ខ្មាន់កាំភ្លើង២នាក់ បានបាញ់ស្ត្រីម្នាក់ចំភ្លៅ បណ្តាលឲ្យរងរបួសធ្ងន់ នៅក្នុងក្លឹប «លុច្សសារី»

អត្ថបទដោយ៖
Kien Sereyvuth

   ភ្នំពេញ  ៖ យោងតាមរបាយការណ៍របស់សមត្ថកិច្ចខណ្ឌដូនពេញ បានឲ្យដឹងថា មានស្ត្រីម្នាក់ត្រូវបានក្រុមខ្មាន់កាំភ្លើង២នាក់ បាញ់ចំភ្លៅបណ្តាលឲ្យរងរបួសធ្ងន់ នៅយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ ក្នុងក្លឹប «លុច្សសារី» ផ្ទះលេខ៥៣ ផ្លូវ២១៤ ភូមិ៥ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
   សមត្ថកិច្ចបានឲ្យដឹងទៀតថា ករណីផ្ទុះអាវុធបណ្តាលឲ្យរងរបួសនារីម្នាក់នេះ ជនរងគ្រោះមានឈ្មោះ នឹម លីណា អាយុ២៩ឆ្នាំ មុខរបរលក់ដូរ ទីលំនៅផ្ទះលេខ៥៣ ផ្លូវ៣៣៨ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ ត្រូវរងរបួសចំភ្លៅខាងស្តាំចំនួន០១គ្រាប់ ហើយបច្ចុប្បន្ននេះ  ជនរងគ្រោះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត។
    ចំណែកឯខ្មាន់កាំភ្លើងទាំង២នាក់នោះ សមត្ថកិច្ចមិនទាន់កំណត់អត្ដសញ្ញាណបាននៅឡើយទេ ដោយគ្រាន់តែបញ្ជាក់ថា អាយុប្រហែល៣០ឆ្នាំ បានប្រើប្រាស់អាវុធខ្លីមិនស្គាល់ម៉ាក ចំនួន០២ដើម (ម្នាក់ដើម) ធ្លាប់ទំនាក់ទំនងដើរលេងស្គាល់គ្នាជាមួយជនរងគ្រោះ។
    សមត្ថកិច្ចបានអះអាងទៀតថា ករណីផ្ទុះអាវុធបណ្ដាលឲ្យមានអ្នករងរបួសខាងលើនេះ គឺផ្តើមចេញពីការប្រច័ណ្ឌ ហើយរហូតមកដល់ពេលនេះ កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ សហការជាមួយសមត្ថកិច្ចជំនាញពាក់ព័ន្ធ កំពុងធ្វើការស្រាវជ្រាវតាមចាប់ជនសង្ស័យ ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់ ៕

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner