សាខាកាំកុងត្រូលខេត្តសៀមរាប បន្តចុះត្រួតពិនិត្យនៅតាមទីផ្សារនានា នៅក្នុងក្រុងសៀមរាប

អត្ថបទដោយ៖
Kien Sereyvuth

សៀមរាប៖ មិនមែនជាលើកទី១នោះទេ ចំពោះគ្រឿងឧបភោគបរិភោគប្រចាំថ្ងៃ សម្រាប់ប្រជាពលរដ្ឋទូទៅ នៅតែជារឿងសំខាន់មិនអាចខ្វះបានឡើយ ទើបសាខាកាំកុងត្រូលខេត្តសៀមរាប បានចុះត្រួតពិនិត្យនៅតាមទីផ្សារនានានៅក្នុងក្រុងសៀមរាបជាបន្តបន្ទាប់ និងបានអប់រំណែនាំដល់បងប្អូនប្រជាពលរដ្ឋ ឬអាជីវករ ដើម្បីឲ្យពួកគាត់បានយល់ដឹងពីរបៀបប្រើប្រាស់ ចេះរៀបចំទុកដាក់ និងវេចខ្ចប់ឲ្យបានល្អប្រសើរ ប្រកបដោយអនាម័យខ្ពស់មុននឹងទិញ ឬដាក់តាំងលក់នៅតាមទីផ្សារផងដែរ។ ជាក់ស្តែងនៅរសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩នេះ ដោយមានកិច្ចសហការពីមន្ទីរពាណិជ្ជកម្ម អាជ្ញាធរដែនដី និងគណៈគ្រប់គ្រងផ្សារ បានចុះប្រតិបត្តិការត្រួតពិនិត្យទៅលើភាពមិនប្រក្រតី នៃទំនិញម្ហូបអាហារទាំងនោះ នៅផ្សារទំនើបត្រីកោណ និងផ្សារម៉ាត ចៅ សាំង ហុក ស្ថិតនៅភូមិតាភុល សង្កាត់ស្វាយដង្គំ ក្នុងក្រុងសៀមរាប ខេត្តសៀមរាប។

មានប្រសាសន៍នាឱកាសចុះប្រតិបត្តិការណ៍នោះ លោក ព្រៅ ខេមរិទ្ធ ប្រធានសាខាកាំកុងត្រូលសៀមរាបថា ដើម្បីការពារឲ្យមានសុវត្ថិភាពដល់សុខភាពរបស់បងប្អូនប្រជាពលរដ្ឋនោះ ដូច្នេះ មន្រ្តីកាំកុងត្រូលរបស់យើងនៅតែបន្តចុះប្រតិបត្តិការត្រួតពិនិត្យស្វែងរកទៅលើរបស់ដែលមានភាពមិនប្រក្រតី នៃម្ហូបអាហារទាំងនោះជាប្រចាំ។ មន្ត្រីជំនាញបានធ្វើការចុះត្រួតពិនិត្យទំនិញម្ហូបអាហារ ខូចគុណភាព និងហួសសុពលភាព នៅតាមទីផ្សារផ្សេងៗ នៅក្នុងខេត្តសៀមរាបជាច្រើនលើកច្រើនសារួចមកហើយ។ ជាពិសេសត្រូវផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្ស ឱ្យបានយល់ដឹងពីសារសំខាន់នៃការមើលទំនិញ និងការរៀបចំដាក់តាំងលក់ឱ្យបានត្រឹមត្រូវ និងលើកកម្ពស់សុខុមាភាពជូនប្រជាពលរដ្ឋ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលឱ្យមានប្រសិទ្ធភាពខ្ពស់។

លោកបានបន្តទៀតថា យើងបានធ្វើការចុះផ្ទាល់ និងណែនាំផ្ទាល់ ដល់បងប្អូនអាជីវករ និងប្រជាពលរដ្ឋ ក្នុងការចូលរួមទប់ស្កាត់ទំនិញដែលគ្មានការអនុញ្ញាត គ្មានផ្លាកសញ្ញាត្រឹមត្រូវ និងទំនិញខូចគុណភាព ហួសសុពលភាព កុំឱ្យមានចរាចរណ៍ដាក់តាំងលក់នៅលើទីផ្សារ ដែលអាចធ្វើឲ្យមានផលប៉ះពាល់ដល់សុខភាព ខាតបង់ទាំងថវិកា និងពេលវេលាថែមទៀតផង។

លោកបញ្ជាក់ថា ម្ហូបចំណីអាហារ និងគ្រឿងកំប៉ុងផ្សេងៗ ដែលបានដាក់តាំងលក់នៅក្នុងផ្សារទំនើបត្រីកោណ និង ផ្សារម៉ាត ចៅ សាំង ហុក ក្នុងក្រុងសៀមរាបនេះ បន្ទាប់ពីបានត្រូតពិនិត្យនឹងធ្វើតេស្តរួចមក គឺនៅផ្សារទំនើបត្រីកោណនោះ បានដកហូតទំនិញផុតកំណត់ហួសកាលបរិច្ឆេទដូចជា៖ (Hot Dog) សាច់ក្រក សាច់មាន់មានចំណុះ ៥០០g គុណនឹង ៥កញ្ចប់ និង ការ៉េម (Melon) របស់ថៃ មានចំណុះ៦០g គុណនឹង ២៣កញ្ចប់ សរុបទាំងអស់ ៤គីឡូក្រាម គិតទាំងសំបក។ ដោយឡែកនៅម៉ាត ចៅ សាំង ហុក វិញមន្ត្រីជំនាញ់ក៏បានដកហូតផងដែរ ចំពោះទំនិញផុតកាលបរិច្ឆេទដូចជា៖ នំប៉ាវចំណុះ៣៦០g គុណនឹង១៧កញ្ចប់ (Hot Dog) សាច់ក្រក សាច់ជ្រូកមានចំណុះ ១kg គុណនឹង ២កញ្ចប់ យ៉ាអួរមានចំណុះ១៣៥g គុណនឹង ២កំប៉ុង សរុបបរិមាណទាំងអស់៩,២kg ទំនិញទាំងអស់នេះ ត្រូវបានមន្ត្រីជំនាញរបស់យើងដកហូតយកទៅរក្សាទុកនៅមន្ទីររបស់ខ្លួន ដើម្បីធ្វើការកម្ទេចចោលនៅពេលក្រោយ៕ធ.ដ

ដោយៈ ស៊ាន សុផាត

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner