តំណាងអង្គការ FAO ប្រចាំនៅកម្ពុជា ដឹកនាំក្រុមការងារជំនាញផ្នែកសុខភាពសត្វ ជួបពិភ្សាជាមួយរដ្ឋមន្ត្រីក្រសួងកសិកម្ម ដើម្បីអង្កេតតាមដានត្រួតពិនិត្យ ការពារ និងទប់ស្កាត់ជំងឺឆ្លងប៉េស្តជ្រូកអាហ៊្វ្រិក

នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រឹកថ្ងៃទី២៨ ខែឧសាភា ឆ្នាំ២០១៩នេះ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួប Dr. Alexandre Huynh  តំណាងអង្កការ FAO ប្រចាំនៅកម្ពុជា ដែលបានដឹកនាំក្រុមការងារជំនាញផ្នែកសុខភាពសត្វ និងសហការី អញ្ជើញមកពីទីស្នាក់ការអង្គការស្បៀងអាហារ និងកសិកម្ម នៃអង្គការសហប្រជាតិប្រចាំទីក្រុងបាងកក និងអង្គការ OIE។ ជំនួបនេះមាន បំណងធ្វើការពិភាក្សាទាក់ទងនឹងវិធានការអង្កេតតាមដាន ត្រួតពិនិត្យ ការពារ និងទប់ស្កាត់ជំងឺ ឆ្លងប៉េស្តជ្រូកអាហ៊្វ្រិក។

សូមរំលឹកថា តាមរយ:ការអញ្ជើញជាផ្លូវការរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ក្រុមការងារជំនាញផ្នែកជំងឺប៉េស្តជ្រូកអាហ៊្វ្រិកដឹកនាំដោយ Dr. Fillip Claes បានមកបំពេញទស្សនកិច្ចនៅកម្ពុជាចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣១ ខែឧសភា។ ក្នុងជំនួបពិភាក្សា Dr. Fillip បានរាយការណ៍ជូនឯកឧត្តមរដ្ឋមន្ត្រីជ្រាបដោយសង្ខេបពីបច្ចុប្បន្នភាព នៃស្ថានភាពជារួមនៃជំងឺប៉េស្តជ្រូកអាហ៊្វ្រិក ទាំងក្នុងពេលបច្ចុប្បន្ន និងវិធានការការពារ និងទប់ស្កាត់ជំងឺដ៏មហន្តរាយនេះ នាពេលអនាគតផងដែរ។

ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះបេសកកម្មរបស់ក្រុមការងារជំនាញ ដែលបានអញ្ជើញមកបំពេញបេសកកម្មនៅកម្ពុជា ដើម្បីតាមដាន និងផ្តល់ការគាំទ្រផ្នែកបច្ចេកទេស ក្នុងការផ្សព្វផ្សាយពីបញ្ហាជំងឺ វិធានការការពារ និងទប់ស្កាត់ជំងឺប៉េសត្តជ្រូកអាហ៊្វ្រិកនេះ។ ឯកឧត្តបន្ថែមទៀតថា ដោយយល់ឃើញពីហានិភ័យ នៃគ្រោះមហន្តរាយ នៃជំងឺនេះដល់ឧស្សាហ៍កម្មជ្រូក កន្លងមកក្រសួងបានណែនាំឲ្យអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វចាត់វិធានការយ៉ាងម៉ឺងម៉ាត់ដោយត្រូវសហការជាមួយអន្តរស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ ពិសេសខេត្តជាប់ព្រំដែនជាមួយប្រទេសវៀតណាម សមាគមអ្នកចិញ្ចឹមជ្រូក ផលិតករ អាជីវករ ដោយត្រូវរូមគ្នាអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវខ្លឹមសារ នៃសារាចរណែ នាំលេខ១១៩ សរណន.កសក ចុះថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ ២០១៩។

ជាងនេះទៅទៀត ក្រសួងក៏បានណែនាំឲ្យប្រធានមន្ទីរ និងមន្រ្តីពេទ្យសត្វខេត្តជាប់ព្រំដែនប្រទេសវៀតណាមទាំង០៧ ត្រូវបង្កើនស្មារតីយកចិត្តទុកដាក់ ប្រុងប្រយ័ត្នខ្ពស់ ដោយត្រូវអនុវត្តខ្លឹមសារាចរណែនាំលេខ១១៩ ឲ្យមានប្រសិទ្ធភាព បើមានការធ្លោះធ្លោយនឹងត្រូវប្រឈមមុខចំពោះវិធានការរដ្ឋបាល និងវិធានការច្បាប់។ ដោយឡែកអ្នកចិញ្ចឹមជ្រូក ម្ចាស់សត្តឃាតដ្ឋាន អាជីវករលក់សាច់ អ្នកនាំចូលជ្រូក ក៏ត្រូវចូលរួមសហការអនុវត្តសារាចរណែនាំនេះឲ្យមានប្រសិទ្ធភាពផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រី បានជូនពរឲ្យបេសកកម្មរបស់ក្រុមការងារជំនាញនេះ ទទួលបានជោគជ័យ និងសុខសុវត្ថិភាព ហើយអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ត្រូវផ្តល់កិច្ចសហការឲ្យបានពេញលេញល្អ ប្រយោជន៍ដើម្បីសុវត្ថិភាពនៃជំងឺប៉េស្តជ្រូកអាហ៊្វ្រិក ក្នុងវិស័យឧស្សាហ៍កម្មជ្រូកនៅកម្ពុជា ទាំងពេលបច្ចុប្បន្ន និងពេលអនាគត៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner