ប្រធាន CPP ខណ្ឌឫស្សីកែវ ថ្លែងអំណរគុណប្រធាន និងសមាជិកបក្សសង្កាត់ ក្រោយទទួលលទ្ធផលបឋមជោគជ័យ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខណ្ឌ អាណត្តិទី៣
ភ្នំពេញ៖ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ និងជាប្រធានគណៈកម្មាធិការគណបក្សខណ្ឌ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក-លោកស្រីប្រធានគណបក្សសង្កាត់ទាំង៧ និងសមាជិក សមាជិកា ក្រុមប្រឹក្សាសង្កាត់ទាំងអស់ ដែលបានបំពេញកាតព្វកិច្ចរបស់ខ្លួន ឈរលើស្មារតី ទទួលខុសត្រូវខ្ពស់ ក្នុងការបម្រើការពារ និងគាំទ្រគណបក្សប្រជាជនកម្ពុជាយ៉ាងពេញទំហឹង។
ការថ្លែងអំណរគុណរបស់លោក ជា ពិសី ខាងលើនេះ បានធ្វើឡើងបន្ទាប់ពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានីភ្នំពេញ និងក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៣ ឆ្នាំ២០១៩ ក្នុងចំណោមគណបក្សចំនួន៥ ដែលចុះឈ្មោះក្នុងបញ្ជីបោះឆ្នោត គឺគណបក្សប្រជាជនកម្ពុជា ទទួលបានលទ្ធផលបឋម៦៥លើ ៦៥សំឡេង ពោលគឺជោគជ័យ ១០០% បើគិតត្រឹមម៉ោង១១៖០០នាទីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩នេះ។
ក្រោយពីទទួលបានលទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានីភ្នំពេញ និងក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៣ ឆ្នាំ២០១៩ យ៉ាងល្អប្រសើរបែបនេះ ក្រៅពីការថ្លែងអំណរគុណ លោកប្រធានគណបក្សប្រជាជនកម្ពុជាខណ្ឌឫស្សីកែវ ជា ពិសី និងសហការី សូមបួងសួងដល់គុណព្រះរតនត្រ័យ វត្ថុស័ក្ដិសិទ្ធិទាំងអស់ក្នុងលោក និងទេវតាឆ្នាំថ្មី ដែលថែរក្សាព្រះរាជាណាចក្រកម្ពុជា ប្រសិទ្ធិពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ ជូនចំពោះ សមាជិក សមាជិកា ក្រុមប្រឹក្សាសង្កាត់ទាំងអស់ និងក្រុមការងារ សូមប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕ធ.ដ
ដោយៈ ហាស់ កំសាន្ដ