ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី៖ នយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោ គឺជាមូលដ្ឋានគ្រឹះ និងជាដើមចម នៃការឯកភាពជាតិពេញផ្ទៃប្រទេស នាំមកនូវសុខសន្តិភាព សេរីភាព វិបុលសុខ ជូនប្រទេសជាតិ និងប្រជាជនកម្ពុជា

អត្ថបទដោយ៖
Kien Sereyvuth

កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកជើងព្រៃ បានរៀបចំពិធីប្រកាសកែសម្រួលសេចក្តីសម្រេចក្រុមការងារថ្នាក់កណ្តាល ថ្នាក់ខេត្ត ថ្នាក់ស្រុក ថ្នាក់ឃុំ នៃស្រុកជើងព្រៃ ខេត្តកំពង់ចាម ក្រោមអធិបតីភាពឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី សមាជិកអចិន្ត្រៃយ៏គណៈកម្មាធិកាកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមកាងារថ្នាក់កណ្តាលចុះជួយខេត្តកំពង់ចាម។

នៅក្នុងឱកាសនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានមានប្រសាសន៍ថា នយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី គឺជាមូលដ្ឋានគ្រឹះ និងជាដើមចមនៃការឯកភាពជាតិពេញផ្ទៃប្រទេស នាំមកនូវសុខសន្តិភាព សេរីភាព វិបុលសុខ ជូនប្រទេសជាតិ និងប្រជាជនកម្ពុជា ហើយវាក៏គឺជាបុរេលក្ខខណ្ឌនៃការអភិវឌ្ឍជាតិលើគ្រប់វិស័យ។ ឯកឧត្តម ក៏បានអបអរសាទរចំពោះប្រធានគណបក្សស្រុកជើងព្រៃ និងអនុប្រធាន ព្រមទាំងប្រធាន អនុប្រធានក្រុមការងារចុះជួយឃុំទាំង១០ ដែលទើបបានកែសម្រួល និងតែងតាំងថ្មីស្របតាមសភាពការណ៍ជាក់ស្តែង។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានផ្តល់នូវការណែនាំមួយចំនួនដូចជា ត្រូវគោរពតាមលក្ខន្តិកៈ រចនាសម្ព័ន្ឋ និងសេចក្តីសម្រេចរបស់មហាសន្និបាតគណបក្សប្រជាជនកម្ពុជា ពង្រឹងនិងពង្រីកសមាជិកបក្សទាំងបរិមាណ និងគុណភាព ក្តាប់ឲ្យបាននូវឧបាយកល និងចលនាបំផ្លិចបំផ្លាញរបស់ក្រុមឧទ្ទាម ពិសេសការធ្វើបដិវត្តន៍ពណ៌ ធ្វើឲ្យប្រទេសជាតិមានភាពវឹកវរ បំផ្លាញសេចក្តីសុខសាន្តរបស់ប្រជាពលរដ្ឋ ត្រូវពង្រឹងមូលដ្ឋានដើម្បីបញ្ជាក់ពីគុណភាពនៃការងារបក្ស រក្សាខ្សែរក្រវាត់បក្សឲ្យនៅគង់វង្ស និងពង្រីកបន្ថែមទៀត។

មិនត្រូវឱនក្បាល ដោយយកអធិបតេយ្យភាព និងឯករាជ្យជាតិទៅដូរជាមួយនឹងជំនួយ ឬភាពអនុគ្រោះណាមួយជាដាច់ខាត ហើយបើ EBA ត្រូវបានគេផ្តាច់ នោះមានន័យស្មើនឹងសម្លាប់អតីគណបក្សប្រឆាំង ព្រោះធ្វើឲ្យប្រជាជនយល់កាន់តែច្បាស់ពីគំនិតអាក្រក់ និងសកម្មភាពបំផ្លិចបំផ្លាញជាតិ និងជីវភាពរស់នៅសម្បូរសប្បាយរបស់ប្រជាពលេដ្ឋ ដែលក្រុមអតីតបក្សប្រឆាំងធ្លាប់ធ្វើកន្លងមក ដូចជាបានស្នើសុំឲ្យបរទេសផ្តាច់ជំនួយមកកម្ពុជា សុំកុំឲ្យអន្តរជាតិទិញទំនិញពីកម្ពុជា និងកុំមកវិនិយោគនៅកម្ពុជាជាដើម។ល។ គណបក្សប្រជាជន កើតចេញពីប្រជាជន ដើម្បីប្រជាជន និងរួមសុខ រួមទុក្ខជាមួយប្រជាជន។

គួរបញ្ជាក់ផងដែរថា នៅក្នុងពិធីនដែរ ឯកឧត្តម កៅ សុខអាន អនុប្រធានគណបក្សប្រជាជនកម្ពុជាខេត្ត បានឡើងអានសេចក្តីសម្រេចស្តីការកែសម្រួលក្រុមការងារថ្នាក់កណ្តាល ថ្នាក់ខេត្ត ថ្នាក់ស្រុក ថ្នាក់ឃុំ នៃស្រុកជើងព្រៃ ខេត្តកំពង់ចាម ក្នុងនោះ ឯកឧត្តម ម៉ា ឈឿន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ត្រូវបានតែងតាំងជាប្រធានក្តាប់រួមក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកជើងព្រៃ រួមនឹងអនុប្រធានជាច្រើនរូបទៀត ព្រមទាំងបានប្រកាសតែងតាំងប្រធាន អនុប្រធានក្រុមការងារចុះជួយឃុំទាំង១០នៃស្រុកជើងព្រៃ រួមទាំងបង្កើតក្រុមការងារបូកសរុប ក្រុមការងារត្រួតពិនិត្យ និងបណ្តុះបណ្តាល និងក្រុមការងារគ្រប់គ្រង ពង្រឹង និងពង្រីកសមាជិកបក្សតាមបច្ចេកវិទ្យា IT ផងដែរ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner