ទិវាជាតិ នៃការចងចាំ បង្កើតឡើងសម្រាប់ជាការរំឭកដល់ជនរងគ្រោះ និងការឈឺចាប់​ពី​ឧក្រិដ្ឋកម្ម ដែលកើតមានក្នុងរបប ប៉ុលពត

(ភ្នំពេញ)៖ ទិវាជាតិនៃការចងចាំ បង្កើតឡើង សម្រាប់ជាការរំឭកដល់ជនរងគ្រោះ និងការឈឺចាប់​ពី​ឧក្រិដ្ឋកម្ម ដែលកើតមានក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ៣ឆ្នាំ ៨ខែ ២០ថ្ងៃ ។ នេះជាការគូសបញ្ជាក់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា តាមរយៈសារលិខិតជូនដល់ប្រជាពលរដ្ឋខ្មែរ ក្នុងឱកាសខួបលើកទី៨ ​ទិវាជាតិ​​នៃការចងចាំ ថ្ងៃទី២០ ខែឧសភា ។

ក្នុងសាលិខិតសម្ដេចធិបតី បានលើកឡើងថា ថ្ងៃទី២០ ខែឧសភា ជា «ទិវា​ជាតិ​នៃការចងចាំ» និងជាទិវាបុណ្យជាតិផ្លូវការដែលត្រូវបានកំណត់ដោយ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈអនុក្រឹត្យលេខ១៩ អនក្រ.បក ចុះថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ សម្រាប់ជាការរំឭក ដល់ជនរងគ្រោះ និងការឈឺចាប់​ពី​ឧក្រិដ្ឋកម្ម ដែលកើតមានក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ចន្លោះពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩។

ទិវាជាតិនៃការចងចាំ បង្កើតឡើងក្នុងគោលបំណងលើកតម្កើងការគោរព វិញ្ញាណក្ខន្ធ និងការធ្វើបុណ្យឧទ្ទិសដល់ជនរងគ្រោះបានស្លាប់​ក្នុងរបប​កម្ពុជា​ប្រជាធិបតេយ្យ, លើកតម្កើងការរំឭក ដល់ជនរងគ្រោះ ការស្តារកិត្តិ​យស និងសេចក្ដីថ្លៃថ្នូររបស់ជនរងគ្រោះ ទោះជានៅរស់រានមានជីវិត ឬបាន​បាត់​បង់ ជីវិតក៏ដោយ, ប៉ះប៉ូវការឈឺចាប់ខាងផ្លូវចិត្ត និងផ្នែកសង្គម​របស់​ជន​រងគ្រោះ និងក្រុមគ្រួសារ, ចូលរួមចំណែកដល់ការផ្សះផ្សាជាតិ និងជំរុញ​ឱ្យ​មានសុខដុមនីយកម្មក្នុងសង្គមកម្ពុជា និងលើកកម្ពស់ការផ្សព្វ​ផ្សាយ​ និង​ការយល់ដឹង អំពីអំពើឃោរឃៅដែលកើតមានក្នុងរបបកម្ពុជា​ប្រជាធិបតេយ្យ​កុំឱ្យកើតមានឡើងសាជាថ្មី។

«ទិវាជាតិនៃការចងចាំ» នេះ ត្រូវបានទទួលស្គាល់ដោយអង្គជំនុំជម្រះ​វិស​មញ្ញ​ក្នុងតុលាការកម្ពុជា ដែលជាគម្រោងសំណងមួយក្នុងចំណោម គម្រោង​សំណង២៦ ដែលទទួលស្គាល់ជាផ្លូវការ និងជាអចិន្ត្រៃយ៍ចំពោះ​ការ​ឈឺ​ចាប់​របស់ដើមបណ្តឹងរដ្ឋប្បវេណី និងលើកកម្ពស់ការ​ចង​ចាំនូវឧក្រិដ្ឋ​កម្មដែល​បាន​ប្រព្រឹត្តក្នុងអំឡុងពេលនៃរបបកម្ពុជាប្រជាធិបតេយ្យ។

រដ្ឋសភា នៃសាធារណរដ្ឋប្រជាមានិតកម្ពុជា បានអនុម័តយកថ្ងៃទី២០ ខែឧសភា ជា «ទិវាចងកំហឹង» កាលពី ថ្ងៃទី១៨ ខែសីហា ឆ្នាំ១៩៨៣ ដើម្បីជាការចងកំហឹងចំពោះ «បនប្រល័យពូជសាសន៍ ប៉ុល ពត អៀង សារី និងខៀវ សំផន» ដែលបានកាប់សម្លាប់ ជិះជាន់ និងធ្វើទារុណកម្មយ៉ាងព្រៃផ្សៃលើប្រជាជនកម្ពុជា ហើយត្រូវបានប្រារព្ធជា រៀងរាល់ឆ្នាំ ចាប់ពីឆ្នាំ១៩៨៤ មក។ ក្រោយឆ្នាំ១៩៩៣ រាជរដ្ឋាភិបាលកម្ពុជា បានប្តូរពី «ទិវាចងកំហឹង» ជា «ទិវាចងចាំ» រហូតដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យលេខ១៩ អនក្រ.បក កំណត់យកថ្ងៃទី២០ ខែឧសភា ជា «ទិវាជាតិ នៃការចងចាំ» វិញ ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner