធ្វើនៅ​សណ្ឋាគារសូហ្វីតែល ភ្នំពេញភូគីត្រា រាជធានីភ្នំពេញ ក្រោមកិច្ចសហការរៀបចំដោយសភាពាណិជ្ជកម្មកម្ពុជា និងក្រុមប្រឹក្សាធុរកិច្ចអាស៊ានកម្ពុជា ដោយមានការគាំទ្រពី​រាជរដ្ឋាភិបាលកម្ពុជា នារសៀល ថ្ងៃទី៦ ខែមីនា ២០២៥ ។

ឯកឧត្តម ហេង សួរ ក៏បានអញ្ជើញចូលរួមជាវាគ្មិននៅ​ក្នុងកិច្ច​ពិភាក្សា​ក្រោមប្រធានបទ “មូលធនមនុស្ស៖ គន្លឹះនៃការ​អភិវឌ្ឍ​ពាណិជ្ជកម្ម និងហេដ្ឋារចនាសម្ព័ន្ធ” “Human Capital: Key to Trade and Infrastructure Development” ដោយ​មានការចូលរួម ពីបណ្តាធុរជន ក្រុមហ៊ុនជាតិ និងអន្តរជាតិ ផងដែរ។

តាមរយៈវេទិកានេះបានផ្តល់នូវកាលានុវត្តភាពបន្ថែមទៀត និង​វឌ្ឍនភាពជាក់ស្តែង ក្នុងសហគមន៍អាស៊ាន ប្រកបដោយ​ភាព​ប្រទាក់ក្រឡា និងមានវិបុលភាព រួមនិងការស្វែងយល់​បន្ថែម​ពីតួនាទីដ៏សំខាន់នៃការបង្កើនការតភ្ជាប់ ការលើកកម្ពស់​កំណើន ប្រកបដោយចីរភាព និងបរិយាប័ន្ន ដែលជាចក្ខុវិស័យ ស្របតាមគោលដៅរបស់អាស៊ាន និង គោលនយោបាយជា​យុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner