មន្ទីរបរិស្ថានខេត្តសៀមរាប បានរៀបចំដាំកូនឈើចម្រុះចំនួនប្រមាណជាង២០០០ដើម នៅឧទ្យានជាតិព្រះជ័យវរ្ម័នភ្នំគូលែន

អត្ថបទដោយ៖
Kien Sereyvuth

សៀមរាប៖ នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០នេះ មន្ទីរបរិស្ថានខេត្តសៀមរាប បានរៀបចំការដាំដើមឈើ ស្ថិតនៅភូមិតាពេញ ឃុំខ្នងភ្នំ ស្រុកស្វាយលើខេត្តសៀមរាប ដើម្បីស្តារគម្របបៃតង និងគម្របព្រៃឈើឡើងវិញឲ្យមានភាពបៃតង និងរក្សាបាននូវប្រភពទឹកក្រោមដី សម្រាប់ទ្រងទ្រង់គ្រឹះប្រាសាទនានានៅក្នុងខេត្តសៀមរាប។

ក្រោមអធិបតីភាពឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន ឯកឧត្តម អ៊ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្ត និងលោកពិន ប្រាកដ អភិបាលរងខេត្តសៀមរាប ដោយមានការចូលរួមពីសំណាក់ឯកឧត្ដម លោកជំទាវ លោក លោកស្រី ជាសមាជិកសមាជិកាក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំ មន្ទីរអង្គភាព ស្ថាប័ន អង្គការដៃគូ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋាន យុវជន សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ ព្រមទាំងប្រជាពលរដ្ឋប្រមាណជាង៣០០នាក់។

លោក ស៊ុន គង់ ប្រធានមន្ទីរបរិស្ថានខេត្តសៀមរាបមានប្រសាន៍ថា ឧទ្យានជាតិ ព្រះជ័យវរ្ម័នភ្នំគូលេន ត្រូវបានបង្កើតឡើងដោយ ព្រះរាជក្រិត្យចុះថ្ងៃទី០១ ខែវិច្ចិកា ឆ្នាំ១៩៩៨ ដែលមានផ្ទៃក្រឡា ៣៧៥០០ហិតា ដែលស្ថិតនៅក្នុងស្រុកចំនួន០៤ គឺស្រុកស្វាយលើ ស្រុកបន្ទាយស្រី ស្រុកវ៉ារិន និងស្រុកសូទ្រនិគម ហើយបច្ចុបន្ននេះ មន្ទីរបាននិងកំពុង អនុវត្តន៍ការងារចំបងៗ ដែលបានកំណត់ដោយក្រសួងបរិស្ថានផងដែរ។

មានប្រសាសន៍ក្នុងឱកាសនោះ លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប បានបង្ហាញថា ការដាំដើមឈើឡើងវិញនេះ ពិតជាមានសារៈប្រយោជន៍ សម្រាប់បំផុស្មារតីប្រជាពលរដ្ឋយើង ឲ្យចេះស្រឡាញ់ព្រៃឈើ និងចូលរួមដាំដើមឈើឡើងវិញ និងចូលរួមទប់ស្កាត់ការប្រែប្រួលអាកាសធាតុ។

សរុបមកពិធីដាំកូនឈើនៅថ្ងៃនេះ និងការចូលរួមយ៉ាងច្រើនកុះករ បាននឹងកំពុងឆ្លុះបញ្ចាំងនូវ ការភ្ញាក់រលឹករបស់សហគមន៍យើងទាំងមូល ក្នុងការប្រឈមមុខដោះស្រាយចំពោះការបាត់បង់ព្រៃឈើ និងជាស្មារតីម្ចាស់ការក្នុងការទទួលខុសត្រូវ លើការគ្រប់គ្រងធនធានធម្មជាតិ អនាគតភូមិ ឃុំ និងជាជោគវាសនានៃមាតុភូមិយើង ជាពិសេសសម្រាប់កូនចៅជំនាន់ក្រោយ ដើម្បីឱ្យខេត្តសៀមរាបរបស់យើងរក្សាបាននូវគម្របបៃតងស្រស់ ហើយវាមានតួនាទីយ៉ាងសំខាន់ក្នុងការជួយថែរក្សាលំនឹងនៃការប្រែប្រួលអាកាសធាតុ ដែលព្រៃឈើ នឹងបរិស្ថានធម្មជាតិ តាមរយៈការជួយធ្វើនិយ័តកម្មអាកាសធាតុ ជួយកាត់បន្ថយឥទ្ធិពលអវិជ្ជមាននៃការប្រែប្រួលអាកាសធាតុ និងទប់ទល់នឹងគ្រោះរាំងស្ងួត ទឹកជំនន់ ខ្យល់ព្យុះ ។ល។ និង។ល។

ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថានបានលើកឡើងថា ការដាំកូនឈើឡើងវិញនៅក្នុង ឧទ្យានជាតិ ព្រះជ័យវរ្ម័ននេះ គឺជាការគិតគូរបស់ក្រសួងអំពីនិរន្តភាពបរិស្ថាន និងសេវាកម្ម អេកូឡូស៊ីជាពិសេសគឺស្ថានភាពទឹក។ ដោយសារបច្ចុប្បន្ននេះ ស្ថានភាពទឹកក្រោមដីមានការប្រែប្រួលច្រើន ដោយបរិមាណទឹក មានការ ថយចុះ ឬរីងហួតមុនកាលកំណត់ ធ្វើអោយប៉ះពាល់ដល់វិស័យកសិកម្ម និងកង្វះខាតទឹកប្រើប្រាស់ប្រចាំថ្ងៃ ដែលប្រជាពលរដ្ឋបានលើកឡើងពីបញ្ហាប្រឈមទាំងនោះ។

ឯកឧត្តមបានបន្តទៀតថា ទន្ទឹមនឹងនោះព្រៃឈើ ក៏ផ្តល់នូវសេវាកម្មគាំពារបរិស្ថានជាច្រើនទៀត ដូចជាការការពារទីជម្រាល ការទប់ស្កាត់ការហូរច្រោះដី ការធ្វើឱ្យប្រសើរឡើងនៃគុណភាពដី និងផ្តល់នូវ ផល-អនុផលព្រៃឈើជាច្រើនអនេកដល់ប្រជាពលរដ្ឋ ជាពិសេសរួមចំណែកដល់ការកាត់បន្ថយភាពក្រីក្រ របស់សហគមន៍នៅជនបទផងដែរ។ គួររំលឹកផងដែរថា ការដាំកូនឈើ ដើម្បីស្តារព្រៃឈើចម្រុះនៅលើខ្នងភ្នំគូលែននេះ មានកូនឈើប្រមាណ២០០០ដើម ដោយធ្វើការដាំដុះលើផ្ទៃដីចំនួនជាង២ហិតាបន្ថែមទៀត៕ ដោយ៖ ស៊ាន សុផាត

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner