ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋបេឡារូស ជួបពិភ្សាការងារជាមួយរដ្ឋមន្ត្រីក្រសួងកសិកម្ម ស្តីពីការពង្រឹង និងពង្រីក សហប្រតិបត្តិការលើវិស័យកសិកម្មរវាងប្រទេសទាំងពីរ នាពេលអនាគត

អត្ថបទដោយ៖
Kien Sereyvuth

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានទទួលជួបឯកឧត្តម VLADIMIR GOSHIN ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋបេឡារូស ដើម្បីសម្តែងការគួរសម និងពិភាក្សាការងារស្តីពីការពង្រឹង និងពង្រីកសហប្រតិបត្តិការលើវិស័យកសិកម្មរវាងប្រទេសទាំងពីរនាពេលអនាគត។ ឯកឧត្តមរដ្ឋមន្រ្តីបានស្វាគមន៍ និងជម្រាបជូនឯកអគ្គរដ្ឋទូតថា កន្លងមកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរភាគច្រើនផ្តោតទៅលើគ្រឿងយន្តកសិកម្មតែប៉ុណ្ណោះ នាពេលអនាគតឯកឧត្តមរដ្ឋមន្រ្តីសង្ឃឹមថា កិច្ចសហប្រតិបត្តិការនេះនឹងអាចពង្រឹង និងពង្រីកថែមទៀត ជាពិសេសលើការវិនិយោគកែច្នៃ វេចខ្ចប់ និងធ្វើការនាំចេញផលិតផលកសិកម្មកម្ពុជា ទៅកាន់ទីផ្សារសហភាពអឺរុប។

ម៉្យាងវិញទៀត ដោយសារសាធារណរដ្ឋបេឡារូស មានជំនាញផ្នែកគ្រឿងយន្តកសិកម្ម តាមរយៈឯកឧត្តមឯកអគ្គរដ្ឋទូត ឯកឧត្តមរដ្ឋមន្រ្តីបានស្នើឲ្យទៅក្រុមហ៊ុនផលិតគ្រឿងយន្តពិនិត្យ និងពិចារណាផលិតគ្រឿងយន្តសម្រាប់ប្រមូលផលដំឡូងមី ដើម្បីជួយកាត់បន្ថយពលកម្មដែលកំពុងមានការខ្វះខាតពលកម្មក្នុងការប្រមូលផល។ ឯកឧត្តមបន្តថា ផលិតកម្មដំឡូងមីភាគច្រើនប្រើពលកម្មមនុស្ស ខាតពេល តម្លៃពលកម្មកាន់តែខ្ពស់ និងជាពិសេសសមស្របតាមគោលនយោបាយទំនើបកម្មកសិកម្មរបស់ក្រសួង។ ឯកឧត្តម ក៏បានជូនមតិទៅឯកឧត្តមឯកអគ្គរដ្ឋទូតពិនិត្យលើការផ្លាស់ប្តូរបទពិសោធន៍ បច្ចេកទេសតាមរយៈ ការធ្វើទស្សនកិច្ច កម្មសិក្សារបស់មន្រ្តីជំនាញនៃប្រទេសទាំងពីរ។

ជាការឆ្លើយតប ឯកឧត្តមឯកអគ្គរដ្ឋទូត បានឯកភាពចំពោះសំណើរបស់ឯកឧត្តមរដ្ឋមន្រ្តី ដែលបានលើកឡើង ដោយលោកបានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ នឹងត្រូវបានពង្រឹង និងពង្រីកក្នុងពេលឆាប់ៗ តាមរយៈកិច្ចប្រជុំមួយរវាងវិស័យឯកជន និងរដ្ឋ នៅខែកក្កដាខាងមុននេះ នៅខេត្តសៀមរាប។ ចំពោះការផ្លាស់ប្តូរមន្រ្តីជំនាញនៃប្រទេសទាំងពីរ ឯកឧត្តមឯកអគ្គរដ្ឋទូតបេឡារូស បានស្វាគមន៍ចំពោះគំនិតនេះ ដោយលោកបានបញ្ជាក់ថា ការផ្លាស់ប្តូរនេះនឹងនាំមកនូវអត្ថប្រយោជន៍យ៉ាងច្រើនសម្រាប់ការអភិវឌ្ឍវិស័យកសិកម្មកម្ពុជានាពេលអនាគត៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner