ឯកឧត្តម ខៀវ កាញារីទ្ធ បើកកិច្ចប្រជុំអន្តរក្រសួងលើកទី៤ ពិនិត្យលើសេចក្តី ព្រាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន
កិច្ចប្រជុំអន្តរក្រសួងលើកទី៤ ដើម្បីពិនិត្យលើសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន ដែលរៀបចំឡើងដោយ ក្រសួងព័ត៌មាន បានបន្តដំណើរការធ្វើការពិភាក្សាគ្នា ព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ ២០១៩ ក្រោមវត្តមាន ប្រធានអង្គប្រជុំ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងវត្តមានចូលរួមពីសំណាក់ឯកឧត្តម ជាអ្នកជំនាញផ្នែកច្បាប់មកពីក្រសួងគន្លឹះ តំណាងក្រុមប្រឹក្សាអ្នកច្បាប់ ទីស្តីការគណៈរដ្ឋមន្រ្តី និងក្រុមប្រឹក្សាសេដ្ឋកិច្ចសង្គម វប្បធម៏ ទីស្តីការគណៈរដ្ឋមន្រ្តី ដើម្បីធ្វើការពិនិត្យពិភាក្សាក្នុងការ ចូលរួមផ្តល់ធាតុផ្សុំ សម្រាប់សេចក្តី ព្រាងច្បាប់នេះឲ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយ តាមសមត្ថកិច្ចរបស់ក្រសួង ស្ថាប័នពាក់ពន្ធ័នីមួយៗ និងស្របតាមស្ថានភាពនយោបាយច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តមរដ្ឋមន្រ្តី ខៀវ កាញារីទ្ធ មានប្រសាសន៍បញ្ជាក់ថា កិច្ចប្រជុំអន្តរក្រសួងជាបន្តបន្ទាប់មកនេះ គឺដើម្បីស្វែងរកធាតុផ្សំសំខាន់ៗពីបណ្តា ក្រសួង ស្ថាប័ន ពាក់ពន្ធ័ សម្រាប់ដាក់បញ្ចូលទៅក្នុងសេចក្តីព្រាងច្បាប់ ស្តីពីសិទ្ធិទទួលព័ត៌មាន ដែលក្រសួងព័ត៌មាន ជាអ្នកធ្វើពង្រៀង ហើយច្បាប់នេះ ត្រូវបានរាជរដ្ឋាភិបាលប្រគល់ភារកិច្ចឲ្យក្រសួងព័ត៌មាន កាលពីខែវិច្ឆិកា ឆ្នាំ២០១៣ ដឹកនាំវេទិកាពិគ្រោះយោបល់ជាមួយ អ្នកសារព័ត៌មាន អង្គការ សង្គម ស៊ីវិល និងក្រសួង ស្ថាប័ន ពាក់ពន្ធ័ ដើម្បីរៀបចំតាក់តែង។
បន្ទាប់មក នៅក្នុងខែកុម្ភៈ ឆ្នាំ២០១៥ ក្រសួងព័ត៌មាន បានសហការជាមួយអង្គការយូណេស្កូ ប្រចាំកម្ពុជា ដោយបានបង្កើត ក្រុមការងារបច្ចេកទេស ហៅកាត់ថា TWG A 2 I ( អេ ធូ អាយ ) ហើយកិច្ច ពិភាក្សាកែសម្រួលសេចក្តីព្រាងច្បាប់នេះ សម្រាប់ក្រុមការងារ បច្ចេកទេស ទើបតែបញ្ចប់កាលពីពេល ឆ្នាំ២០១៨កន្លងទៅនេះ។ ប៉ុន្តែបើនិយាយជារួម ច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន កាលពីមុនដំបូង គឺក្រសួងទំនាក់ទំនងព្រឹទ្ធសភា រដ្ឋសភា និងអធិការកិច្ច ជាអ្នករៀបចំ តែក្រោយមក រាជរដ្ឋាភិបាលបានប្រគល់មកឲ្យក្រសួងព័ត៌មាន ជាអ្នករៀបចំម្តង។
ឯកឧត្តម មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការ និងប្រធានអនុគណៈកម្មការរៀបចំ តាក់តែង សេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន នៃក្រសួងព័ត៌មានបានធ្វើការបញ្ជាក់ជូនថា សេចក្តីព្រាងច្បាប់ នេះ គឺជាលទ្ធផលនៃការអភិវឌ្ឍក្របខណ្ឌ គតិយុត្តរបស់រាជរដ្ឋាភិបាល ដើម្បីគាំទ្រដល់គោលនយោបាយ នៃការធ្វើកំណែទម្រង់ប្រពន្ធ័រដ្ឋបាល និងអភិបាលកិច្ចល្អ ក្នុងការផ្តល់សេវាជូន ប្រជាពលរដ្ឋប្រកប ដោយប្រសិទ្ធភាព តម្លាភាព និងគណនេយភាព ស្របតាមយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋភិបាលកម្ពុជា៕ធ.ដ