សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញចែកអំណោយ​មនុស្សធម៌ដល់ប្រជាពលរដ្ឋ ២ ០២៥គ្រួសារបន្ថែមទៀត នៅខេត្តឧត្តរមានជ័យ

ឧត្ដរមានជ័យ ៖វត្តមានលើទឹកដីខេត្តឧត្តរមានជ័យ ជាខេត្តភាគខាង​ជើងប្រទេស នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានបន្តអញ្ជើញ​សំណេះ​​សំណាល​សួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌សម្រាល​ការលំបាករបស់ប្រជាជនងាយរងគ្រោះបំផុតចំនួន ២ ០២៥គ្រួសារ
មកពី​ស្រុក​ចំនួន២ បន្ថែមទៀត គឺស្រុកអន្លង់វែង និងស្រុកត្រពាំង​ប្រាសាទ ។

ក្នុងឱកាសដ៏ស្និទ្ធស្នាល និងកក់ក្តៅ នៃជំនួបបន្តជាមួយប្រជាជនងាយ​រងគ្រោះ​បំផុតនៅខេត្តឧត្តរមានជ័យ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បាននាំយកនូវព្រះរាជសវនីយ៍របស់ ព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្ដិយស​កាកបាទក្រហមកម្ពុជា និងបង្ហាញ​នូវអារម្មណ៍​នឹករលឹកដល់បបងប្អូន​ប្រជាពលរដ្ឋ ជាមួយការអំពាវនាវដល់លោកតា លោកយាយ ពូ មីង បង-ប្អូន រួមជាតិ​ទាំងអស់ សូមថែរក្សាសុខភាព បរិភោគទឹកឆ្អិន រក្សាអនាម័យខ្លួនប្រាណ សម្អាតបរិស្ថានជុំវិញផ្ទះ កុំឱ្យមានជម្រកមូស​ខ្លា​នាំកើតគ្រុនឈាមជាដើម ។

លើសពីនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអំពាវនាវ​ដល់​អាជ្ញាធរគ្រប់លំដាប់ថ្នាក់មានវិធានការលុប​បំបាត់ បញ្ហាគ្រឿង​ញៀន, ល្បែងស៊ីសង, ក្មេងទំនើង, អំពើហឹង្សាក្នុងគ្រួសារ និងកុំសេព​គ្រៀងស្រវឹង។

រំលឹកជូនថា កាកបាទក្រហមកម្ពុជា ដែលជាជំនួយការឱ្យអាជ្ញាធរ​សាធារណៈក្នុងវិស័យមនុស្សធម៌ ទទួលបានការ​ឧបត្ថម្ភ ដែលជា​សទ្ធាជ្រះថ្លារបស់សប្បុរសជនគ្រប់មជ្ឈដ្ឋាន ដែលបានស្ម័គ្រចិត្ត​បរិច្ចាគធនធានជូនកាកបាទក្រហមកម្ពុជា ជាពិសេសក្នុងឱកាសនៃ​ទិវា​ពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម៨ឧសភា​ជារៀងរាល់ឆ្នាំ។

ដោយឡែកវត្តមានរយៈពេលថ្ងៃទី២ នៃបេសកកម្មមនុស្សធម៌របស់​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហម​កម្ពុជានៅខេត្តឧត្តរមានជ័យ សម្តេចបានអញ្ជើញជួបសំណេះ​សំណាលសួរសុខទុក្ខ និងចែកអំណោយជូន​ប្រជាជនងាយរង​គ្រោះបំផុត សរុបជាង៤ពាន់គ្រួសារ នៃក្រុង ស្រុក ចំនួន៥ នៃខេត្តឧត្តរមានជ័យ ៕
ដោយ៖ គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner