រដ្ឋបាលរាជធានីភ្នំពេញសហការជាមួយវិស័យឯកជនផ្តល់ប្រព័ន្ធចម្រោះទឹកស្អាត មួយគ្រឿងដល់វិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែនកោះដាច់
ថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការប្រព័ន្ធចម្រោះទឹកស្អាតនៅវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែនកោះដាច់នៅព្រឹកថ្ងៃទី២៩ ខែឧសភា លោកនួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ បានមានប្រសាសន៍ថា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សអាចបរិភោគទឹកស្អាតចេញពីប្រព័ន្ធចម្រោះនេះបានដោយគ្មានការបារម្ភអ្វីឡើយ ព្រោះទឹកស្អាតនេះបានចម្រោះដោយប្រព័ន្ធបច្ចេកវិទ្យាទំនើបដែលកម្ចាត់ជាតិពុល និងមេរោគគ្មានសល់ឡើយ។
លោកអភិបាលរងបានបញ្ជាក់ថា ការសម្រេចបំពាក់ប្រព័ន្ធចម្រោះទឹកស្អាតនេះឡើង គឺជាកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា និងអាជ្ញាធរដែនដី ដើម្បីលើកកម្ពស់សុខភាពសិស្សានុសិស្ស តាមរយៈមានទឹកស្អាតបរិភោគគ្រប់គ្រាន់ ធានាឲ្យសិស្សមានសុខភាពល្អហើយទៅសាលា រៀនបានទៀងទាត់។ លោកបានបញ្ជាក់ថា អាជ្ញាធរ នឹងពង្រីកការផ្តល់ប្រព័ន្ធទឹកស្អាតនេះទៅ សាលារៀនផ្សេងៗទៀត ដើម្បីជាគុណប្រយោជន៍របស់សិស្សានុសិស្សធានាឲ្យពួកគេមាន សុខភាពល្អបរិបូរណ៍ក្លាយជាធនធានមនុស្សដ៏សំខាន់សម្រាប់កិច្ចអភិវឌ្ឍន៍ជាតិនាពេលខាងមុខ។
លោក រស់ សោភា តំណាងក្រុមហ៊ុនកូកាកូឡាបានឲ្យដឹងថា ប្រព័ន្ធចម្រោះទឹកស្អាត ថ្មីនេះបានបន្សុទ្ធទឹកឲ្យមានភាពស្អាត១០០ភាគរយ ហើយតាមការពិសោធន៍នៅក្នុងឡាបូ ក៏បានបញ្ជាក់ពីភាពស្អាត និងសុវត្ថិភាពសម្រាប់អ្នកបរិភោគផងដែរ។ លោកបានបញ្ជាក់ថា ក្រោមកិច្ចសហការជាមួយសាលារាជធានីភ្នំពេញ ក្រុមហ៊ុននេះនឹងបន្តកម្មវិធីលើកកម្ពស់សុខភាព ការប្រើប្រាស់ទឹកស្អាត និងការថែរក្សាអនាម័យបរិស្ថាននៅតាមសាលារៀននានាមួយ ចំនួនទៀតក្នុងរាជធានីភ្នំពេញ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការជួយលើកកម្ពស់ សុខុមាលភាពសាធារណៈ ពិសេសសិស្សានុសិស្ស។
លោកលោក ពេជ ចាម នាយកវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែនកោះដាច់ បានឲ្យដឹងថា ប្រព័ន្ធចម្រោះទឹកស្អាតថ្មីនេះ បានជួយសម្រួលការលំបាក និងការចំណាយរបស់សិស្សានុសិស្ស ដោយពុំចាំបាច់យកទឹកស្អាតពីកផ្ទះដូចមុនឡើយ ហើយពួកគេក៏អាចយកទឹកពីសាលារៀននេះត្រឡប់ទៅផ្ទះវិញបានថែមទៀតផង។
សូមបញ្ជាក់ថា ប្រព័ន្ធចម្រោះទឹកស្អាតដែលបានបំពាក់នៅក្នុងវិទ្យាល័យប៊ុន រ៉ានី ហ៊ុនសែនកោះដាច់នេះ បានចំណាយថវិកាជាង១ម៉ឺន៥ពាន់ដុល្លារ ហើយបានបម្រើផលប្រយោជន៍ជូនសិស្សានុសិស្សជាង១១០០នាក់ និងប្រជាពលរដ្ឋដែលរស់នៅក្បែរសាលារៀននេះជាង២០០០នាក់បន្ថែមទៀត៕ធ.ដ