រដ្ឋសភាកម្ពុជា-វៀតណាម ប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការទាំងទ្វេភាគី និងពហុភាគី

ក្នុងថ្ងៃទី១ នៃដំណើរទស្សនកិច្ចនៅប្រទេសវៀតណាម នៅរសៀលថ្ងៃទី២៨ ខែឧសភា  ឆ្នាំ២០១៩  សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានជួបសវនាការ និងពិភាក្សាការងារជាមួយ លោកជំទាវ ង្វៀន ធីគីមងិន (Nguyen Thi Kim Ngan)  ប្រធានរដ្ឋសភាវៀតណាម នៅវិមានរដ្ឋសភាវៀតណាម ដើម្បីពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាប្រទេសទាំងពីរ ឲ្យរឹងមាំនិងគ្រប់ជ្រុងជ្រោយទាំងនៅក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានជម្រាបប្រធានរដ្ឋសភាវៀតណាមថា រដ្ឋសភាកម្ពុជានៅក្នុងនីតិកាលទី៦បានកំពុងបន្តពង្រឹង និងពង្រីកទំនាក់ទំនងការទូតសភាតាមរយៈសកម្មភាពចូលរួមក្នុងវេទិកាសភា អន្តរជាតិនានា សំដៅរួមចំណែកលើកកំពស់ថែរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅក្នុងក្របខ័ណ្ឌតំបន់ និងសកលលោក។ ជាក់ស្តែងនៅឆ្នាំ២០២០ ខាងមុខនេះ សភាកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប លើកទី១១។ សម្តេចបានមានប្រសាសន៍បន្តថា រដ្ឋសភាកម្ពុជា បានពង្រីកបន្ថែមទៀត នូវក្រុមមិត្តភាពសភាកម្ពុជា ជាមួយបណ្តាសភាប្រទេសជាមិត្តក្នុងតំបន់ និងសកលលោក តាមការស្នើសុំពីសភាប្រទេសជាមិត្តភាព និងភាពចាំបាច់របស់រដ្ឋសភាកម្ពុជាខ្លួនឯង។  រដ្ឋសភាកម្ពុជាបានបង្កើតក្រុមសភាជាតិកម្ពុជា នៃអ្នកនយោបាយសភាស្រ្ដី តាំងពីឆ្នាំ២០១៥ សម្រាប់ជាសេនាធិការរបស់រដ្ឋសភា ក្នុងគោលដៅអនុវត្ដគោលនយោបាយ លើកកម្ពសសមភាពយេឌ័រ និងផ្ដល់ភាពអង់អាចដល់ស្រ្ដី ចូលរួមក្នុងវិស័យនយោបាយ និងសកម្មភាពសង្គមគ្រប់កម្រិត។ ចំពោះទំនាក់ទំនងរវាងរដ្ឋសភាកម្ពុជានិងវៀតណាម សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា រដ្ឋសភានៃប្រទេសទាំងពីរ បានបង្កើនកិច្ចសហប្រតិបត្តិការ ជាមួយគ្នាបានយ៉ាងល្អប្រសើរ ដើម្បីផ្លាស់ប្តូរបទពិសោធន៍លើការងារសភា ទាំងក្នុងកម្រិតថ្នាក់ដឹកនាំ គណៈកម្មការជំនាញ និងមន្រ្តីបច្ចេកទេស នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា។ រដ្ឋសភាកម្ពុជាបានគាំទ្រគ្នាទៅវិញទៅមក ក្នុងវេទិកាអន្តរសភា។

លោកជំទាវ ង្វៀន ធីគីមងិន បានគំាទ្រប្រសាសន៍លើកឡើងរបស់សម្តេចប្រធានរដ្ឋសភា  និងបានប្តេជ្ញាចិត្តថានឹងខិតខំជំរុញទំនាក់ទំនងប្រទេស និងរដ្ឋសភានៃប្រទេសទាំងពីរដែលមានតាំងពីយូរលុងនិងជាប្រពៃណីស្រាប់នេះ ឲ្យកាន់តែរឹងមាំឡើង។ លោកជំទាវ បានគូសបញ្ជាក់ថា ក្នុងការគាំទ្រគ្នាទៅវិញទៅមក ក្នុងផលប្រយោជន៍សកល ក៏ដូចជាផលប្រយោជន៍រវាងប្រទេសទាំងពីរ លោកជំទាវនឹងលៃលកពេលវេលាដើម្បីមកចូលរួមកិច្ចប្រជុំ ភាពជាដៃគូសភាអាស៊ី-អឺរ៉ុប (ASEP) លើកទី១១  ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២០ ខាងមុខនោះ។ លោកជំទាវបានជម្រាប  សម្តេចប្រធានរដ្ឋសភាដែរថា នៅក្នុងឆ្នាំ២០២០នោះ ប្រទេសវៀតណាមនឹងទទួលធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ាននិងកិច្ចប្រជុំអន្តរសភាអាស៊ាន(អាយប៉ា)ផងដែរ។ លោកជំទាវ ង្វៀន ធីគីមងិន បានស្នើសុំរដ្ឋសភាកម្ពុជាគំាទ្រ និងចូលរួមកិច្ចប្រជុំខាងលើនេះដែរ។

