មេបញ្ជាការសឹករងខេត្តកំពង់ឆ្នាំង ព្រមានចំពោះបុគ្គលណាដែលប៉ុនប៉ង រំលោភយកដីសមាគមអតីតយុទ្ធកម្ពុជា ត្រូវបញ្ឈប់សកម្មភាពជាបន្ទាន់
កំពង់ឆ្នាំង៖ ដីសមាគមអតីតយុទ្ធជនចំនួន៣០០ហិកតា ដែលកកំពុងគ្រប់គ្រងដោយតំបន់ប្រតិបត្តការសឹករងខេត្តកំពង់ឆ្នាំងគ្រប់គ្រងរាល់ថ្ងៃនេះ ត្រូវបានមេបញ្ជាការសឹករងខេត្តកំពង់ឆ្នាំង លោកឧត្តមសេនីយ៍ទោ ធន ធឿន និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ឆ្នាំង បានធ្វើការព្រមាន ចំ ពោះបុគ្គលមួយចំនួនដែលប៉ុនប៉ងរំលោភយកដីសមាគមអតីតយុទ្ធកម្ពុជា ដោយគ្មានការអនុញ្ញាត និងខុសច្បាប់ គឺត្រូវបញ្ឈប់សកម្មភាពជាបន្ទាន់ បើមិនដូច្នោះទេ ត្រូវប្រឈមមុខ ចំពោះផ្លូវច្បាប់។
ការព្រមានខ្លាំងៗបែបនេះ បានធ្វើឡើងកាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ នៅពេលដែលលោក រួមជាមួយនឹងលោកនាយសេនាធិការរង លោកមេបញ្ជាការផ្នែកសឹករងស្រុកសាមគ្គីមានជ័យ លោក អភិបាលរងស្រុក កម្លាំងកងរាជអាវុធស្រុក កម្លាំងនគរបាលមូលដ្ឋាន និងក្រុមការងារ បានចុះទៅកាន់ស្រុកសាមគ្គីមានជ័យ ដើម្បីចុះធ្វើការត្រួតពិនិត្យលើការងារ ការកាយកំណត់ព្រំដីសម្បទានសង្គមកិច្ចរបស់សមាគមអតីតយុទ្ធជនកម្ពុជាជាបន្តទៀត និងចុះទប់ស្កាត់ និងធ្វើការណែនាំដល់ជនដែលបាន មកសាងសង់ផ្ទះ និងធ្វើរបងកាន់កាប់ដី នៅលើដីរបស់សមាគមអតីតយុទ្ធជនខេត្ត។
ក្រោយការចុះពិនិត្យរួចមក លោកមេបញ្ជាការ បានណែនាំដល់មន្រ្តីជំនាញឱ្យ រៀបចំធ្វើផែនការ ធ្វើការបែងចែកជាប្លង់មេមួយ ក្នុងការរៀបចំសាងសង់ផ្ទះជូនអតីតយុទ្ធជន និងបានផ្តាំផ្ញើដល់ស្ថាប័ន និងកងកម្លាំង ដែលពាក់ព័ន្ធទាំងអស់ ត្រូវសហការគ្នាបន្តកិច្ចការងារនេះ ឱ្យបានរលូន និង ប្រកបដោយភាពជោគជ័យ តទៅថ្ងៃខាងមុខទៀត៕ធ.ដ
ដោយៈ សុក្ខារិន