អាម៉េរិកត្រៀមលក់អាវុធតម្លៃជាង៧ពាន់លានដុល្លារអាម៉េរិក ទៅឲ្យប្រទេសអារ៉ាប៊ីសាអូឌីត និងអេមីរ៉ាតអារ៉ាប់

រដ្ឋបាលរបស់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ មានគម្រោងលក់អាវុធមានតម្លៃជាង៧ពាន់លានដុល្លារ ឱ្យអារ៉ាប៊ីសាអូឌីត និងអេមីរ៉ាតអារ៉ាប់ ដោយមិនចាំបាច់សភាអនុម័ត។ នេះបើតាមការដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៤ ខែឧសភា ឆ្នាំ២០១៩។

New York Times បានឱ្យដឹងទៀតថា រដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក ម៉ៃក៍ ប៉ុមប៉េអូ និងមន្ត្រីក្រសួងការបរទេសអាម៉េរិកជាច្រើននាក់ កំពុងជំរុញឱ្យរដ្ឋបាលលោក ត្រាំ ដាក់ចេញនូវវិធានការផ្គត់ផ្គង់ជាបន្ទាន់មួយ ដើម្បីអនុញ្ញាតឱ្យលោក ដូណាល់ ត្រាំ ផ្ទាល់អាចបង្ការ ឬរារាំង សភាពីការលុបចោលគម្រោងលក់អាវុធ។ ប៉ុន្តែទន្ទឹមគ្នា សេចក្ដីរាយការណ៍ពីគម្រោងលក់អាវុធនេះ បានបង្កឱ្យអ្នកនយោបាយបក្សប្រជាធិបតេយ្យ និងសាធារណរដ្ឋជាច្រើននាក់ខឹងសម្បារយ៉ាងខ្លាំង ដោយសារតែពួកគេព្រួយបារម្ភខ្លាចក្រែងអាវុធអាម៉េរិក ត្រូវបានយកទៅប្រើប្រាស់ក្នុងសង្រ្គាមបង្ហូរឈាមនៅយ៉េមែន។

គួរបញ្ជាក់ថា ការចេញផ្សាយខាងលើរបស់ New York Times កើតមានឡើងនៅចំពេលដែល សហរដ្ឋអាម៉េរិក និងអារ៉ាប៊ីសាអូឌីត កំពុងមានភាពតានតឹងជាមួយអ៊ីរ៉ង់ ក្រោយក្រុមមន្ត្រីនៃប្រទេសទាំង២ បានចោទប្រកាន់ទីក្រុងតេហេរ៉ង់ថាជាអ្នកនៅពីក្រោយការវាយប្រហារលើកប៉ាល់ដឹកប្រេង៤គ្រឿង ក្នុងនោះមាន២គ្រឿងជាកម្មសិទ្ធិរបស់អារ៉ាប៊ីសាអូឌីត នៅឯតំបន់ឈូងសមុទ្រនៃប្រទេសអេមីរ៉ាតអារ៉ាប់រួម កាលពីពេលថ្មីៗនេះ៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner