ចិនប្តេជ្ញាផ្តល់បទពិសោធន៍បើកបរឆ្លាតវៃថ្មី និង បៃតងដល់ប្រជាជនកម្ពុជា

ភ្នំពេញ ៖ លោក ហ៊ែនរី យីប នាយកប្រតិបត្តិផ្នែកលក់រថយន្ត BYD ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា ក្រុមហ៊ុនលោកប្តេជ្ញាចិត្តនឹងនាំយកនូវបទពិសោធន៍បើកបរឆ្លាតវៃថ្មី និងជម្រើសធ្វើដំណើរបៃតងដល់អ្នកប្រើប្រាស់កម្ពុជា។

លោក ហ៊ែនរី យីប បានមានប្រសាសន៍បែបនេះ នៅក្នុងពិធីសម្ពោធចេញលក់រថយន្ត BYD ស៊េរីថ្មីចុងក្រោយចំនួន ២ម៉ូឌែល ប្រើសាំង និងអគ្គិសនី នៅថ្ងៃទី៦ ខែមិនា ឆ្នាំ ២០២៥ នៅសណ្ឋាគារ Sun & Moon រាជធានីភ្នំពេញ។ លោក ហ៊ែនរី យីប បន្តថា ព្រឹត្តិការណ៍នេះមិនត្រឹមតែឆ្លុះបញ្ចាំងពីទំនុកចិត្តរបស់ BYD លើគុណភាពផលិតផលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីការប្តេជ្ញាចិត្តរយៈពេលវែងរបស់ម៉ាកយីហោ និងសេវាកម្មយ៉ាងដិតដល់ជូនដល់អ្នកប្រើប្រាស់នៅកម្ពុជាផងដែរ។

លោក យ៉ាង យ្យោវ ប្រធានតំណាងអាជីវកម្មក្រុមហ៊ុន harmony Auto ប្រចាំប្រទេសកម្ពុជា បានបញ្ជាក់ថា កម្ពុជាគឺជាទីផ្សារដ៏សំខាន់មួយរបស់ BYD នៅអាស៊ីអាគ្នេយ៍ ហើយដើម្បីបម្រើទីផ្សារក្នុងស្រុកឱ្យកាន់តែប្រសើរឡើង BYD និង Harmony Auto មិនត្រឹមតែបានរៀបចំគម្រោង Flagship Store ទំហំ ១៣.០០០ ម៉ែត្រការ៉េនៅលើមហាវិថីហ៊ុន សែន ក្នុងរាជធានីភ្នំពេញប៉ុណ្ណោះទេ ប៉ុន្តែក៏មានគម្រោងពង្រីកបណ្តាញអ្នកចែកចាយបន្ថែមទៀត និងបង្កើតមជ្ឈមណ្ឌលលក់ និងសេវាកម្មនៅក្នុងទីក្រុងជាច្រើននៅទូទាំងប្រទេសកម្ពុជាផងដែរ។

យោងតាមការលើកឡើងរបស់ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា នៅចុងឆ្នាំ២០២៥នេះ រោងចក្រផលិតរថយន្ដម៉ាក BYD នឹងចាប់ផ្តើមដំណើរការផលិតរថយន្តនៅកម្ពុជា ដែលសមត្ថភាពផលិតរថយន្ដ ១ម៉ឺនគ្រឿងក្នុងមួយឆ្នាំ។

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បន្ថែមថា នៅពេលសាងសង់រួចរាល់ រោងចក្រនេះនឹងអាចដំឡើងរថយន្ដចន្លោះពី ១ម៉ឺនគ្រឿងក្នុងមួយឆ្នាំ ដោយផលិតចំនួន ២ប្រភេទរថយន្ដ គឺរថយន្ដ BYD EV (អគ្គិសនីសុទ្ធ) និងរថយន្ដ BYD ដែលអាចប្រើប្រាស់ទាំងសាំង និងអគ្គិសនី។ ការបង្កើតរោងចក្រដំឡើង និងផលិតរថយន្តនៅកម្ពុជា គឺជាការធ្វើពិពិធកម្មសេដ្ឋកិច្ចដ៏សំខាន់មួយ៕

អត្ថបទ ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner