អភិបាលស្រុកសណ្តាន់ជំរុញដល់សហគមន៍ និងអំពាវនាវប្រជាពលរដ្ឋឈប់ជក់បារី ជាប្រយោជន៍កាត់បន្ថយការចំណាយថវិកា និងលើកកម្ពស់សុខមាលភាពយើងទាំងអស់គ្នា
ខេត្តកំពង់ធំ៖ អភិបាលស្រុកសណ្តាន់ ខេត្តកំពង់ធំ លោក ឡង គីស៊ឹង បានជំរុញដល់សហគមន៍ និងអំពាវនាវប្រជាពលរដ្ឋឈប់ជក់បារីទាំងអស់គ្នា ជាប្រយោជន៍កាត់បន្ថយការចំណាយថវិកា និងជួយលើកកម្ពស់សុខមាលភាពយើងទាំងអស់គ្នា។
ការអំពាវនាវរបស់អភិបាលស្រុកសណ្តាន់ និងមន្ត្រីអង្គការសង្គមស៊ីវិល ដែលជាអង្គការមួយគាំពារផ្នែកសុខភាពមាតា និងទារក នៅកម្ពុជា នៃគម្រោងអោប លោក កែន ចំរើន គឺបានធ្វើឡើងកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ ក្នុងឱកាសដែលរដ្ឋបាលស្រុកសណ្តាន់ ខេត្តកំពង់ធំ បានរៀបចំទិវាពិភពលោកគ្មានថ្នាំជក់ ៣១ឧសភា ឆ្នាំ២០១៩ ក្រោមប្រធានបទ «ថ្នាំជក់ និងសុខភាពសួត»។
ពិធីនេះ បានរៀបចំដោយអង្គការអាដ្រាកម្ពុជា ប្រចាំខេត្តព្រះវិហារ និងខេត្តកំពង់ធំ នៃគម្រោងអោប «គម្រោងថែទាំសុខភាពមាតា និងទារក តាមរយៈការថែទាំ និងការចូលរួមពីសហគមន៍» ឧបត្ថម្ភដោយកិច្ចការសកល នៃរដ្ឋាភិបាលកាណាដា និងអង្គការអាដ្រា កាណាដា ដោយមានការចូលរួមពី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស និងប្រជាពលរដ្ឋជាង៤០០នាក់ នៅក្នុងស្រុកសណ្តាន់ ខេត្តកំពង់ធំ។
អភិបាលស្រុកសណ្តាន់ លោក ឡង គីស៊ឹង បានអំពាវនាវដល់ប្រជាពលរដ្ឋ និងសហគមន៍ ឲ្យឈប់ជក់បារី និងឈប់ប្រើប្រាស់ផលិតផលថ្នាំជក់ទាំងអស់គ្នា ដើម្បីចូលរួមលើកកម្ពស់សុខភាពគ្រួសារ សុខមាលភាពសហគមន៍ និងជាការចូលរួមគាំទ្ររាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍប្រទេសជាតិ គឺអនុវត្តទិសស្លោក «កម្ពុជា គ្មានផ្សែងបារី»។ លោកបន្តថា នេះជាលើកទី២ ហើយដែលអាជ្ញាធរ និងអង្គការដៃគូរអភិវឌ្ឍន៍ បានធ្វើការផ្សព្វផ្សាយ អំពីផលិតផលថ្នាំជក់ ដែលទាក់ទងទៅនឹងផ្នែកសុខភាព និងសេដ្ឋកិច្ច។
លោកថា ការមិនប្រើប្រាស់ថ្នាំជក់ វាផ្តល់ប្រយោជន៍ច្រើនណាស់ ដល់យើងទាំងអស់គ្នា ជាពិសេស មិនប៉ះពាល់ដល់ស្ត្រី និងកុមារ ព្រោះនៅពេលស្ត្រីមានផ្ទៃពោះ ហើយស្រូបផ្សែងបារីពីគេនោះ នឹងធ្វើឲ្យកូនកើតមកមិនគ្រប់ខែ ឬមិនគ្រប់លក្ខណៈ។ លោកបានបញ្ជាក់ថា បើតាមទិន្នន័យរបស់វិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការឆ្នាំ២០១៤ បានបង្ហាញយ៉ាងច្បាស់ថា ប្រជាពលរដ្ឋកម្ពុជាជាង១៥លាននាក់ មានអ្នកប្រើប្រាស់ថ្នាំជក់ជាង ២លាននាក់។ បើតាមរបាយការណ៍បន្ថែម របស់ក្រសួងសុខាភិបាល ប្រទេសកម្ពុជា ក៏បានបាត់បង់ធនធានមនុស្សប្រមាណ១ម៉ឺននាក់ ជារៀងរាល់ឆ្នាំផងដែរ។
អនុប្រធានគម្រោងអោប ប្រចាំស្រុកសណ្តាន់ លោក កែន ចំរើន បានលើកឡើងថា ការបង្កើតឡើងនូវកម្មវិធីនេះ គឺមានគោលបំណង ដើម្បីបង្កើនចំណេះដឹងដល់ប្រជាពលរដ្ឋ នៅក្នុងសហគមន៍ ឲ្យយល់ដឹងអំពីផលប៉ះពាល់ដ៏ធ្ងន់ចំពោះសុខភាព ដោយសារការជក់បារី ចុកថ្នាំ ឬការប្រើប្រាស់ផលិតផលថ្នាំជក់ ជាពិសេស ចំពោះស្ត្រីមានផ្ទៃពោះ ឬកុមារតូចៗ ដែលស្រូបផ្សែងបារីពីគេនោះ។ លោកបានជំរុញ និងលើកទឹកចិត្តដល់ប្រជាពលរដ្ឋ និងអាណាព្យាបាល ក៏ដូចជាអ្នកថែទាំកុមារ ឲ្យលះបង់ចោលទម្លាប់ជក់ ឬចុកថ្នាំ ដែលមានពីមុនមក ដើម្បីសុខភាពខ្លួនឯង និងសុខភាពអ្នកដទៃ។
លោកបានឲ្យដឹងថា យោងតាមរបាយការណ៍ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក បានបញ្ជាក់ថា ផលិតផលថ្នាំជក់ មានផ្ទុកសារធាតុគីមីពុលចំនួន ៧ពាន់ប្រភេទ ដែលធ្វើឲ្យអ្នកប្រើប្រាស់កើតជំងឺផ្សេងៗ ជាច្រើន ដោយធ្វើឲ្យពិការភាព និងស្លាប់ ជាង៦លាននាក់ ជារៀងរាល់ឆ្នាំ នៅទូទាំងពិភពលោក។ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋ និងសហគមន៍ ត្រូវរួមគ្នាលុបបំបាត់ផ្សែងបារីនៅកម្ពុជា ចាប់ពីពេលនេះតទៅ៕ធ.ដ
ដោយ៖ឡុង សំបូរ