ពិធីប្រកាសតំបន់ការធ្វើវិនិច្ឆ័យនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ឋ ស្ថិតក្នុងនៅបុរីឯករាជ្យ២ ភូមិព្រៃព្រីងខាងជើង២ និងភូមិជម្ពូវ័ន២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ ៖ ពិធីប្រកាសតំបន់ការធ្វើវិនិច្ឆ័យនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ឋ ស្ថិតក្នុងនៅបុរីឯករាជ្យ២ ភូមិព្រៃព្រីងខាងជើង២ និងភូមិជម្ពូវ័ន២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ក្រោមវត្តមានលោក ហែម ដារិទ្ឋ អភិបាលខណ្ឌពោធិ៍សែនជ័យ មន្រ្តីពាក់ព័ន្ឋ និងប្រជាពលរដ្ឋជាច្រើននាក់ទៀត នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ ។

លោក ប៉ិន ស៊ីនាថ ប្រធានការិយាល័យភូមិបាលសាលាខណ្ឌពោធិ៍សែនជ័យ បានឱ្យដឹងថា មូលហេតុដែលសាលារាជធានីភ្នំពេញ និងមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញ បានណែនាំឲ្យសាលាខណ្ឌពោធិ៍សែនជ័យ និងការិយាល័យរៀបចំដែនដីនគរូបនីយកម្ម សំណង់ និងភូមិបាលខណ្ឌពោធិ៍សែនជ័យ ធ្វើការបើកតំបន់វិនិច្ឆ័យនៅក្នុង បុរី ឯករាជ្យ២ នេះដោយសារប្រជាពលរដ្ឋកំពុងរស់នៅ ដែលបានទិញដី ផ្ទះ ពីបុរីភាគច្រើនពុំមានប្លង់រឹង ឬវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនៅឡើយទេ ។

ជាពិសេសដីនៅក្នុងបុរីនេះមានប័ណ្ណកម្មសិទ្ធិរួចហើយ ពុំអាចធ្វើលិខិតផ្ទេរកម្មសិទ្ធិតាមរយៈភូមិ សង្កាត់ ខណ្ឌបានឡើយ យោងលិខិតលេខ៣២៩/១៦ សណន ចុះថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦ របស់សាលារាជធានីភ្នំពេញ ។ ដូច្នេះចាំបាច់បងប្អូនប្រជាពរដ្ឋត្រូវធ្វើការចុះបញ្ជីដីធ្លីយកកម្មសិទ្ធិមកកាន់កាប់ និងប្រើប្រាស់ចាត់ចែងតាមច្បាប់កំណត់ ។ ស្របពេលនេះ រដ្ឋាភិបាលបានអនុគ្រោះពន្ធ ជូនដល់បងប្អូនប្រជាពលរដ្ឋបង់តែម្ដងចុងក្រោយ ទោះបីមានលិខិតផ្ទេសិទ្ធតៗគ្នាប៉ុន្មានដងក៏ដោយ ។

