កាមរីបាឡែនបុកគូទរថយន្តកុងទីន័រ បណ្ដាលឲ្យឆ្លងចរន្តឆាបឆេះសន្ធោសន្ធៅ នៅលើស្ពានច្បារអំពៅទាំងយប់
ភ្នំពេញ៖ បុរសម្នាក់បើករថយន្តកាមរីបាឡែនក្នុងល្បឿនលឿន បានជ្រុលទៅបុកគូទរថយន្តកុងទីន័រពេញទំហឹង បណ្ដាលឲ្យឆ្លងចរន្តអគ្គីសនីឆាបឆេះសន្ធោសន្ធៅ ចំណែករថយន្តកុងទីន័របើកបន្តទៅមុខបាត់ កាលម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃច័ន្ទ ទី២៧ ខែឧសភា ឆ្នាំ២០១៩ ផ្លូវជាតិលេខ១ លើស្ពានមុនីវង្សចាស់ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់បើករថយន្តកាមរីបាឡែនពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AM .0830 ធ្វើដំណើរទិសដៅពីកើតទៅលិចឡើងស្ពានមុនីវង្សចាស់ក្នុងល្បឿនលឿន មកដល់ចំណុចកើតហេតុ ក៏បានជ្រុលទៅបុកគូទរថយន្តកុងទីន័រមិនចាំស្លាកលេខពេញទំហឹង បណ្ដាលឲ្យរថយន្តខ្ទេចមួយកំណាត់មុខយ៉ាងដំណំ ចំណែករថយន្តកុងទីន័រមិនបានឈប់ទេ ក៏បើកបន្តដំណើរទៅមុខបាត់តែម្ដង។ ភ្លាមនោះដែរ គេឃើញម្ចាស់រថយន្តចុះមកមើលរថយន្ត រួចបានឡើងចូលក្នុងរថយន្តវិញ ដើម្បីបញ្ឆេះស្រាប់តែឆ្លងចរន្តអគ្គីសនីឆេះតែម្ដង។ ឃើញដូចច្នោះម្ចាស់បានចេញពីរថយន្ត និងគេចខ្លួនបាត់ ដោយបណ្ដាលឲ្យរថយន្តឆេះខ្លាំងឡើងៗ យ៉ាងសន្ធោសន្ធៅតែម្តង។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់ និងទាក់ទងទៅខាងរថយន្តពន្លត់អគ្គិភ័យមកបាញ់ពន្លត់ ទើបរលត់ទាំងស្រុងនៅវាលាម៉ោង១និង៣០នាទីយប់នៅថ្ងៃខែឆ្នាំដដែល។ ក្នុងហេតុការណ៍នេះ មិនបង្កគ្រោះថ្នាក់ដល់អ្នកណាម្នាក់ទេ៕ធ.ដ