បំបែកសំណុំរឿងចាប់ជំរិតនៅប៉ោយប៉ែត ឃាត់ខ្លួនមេខ្លោងជនជាតិចិនពីរនាក់
បន្ទាយមានជ័យ៖ មេខ្លោងជនជាតិចិន បានបង្ខាំងជំរិតទារប្រាក់ពីជនជាតិចិនដូចគ្នា ប៉ុន្តែត្រូវកម្លាំងនគរបាលចម្រុះបំបែកសំណុំរឿង និងបានរំដោះចំណាប់ខ្មាំងជាជនជាតិចិនដូចគ្នាចំនួន៤នាក់ និងឃាត់ខ្លួនមេខ្លោងជាជនជាតិចិនចំនួន២នាក់ កាលពីរសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ម្សិលមិញ។
លោកឧត្តមសេនីយ៍ឯក ជា ពៅ បានថ្លែងថា កាលពីនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ កម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានទទួលពាក្យបណ្តឹងពីជនជាតិចិនឈ្មោះ ZHANG JIANZHONG (ហ្សាង ជាងហ្សុង ) ភេទប្រុស អាយុ៥៤ឆ្នាំ មុខរបរបុគ្គលិកសិប្បកម្មផលិតស័ង្កសី កាន់លិខិតឆ្លងដែនលេខ E09687514 លើបទល្មើសមួយនេះ។ បន្ទាប់ពីមានបញ្ជាពីនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ កម្លាំងនគរបាលរបស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សហការជាមួយកម្លាំងនៃនាយកដ្ឋានប្រឆាំងនឹងល្បែងពាណិជ្ជកម្ម ព្រមទាំងសហការជាមួយកម្លាំងពីអធិការក្រុងប៉ោយប៉ែតនៃស្នងការដ្ឋានខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នា២០១៩ បានបើកការស៊ើបអង្កេត និងបំបែកសំណុំរឿងចាប់ជំរិតទារប្រាក់ដ៏ធំមួយ ដោយបង្ខាំងជនរងគ្រោះនៅផ្ទះជួលមួយកន្លែង នៅភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ជាលទ្ធផលកម្លាំងបានរំដោះចំណាប់ខ្មាំងចំនួន៤រូប ដោយសុវត្ថិភាព និងចាប់បានមេខ្លោង២នាក់ រួមមាន ជនសង្ស័យទី១)ឈ្មោះ វ់ាង តាវទុង (Wang Daodong ) ជនជាតិចិន ភេទប្រុស អាយុ៤៩ឆ្នាំ និងទី២)ឈ្មោះ ជាំង ហ្វឹង (JIANG FENG ) អាយុ៣៨ឆ្នាំ មិនមានលិខិតឆ្លងដែន។ ដោយឡែកជនរងគ្រោះរួមមាន៖ ១)ឈ្មោះហ្សាង តុងវ៉ី ( Zhang Dongwei ) ជនជាតិចិន ភេទប្រុស កាន់លិខិតឆ្លងដែនលេខ EG2553324 ២)ឈ្មោះ លី ស៊ុយលីន (Li Xuelin, ) អាយុ៥៦ឆ្នាំ កាន់លិខិតឆ្លងដែនលេខ EC5759699 ៣)ឈ្មោះ ហ្គុយ សាវបូ ( CUI XIAOBO ) អាយុ៣៥ឆ្នាំ កាន់លិខិតឆ្លងដែនលេខ EC2910391 និង៤) ឈ្មោះ លី វេនហ្សាង) LI WEN ZHENG អាយុ៣៨ឆ្នាំ។
បច្ចុប្បន្ន ត្រូវបានកម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបញ្ជូនជនសង្ស័យទៅអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនីតិវិធីច្បាប់បន្តទៀត៕ម.ន ដោយ៖ឃិន គន្ធា