ក្នុងឱកាសនោះ លោក ហែម ដារិទ្ឋ មានប្រសាសន៍ថា ៖ ដើម្បីឆ្លើយតបទៅនឹងតម្រូវការ និងដំណោះស្រាយបាននូវបញ្ហាប្រឈមនានា ដែលកើតមានឡើងបណ្ដាលមកពីវិវាទដីធ្លី (រំលោភព្រំដី ដីសាធារណៈ ប្រឡាយ ស្រះ ផ្ទៃបឹង….) នៅក្នុងមូលដ្ឋាន ថ្ងៃនេះរដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំពិធីផ្សព្វផ្សាយសេចក្តីជូនដំណឹង ស្ដីពីការប្រកាសតំបន់វិនិច្ឆ័យ នៅក្នុងបុរីឯករាជ្យ២នេះ មានប័ណ្ណកម្មសិទ្ធិម្ចាស់ដើមចំនួន៥ប្លង់ គឺភូមិជម្ពូវ័នមាន៣ប្លង់ (ប្លង់លេខ០៥៣១ – ០៤១១ និង០៣៣៥) ភូមិព្រៃព្រីងខាងជើង២ មាន២ប្លង់ (ប្លង់លេខ០៥២៨ និង០៣៩៤) ចំនួន ៨៩២ក្បាលដី ស្មើនឹង៨៩២គ្រួសារ ក្នុងគោលបំណងផ្ដល់ព័ត៌មានដល់ប្រជាពលរដ្ឋដែលមានផ្ទះ/ដី ដែលពុំទាន់បានចុះបញ្ជីស្ថិតក្នុងតំបន់វិនិច្ឆ័យខាងលើ ឲ្យបានជ្រាបជាដំណឹងថា គណៈកម្មការរដ្ឋបាល នឹងធ្វើការចុះបញ្ជីនូវឯកសារនៃការវិនិច្ឆ័យ រួមមានប្លង់សូរិយោដី និងបញ្ជីឈ្មោះអ្នកកាន់កាប់ដី ដែលក្រុមប្រតិបត្តិកម្មធី នឹងចុះធ្វើការវាស់វែង និងប្រមូលទិន្នន័យ ។

គណៈកម្មការរដ្ឋបាលធ្វើការបូកសរុបទិន្នន័យ និងលើកសំណើផ្ដល់កម្មសិទ្ធិលើអចលនវត្ថុ ទៅរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីសម្រេចចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប័ណ្ណកម្មសិទ្ឋ) ជូនអ្នកកាន់កាប់ណា ដែលបានបំពេញគ្រប់លក្ខខណ្ឌតាមច្បាប់។ ឆ្លៀតក្នុងឱកាសនេះដែរ លោកអភិបាលខណ្ឌបានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ដែលបានមកចូលរួមក្នុងពិធីផ្សព្វផ្សាយសេចក្តីជូនដំណឹង ស្ដីពីការប្រកាសតំបន់វិនិច្ឆ័យនាថ្ងៃនេះ មេត្តាជួយផ្សព្វផ្សាយបន្តដល់អ្នកមានក្បាលដី នៅក្នុងភូមិទាំងពីរខាងលើ មេត្តាយកឯកសារពាក់ព័ន្ធទិន្នន័យក្បាលដីមកចុះបញ្ជីឲ្យបានគ្រប់គ្នា ដើម្បីជៀសវាងការទំនាស់ដីធ្លីទៅថ្ងៃក្រោយ ។

សូមបញ្ជាក់ផងដែរថា ចំពោះអចលនទ្រព្យណាដែលបានចុះបញ្ជី (មានប័ណ្ណកម្មសិទ្ធិ) ការផ្ទេរសិទ្ធិជាសមត្ថកិច្ចរបស់សូរិយោដី (បញ្ជាក់សំណុំឯកសារពីសង្កាត់) និងរាល់ឯកសារផ្ទេរកម្មសិទ្ធិកាន់កាប់អចលនទ្រព្យ ក្រោយថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៦ ការស្នើសុំចុះបញ្ជីដំបូង រដ្ឋបាលសូរិយោដីត្រូវបញ្ជូនរាល់សំណុំឯកសារទៅបង់ពន្ធប្រថាប់ត្រា នៅរដ្ឋបាលសារពើពន្ធ។ អចលនទ្រព្យដែលស្ថិតក្នុងតំបន់វិនិច្ឆ័យខាងលើ បានផ្ទេរសិទ្ធិកាន់កាប់ (ទិញ/លក់)ច្រើនដង តម្រូវឲ្យបង់ពន្ធប្រថាប់ត្រាតែ១លើកតែប៉ុណ្ណោះ គឺការផ្ទេរកម្មសិទ្ធិកាន់កាប់លើកចុងក្រោយ ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner