គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សម្រេចជាវិធានការ ដើម្បីអនុវត្តការងារគ្រប់គ្រងធនធានទឹក ដោយបានកំណត់ការដោះស្រាយជា ៣ដំណាក់កាល
(ភ្នំពេញ)៖ គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សម្រេចជាវិធានការ ដើម្បីអនុវត្តការងារគ្រប់គ្រងធនធានទឹក ដោយបានកំណត់ការដោះស្រាយជា ៣ដំណាក់កាល រួមមាន៖ វិធានការចំពោះមុខ, វិធានការរយៈពេលខ្លី និងវិធានការរយៈពេលមធ្យម និងវែង ។ នេះបើតាមលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្ដីពី ស្ថានភាពទឹកស្អាត និងទឹកប្រើប្រាស់សម្រាប់វិស័យកសិកម្ម ដោយផ្តោតលើស្ថានភាព និងបញ្ហាប្រឈមនៃទឹកស្អាត និងទឹកសម្រាប់វិស័យកសិកម្ម នាថ្ងៃទី០៥ ខែ មីនា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមអធិបតីភាពឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ.) ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់ នៃក្រសួង ស្ថាប័នពាក់ព័ន្ធ ។
ធនធានទឹក គឺជាវិស័យអាទិភាពមួយក្នុងចំណោមវិស័យអាទិភាពទាំង ៥ ក្នុងក្របខ័ណ្ឌយុទ្ធ-សាស្ត្របញ្ចកោណ ដំណាក់កាលទី ១ ដែលរួមមាន មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ។ ស្របតាមទិសដៅនេះ, ការធានាបាននូវសន្ដិសុខនៃធនធានទឹក និងការប្រើប្រាស់ធនធានទឹកប្រកបដោយចីរភាព ត្រូវបានកំណត់ជាអាទិភាព ។
ជាចលនការនៃការអភិវឌ្ឍសេដ្ឋកិច្ច ជាអាទិ៍ ការកើនឡើងផ្ទៃដីដាំដុះ, ការរីកលូតលាស់យ៉ាងឆាប់រហ័សនៃមូលដ្ឋានឧស្សាហកម្មក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ, ការប្រើប្រាស់របស់ប្រជាពលរដ្ឋ និងការប្រើប្រាស់សម្រាប់គាំទ្រដល់សកម្មភាពសេដ្ឋកិច្ចផ្សេងៗ ជាពិសេស នៅក្នុងរដូវប្រាំង តម្រូវជាការចាំបាច់ឲ្យបង្កើននូវប្រភពទឹកស្អាតដែលប្រើប្រាស់បាន ។
ស្ថានភាពដែលតម្រូវការប្រើប្រាស់ទឹកមានការកើនឡើងនេះ ទាមទារឱ្យមានការគិតគូរទៅលើប្រសិទ្ធភាពនៃការវិនិយោគ និងរក្សាតុល្យភាពនៃការបែងចែកធនធានទឹក សំដៅធានាបាននូវការផ្គត់ផ្គង់ទឹក ក្នុងកម្រិតសុភបរមា ដែលមានលក្ខណៈប្រទាក់ក្រឡា ទៅដល់គ្រប់តួអង្គក្នុងសង្គម-សេដ្ឋកិច្ច ។
កិច្ចប្រជុំបានសម្រេចជាវិធានការ ដើម្បីរៀបចំអនុវត្តការងារគ្រប់គ្រងធនធានទឹកនេះ ដោយបានកំណត់ការដោះស្រាយជា ៣ ដំណាក់កាលរួមមាន៖
១. វិធានការចំពោះមុខ៖ សម្រាប់ដោះស្រាយបញ្ហា កង្វះទឹក ក្នុងរដូវប្រាំងខាងមុខនេះ តាមរយៈការផ្ដល់ព័ត៌មាន ទៅដល់ ប្រជាពលរដ្ឋ និងអាជ្ញាធរមានសមត្ថកិច្ចក្នុងការការពារ និង រក្សាប្រភពទឹក ក៏ដូចជា ត្រៀមបម្រុងធនធានហិរញ្ញវត្ថុសម្រាប់ អន្តរាគមន៍ក្នុងករណីចាំបាច់ ។
២. វិធានការរយៈពេលខ្លី៖ សម្រាប់អនុវត្តក្នុងរយៈពេល ១ ទៅ ២ ឆ្នាំ ដោយផ្ដោតលើការវាយតម្លៃឡើងវិញលើការវិនិយោគ លើវិស័យធនធានទឹក និងសមត្ថភាពផ្គត់ផ្គង់ទឹកឱ្យឆ្លើយ តប នឹងតម្រូវការប្រើប្រាស់ និងសម្រាប់គាំទ្រដល់វិស័យកសិកម្ម និងឧស្សាហកម្ម ។
៣. វិធានការរយៈពេលមធ្យម និងវែង៖ ដោយផ្ដោតលើការរៀបចំផែនការមេគ្រប់ជ្រុងជ្រោយដើម្បីអភិវឌ្ឍ, គ្រប់គ្រង និងប្រើប្រាស់ធនធានទឹក និងការបន្ដយកចិត្តទុកដាក់លើការកែទម្រង់ និងពង្រឹងយន្ដការគ្រប់គ្រងសម្រាប់សាមីក្រសួង ស្ថាប័នដែលពាក់ព័ន្ធ ។
ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះការចូលរួមគាំទ្រ និងផ្ដល់កិច្ចសហការពីថ្នាក់ដឹកនាំគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ និងក្រុមការងារបច្ចេកទេសអគ្គលេខាធិការដ្ឋាន គ.ស.ហ. ដែលបានខិតខំរៀបចំ និងសិក្សាលើ ស្ថានភាពទឹកស្អាត និងទឹកប្រើប្រាស់សម្រាប់វិស័យកសិកម្ម នេះឡើង ៕

អត្ថបទ៖ វណ្ណលុក
រូបភាព៖ វ៉េង លីមហួត