នៅក្នុងការពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាប្រទេសទាំងពីរ លោកជំទាវប្រធានរដ្ឋសភា សំណូមពរសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ជំរុញការផ្លាស់ប្តូរទស្សនកិច្ចរវាងសមាជិករដ្ឋសភាវ័យក្មេង និងសមាជិករដ្ឋសភាស្រ្តី រួមនិងការផ្លាស់ប្តូរ ចែករំលែកបទពិសោធន៍រវាងគណៈកម្មការជំនាញគ្រប់វិស័យ និងនៅក្នុងកម្រិតអគ្គលេខាធិការដ្ឋានផងដែរ ពិសេសការបន្តជំរុញដល់ដំណើរការរៀបចំសន្និសីទប្រចំាឆ្នាំរវាងគណៈកម្មការសេដ្ឋកិច្ច គណៈកម្មការកិច្ចការបរទេស និងគណៈកម្មការការពារជាតិ រវាងរដ្ឋសភាកម្ពុជា ឡាវ និងវៀតណាម ឲ្យបានទៀងទាត់ដើម្បីគាំទ្រនិងជំរុញដល់ការអភិវឌ្ឍតំបន់ត្រីកោណអភិវឌ្ឍន៍ដែលរដ្ឋាភិបាលកម្ពុជា ឡាវ និងវៀតណាមបានបង្កើតឡើងនោះ។
ប្រធានរដ្ឋសភាវៀតណាម បានស្នើសុំភាគីកម្ពុជាជួយសម្រួលដល់ការងារស្វែងរកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម នៅក្នុងប្រទេសកម្ពុជាដើម្បីធ្វើមាតុភូមិនិវត្តន៍មកកាន់ប្រទេសវៀតណាមវិញ។
លោកជំទាវ ង្វៀន ធីគីមងិន បានមានជំនឿយ៉ាងមុតមាំថា ក្រោមម្លប់ដ៏ត្រជាក់របស់ព្រះករុណា  ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងក្រោមការដឹកនាំរដ្ឋសភារបស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងការដឹកនាំរាជរដ្ឋាភិបាល របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រទេសនិងប្រជាជនកម្ពុជានឹងទទួលបានសមិទ្ធផលថ្មីៗបន្តបន្ទាប់ទៀត។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដ៏ធំធេង ដែលរដ្ឋាភិបាល និងប្រជាជនវៀតណាម សម្រេចបាន ក្នុងការកសាងអភិវឌ្ឍសេន៍ដ្ឋកិច្ចសង្គមរីកចម្រើន ជឿនលឿនយ៉ាងឆាប់រហ័ស ស្របតាមទិសដៅ នៃមហាសន្និបាតលើកទី១២ របស់បក្សកុម្មុយនីស្តវៀតណាម។ សម្តេចបានអគុណដល់ការគំាទ្ររបស់ប្រទេសវៀតណាមចំពោះកម្ពុជា ពិសេសរដ្ឋសភាកម្ពុជា រាប់តំាងពីការជួយបណ្តុះបណ្តាលធនធានមនុស្ស និងជំនួយអគាររដ្ឋបាលក្នុងទឹកប្រាក់  ២៥លានដុល្លារដែលនឹងលេចជារូបរាងនៅពេលខាងមុខនេះ។

បន្ទាប់មកសម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងលោកជំទាវ ង្វៀន ធីគីមងិន បានចុះហត្ថលេខាលើឯកសារអនុស្សរណៈយោគយល់គ្នារវាងរដ្ឋសភាប្រទេសទាំងពីរ និងបានអញ្ជើញជាអធិបតីភាព ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការរវាងអគ្គលេខាធិការដ្ឋានរដ្ឋសភាកម្ពុជា និងវៀតណាម ដែលចុះហត្ថលេខាដោយ ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភាកម្ពុជា និងឯកឧត្តម ង្វៀន ហាញ់ហ្វុក ប្រធានខុទ្ទកាល័យរដ្ឋសភាវៀតណាមផងដែរ៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner