សិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ ស្ដីពីសេចក្ដីព្រាងចុងក្រោយ ផែនការយុទ្ធសាស្រ្តវិស័យអប់រំ២០១៩-២០២៣
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុង រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថ្លែងបើកសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ ស្ដីពីសេចក្ដីព្រាងចុងក្រោយ ផែនការយុទ្ធសាស្រ្តវិស័យអប់រំ២០១៩-២០២៣ នៅសណ្ឋាគារភ្នំពេញ នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩នេះថា នេះជាកិច្ចពិភាក្សាសម្រេចលើកចុងក្រោយហើយ ដែលយើងបានធ្វើការពិភាក្សាសម្រេច នៅក្នុងអង្គប្រជុំមួយនេះ ដើម្បីលើកយកផែនការសម្រេចនៅពេលនេះ ទៅបើកកិច្ចប្រជុំសម្រេចដាក់ឲ្យប្រើប្រាស់ផែនការយុទ្ធសាស្រ្តវិស័យអប់រំ២០១៩-២០២៣ នៅថ្ងៃទី៤ ខែមិថុនាក្រោយនេះ។
ឯកឧត្តមបន្តថា ផែនការយុទ្ធសាស្រ្តវិស័យអប់រំ២០១៩-២០២៣នេះ គឺជាផែនទីចង្អុលផ្លូវសម្រាប់ឈានទៅម្រេចគោលដៅអភិវឌ្ឍប្រកបដោយចីរភាព ដែលក្រសួងបានដាក់ចេញនៅដើមឆ្នាំ២០១៩នេះ ហើយក៏ជាផែនទីសម្រាប់កំណែទម្រង់ផែនការ អភិវឌ្ឍន៍ថវិកាផងដែរ។ ឯកឧត្តម បន្តថា ដំណាក់កាលបន្ទាប់២០១៩-២០២៣ និងឆ្ពោះទៅឆ្នាំ២០៣០ ក្រសួងអប់រំ ប្ដេជ្ញាសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី៤ ស្ដីពីការអប់រំដោយឈរលើគោលការណ៍គុណភាព សមធម៌ បរិយាបន្ន ការអប់រំពេញមួយជីវិត និងទាំងអស់គ្នា។
ឯកឧត្តមបន្តថា នៅក្នុងផែនការយុទ្ធសាស្រ្តវិស័យអប់រំ២០១៩-២០២៣ ត្រូវបានរៀបចំឡើងក្នុងគោលដៅបន្តអនុវត្តកំណែទម្រង់អប់រំ និងបង្កើតមូលដ្ឋានរឹងមាំ សម្រាប់ឆ្ពោះទៅឆ្នាំ២០៣០ ព្រមទាំងឆ្លើយតបនឹងចក្ខុវិស័យអភិវឌ្ឍន៍ សេដ្ឋកិច្ច សង្គមកិច្ច និងកម្មវិធីកំណែទម្រង់នានា របស់រាជរដ្ឋាភិបាលកម្ពុជា។ ផែនការយុទ្ធសាស្រ្តវិស័យអប់រំនៅបន្តរក្សាទម្រង់ការគ្រប់គ្រងតាមបែបអនុវិស័យ ដើម្បីបង្ហាញពីទំនាក់ទំនងច្បាស់លាស់រវាងវត្ថុបំណងរបស់អនុវិស័យ ក្របខ័ណ្ឌយុទ្ធសាស្រ្ត សកម្មភាពគោល និងតម្រូវការធនធាន ព្រមទាំងផ្ដល់ភាពងាយស្រួលក្នុងការពិនិត្យតាមដាន និងវាយតម្លៃ រួមជាមួយនឹងយន្តការសម្រាប់ផ្ដល់ព័ត៌មានត្រឡប់ និងការពិនិត្យឡើងវិញផង។
ឯកឧត្តមរដ្ឋមន្រ្តី ក៏បានកោតសរសើរដល់មន្រ្តី បុគ្គលិក គ្រប់លំដាប់ថ្នាក់ ដែលបានចូលរួមគាំទ្រ និងរួមចំណែកដល់ការរៀបចំផែនការយុទ្ធសាស្រ្តវិស័យអប់រំ២០១៩-២០២៣ ឲ្យសម្រេចបានជាស្ថាពរបន្តទៀត។ ឯកឧត្តមបន្ថែមថា ការអនុវត្តវិធានការលើកកម្ពស់គុណភាព និងភាពឆ្លើយតបរបស់សេវាអប់រំ ជាពិសេសកំណែទម្រង់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការប្រឡងគ្រប់ប្រភេទ បានក្លាយជាចំណុចចគន្លឹះឈានដល់ការកំណត់អាទិភាព ក្នុងកម្មវិធីកំណែទម្រង់ផ្សេងទៀត ដូចជាការលើកកម្ពស់វិជ្ជាជីវៈគ្រូបង្រៀន ការងារវាយតម្លៃលទ្ធផលសិក្សារបស់សិស្ស ការពិនិត្យឡើងវិញកម្មវិធីសិក្សា និងសៀវភៅសិក្សាគោល និងកំណែទម្រង់ឧត្តមសិក្សា ហើយនិងកំណែទម្រង់ផ្សេងៗទៀត ដែលយើងធ្វើបានលទ្ធផលគួរឲ្យសម្គាល់ហើយកន្លងមកនោះ៕ធ.ដ