នីហ្សេរីយ៉ាគេចពីការផ្ទុះអាវុធ ទៅនៅតំបន់បោះបង់ចោល
បរទេស ៖ ប្រជាជននៅប្រទេស នីហ្សេរីយ៉ា រាប់រយនាក់ បាននាំគ្នាសម្រុកដើរចេញពីផ្ទះសម្បែង ទៅរស់នៅ ក្នុងតំបន់ ដែលគេបោះបង់ចោល បន្ទាប់ពីការវាយឆ្មក់ របស់ពួកសកម្មប្រយុទ្ធឥស្លាម ស្លាប់មនុស្ស ថ្មីៗនេះ។
អាជ្ញាធរបានបញ្ចេញវីដេអូ ដែលបង្ហាញពីមនុស្សភៀសខ្លួន ចេញពីផ្ទះ ទៅរស់នៅទីក្រុង នាភាគភាគឦសាន នៃប្រទេស អាហ្វ្រិក មួយនេះ ។
អ្នកភៀសខ្លួន ឈ្មោះ Goni បាននិយាយថា «ពួកយើងកំពុងធ្វើដំណើរ ដើម្បីរួចជីវិត ខណៈដែលក្រុមបះបោរ Boko Haram បានឈ្លានពានទីក្រុង របស់យើង»។
កាលពីថ្ងៃទី ១២ ខែឧសភា ក្រុមរដ្ឋអ៊ីស្លាម បានវាយប្រហារមូលដ្ឋានយោធា នៅទីប្រជុំជនក្នុង រដ្ឋ Borno ដោយបានសម្លាប់ទាហាន ៤ នាក់ និងរឹបអូសអាវុធ មុនពេលដុតបំផ្លាញទីតាំង។
ជនភៀសខ្លួនភាគច្រើនបានផ្លាស់ទៅជំរុំ នៅតំបន់ Maiduguri ដោយពឹងផ្អែកលើការផ្តល់អាហារ ពីអង្គការសប្បុរសធម៌ អន្តរជាតិ។ អ្នកផ្សេងៗទៀត បានឆ្លងចូល ទៅក្នុងប្រទេសជិតខាង ចំនួនបី៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត