បើកវគ្គបណ្តុះបណ្តាលត្រួតពិនិត្យលក្ខណៈបច្ចេកទេសរថយន្ត និងលំហាត់ជាក់ស្តែងបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៅខេត្តកំពង់ឆ្នាំង
កំពង់ឆ្នាំង៖ រថយន្តពន្លត់អគ្គិភ័យ រួមនឹងកម្លាំងមន្ត្រីនគបាលនៃស្នងការនគបាលខេត្តកំពង់ឆ្នាំង ជាច្រើននាក់ បានចូលរួមបើកវគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលត្រួតពិនិត្យលក្ខណៈបច្ចេកទេសរថយន្ត និងលំហាត់ជាកស្តែងបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ។ លំហាត់ហ្វឹកហ្វឺនជាក់ស្តែងបង្ការ ពន្លត់អគ្គីភ័យ និងសង្គ្រោះនេះ ធ្វើឡើងក្រោមអធិបត្តីភាពឧត្តមសេនីយ៍ត្រី នៅ សុវណ្ណារិទ្ធ អនុប្រធាននាយកដ្ឋានបង្កាពន្លត់អគ្គិភ័យ និងសង្គ្រោះរបស់ក្រសួងមហាផ្ទៃ និងមានការចូលរួមពីស្នងការរងនគបាលខេត្តកំពង់ឆ្នាំង លោកឧត្តមសេនីយ៍ត្រី លុយ ឌីណា ផងដែរ។ វគ្គហ្វឹកហ្វឺនលំហាត់ជាក់ស្តែងបង្ការពន្លត់អគ្គិភ័យនេះ ធ្វើឡើងនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ នៅសង្កាត់-ក្រុង-ខេត្តកំពង់ឆ្នាំង។
លោកឧត្តមសេនីយ៍ត្រី នៅ សុវណា្ណរិទ្ធ បានឲ្យដឹងថា គោលបំណងធំៗ៣ របស់សម្តេចក្រឡាហោម ស ខេង និងអគ្គស្នងការនគបាលជាតិ ឯកឧត្តមនាយឧត្តមសេនីយ៍បណ្ឌិត នេត សាវឿន គឺត្រូវធ្វើការពង្រឹងលើផ្នែកអគ្គិភ័យលើកិច្ចការងារត្រួតពិនិត្យឧបករណ៍ សម្ភារ មធ្យោបាយ និងកម្លាំង តើបច្ចុប្បន្ននេះ កម្លាំងអគ្គិភ័យ សម្ភារ មានគ្រប់គ្រាន់ និងខ្វះខាតអ្វីខ្លះ? ទី២ គឺការចុះពិនិត្យមើល និងស្វែងរកប្រភពទឹក ហើយទឹកសម្រាប់បម្រើលើផ្នែកពន្លត់អគ្គិភ័យគឺមិនចេះរីងស្ងួត ហើយទឹកសម្រាប់អគ្គិភ័យនេះ សំខាន់និងចាំបាច់ណាស់ ព្រោះថ្នាក់លើលោកយកចិត្តទុកដាក់ និងត្រូវចុះឲ្យដល់មូលដ្ឋានទីកន្លែង និងទី៣ គឺការធ្វើលំហាត់អនុវត្តន៍ជាក់ស្តែង ដើម្បីវាស់ស្ទង់សមត្ថភាពជំនាញនីមួយៗ បើខ្វះខាតត្រូវធ្វើការស្នើសុំទៅអភិបាលខេត្ត និងស្នងការធ្វើការហ្វឹកហាត់បន្ថែម។
លោកឧត្តមសេនីយ៍ត្រី បានបញ្ជាក់ថា នៅក្នុងឆ្នាំ២០១៩នេះ ខេត្តកំពង់ឆ្នាំង ធ្វើជាគោលដៅដំបូងនៅទូទាំងប្រទេស។ ជាមួយគ្នានេះ ស្នងការរងនគបាលខេត្តកំពង់ឆ្នាំងទទួលបន្ទុកបង្ការពន្លត់អគ្គីភយ័ និងសង្គ្រោះលោកឧត្តមសេនីយ៍ត្រី លុយ ឌីណា បានអំពាវនាវដល់ម្ចាស់ស្ថានីយ៍ប្រេងឥន្ធនៈនៅក្នុងខេត្តកំពង់ឆ្នាំង ក៏ដូចនៅតាមបណ្តាសណ្ឋាគារ ផ្ទះសំណាក់ និងប្រជាពលរដ្ឋទាំអស់ ត្រូវមានបំពង់ពន្លត់អគ្គិភ័យ សម្រាប់ទុកបង្ការខ្លាចកើតមានអគ្គិភ័យណាមួយកើតឡើងជាយថាហេតុ ហើយពេលចេញពីផ្ទះត្រូវបិទបារ៉ែតភ្លើង ពិនិត្យមើលគ្រប់ទីកន្លែងក្នុងផ្ទះផងដែរ។ លោកក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងខេត្ត បើមានហេតុការអគ្គិភ័យ សូមទំនាក់ទំនងមកការិយាលយ័ពន្លត់អគ្គិភ័យដែលមានលេខ៖ ០១២៩៧៦៦៤៣ /០៧១៩៣៨ ៥៦៧៨ /០៧៨៦០៦០១១។
គួរបញ្ជាក់ថា នៅក្នុងលំហាត់ហ្វឹងវឹកហាត់នៅពេលនេះ មានការបាញ់ទឹកឡើងលើ និងការប្រើប្រាស់បាញ់ដោយទុយោនៅច្រកចង្អៀតដែលរថយន្តចូលមិនដល់ផងដែរ៕ធ.ដ
ដោយៈ សុក្ខារិន