បើកពិធីសម្ពោធសរសេរសៀវភៅ ផែនទីជីវិត ដើម្បីគាស់ព្រលឹងស្នាដៃអ្នកនិពន្ធខ្មែរ លើកកម្ពស់ស្នាដៃអ្នកនិពន្ធចាស់ពីបុរាណ
(ភ្នំពេញ)៖ ឧកញ៉ា ជា តុងហ៊ួរ បានប្រមែប្រមូលយកនូវចំណេះដឹងផ្សេងៗដែលខ្លួនមាន និងបទពិសោធជីវិតពិតនៅក្នុងការធ្វើជំនួញ និងបទពិសោធជីវិតពិតនៅក្នុងសង្គម ដែលលោកបានប្រឡូកជាង ១៥ឆ្នាំ មកចែករំលែកទុកជាចំណេះដឹង និងមេរៀនសម្រាប់ប្រជាពលរដ្ឋខ្មែរ ជាពិសេស យុវជនជំនាន់ក្រោយបានដឹងជៀសវាងការចាញ់បោកគេ។

សៀវភៅផែនទីជីវិត គឺឧកញ៉ា ជា តុងហ៊ួរ បានចាប់ដៃ និងរួមសហការសរសេរ និងផលិតមកជាមួយអ្នកនិពន្ធជើងចាស់របស់កម្ពុជា ១រូប លោក ទឹម ម៉ានី (ស្មេរ) គឺជាអ្នកនិពន្ធជើងចាស់ដែលមានឈ្មោះបោះសំឡេងខ្លាំងនៅក្នុងវិស័យតែងនិពន្ធដែលមកដល់ពេលនេះ លោកបានសរសេរសៀវភៅបានចំនួន ៣៤២ចំណងជើងរួចមកហើយ។
លោក ទឹម ម៉ានី និងឧកញា ជា តុងហ៊ួរ បានសហការសរសេរសៀវភៅផែនទីជីវិតនេះ មានកម្រាស់ដល់ទៅ ៥៩៩ទំព័រ ហើយសៀវភៅនេះ បង្ហាញ និងបរិយាយពីចំណេះដឹងពិតជាក់ស្តែង និងបទពិសោធជីវិតពិតរបស់ឧកញ៉ា ជា តុងហ៊ួរ នៅក្នុងពិភពជំនួញ និងនៅក្នុងសង្គមជាក់ស្តែងដែលលោកបានឆ្លងកាត់ប្រមាណជាង ១៥ឆ្នាំ។ សៀវភៅនេះ ក៏បកអាក្រាតផងដែរពីទម្រង់នៃការឆបោកជាច្រើននៅក្នុងប្រទេសកម្ពុជា រួមទាំង ការចាញ់បោកទៅលើជំនឿអរូបីផ្សេងៗ។

ឧកញ៉ា ជា តុងហ៊ួរ បានអះអាងថា គោលដៅរបស់លោកធំបំផុតនៅក្នុងការសរសេរសៀវភៅផែនទីជីវិតនេះ លោកចង់ឱ្យប្រជាពលរដ្ឋខ្មែរទាំងអស់ គាត់អាចទទួលបាននូវគំនិតជាក់ស្តែងនៅក្នុងសង្គម ជៀសវាងពួកគាត់ព្រាវៗមិនច្បាស់លាស់ ធ្វើឱ្យខាតពេលរាប់ឆ្នាំ ហើយពេលខ្លះទៀត បើពួកគាត់ព្រាវខុសកន្លែង គឺខាតទាំងពេល ខាតទាំងលុយរាប់ម៉ឺនរាប់សែនដុល្លារ ជាប់បំណុលនៅធនាគារទៀត។ ដូច្នេះ សៀវភៅនេះ នឹងបង្ហាញដល់ពួកគាត់គ្រប់បែបយ៉ាង រួមទាំងការជឿជំនឿខុសឆ្គង ដូចជា គ្រូហុងស៊ុយ គ្រូចូលរូប គ្រូមន្តអាគម ឥសី តាបស អារុកអារក្ខអ្នកតាជាដើម។
បើតាម ឧកញ៉ា ជា តុងហ៊ួរ អ្វីដែលលោកលើកឡើងនៅក្នុងសៀវភៅផែនទីជីវិត គឺសុទ្ធសឹងតែជារឿងរ៉ាវពិតជាក់ស្តែងដែលលោកបានឆ្លងកាត់ ក៏ដូចជា រឿងរ៉ាវពាក់ព័ន្ធនឹងជំនឿដែលលោកធ្លាប់បានចាញ់បោកគេកន្លងមក។

ម្យ៉ាងវិញទៀត សៀវភៅផែនទីជីវិត ក៏និយាយផងដែរពីកលល្បិចនៃការបោកប្រាស់នៅក្នុងជំនួញក្រោមរូបភាពផ្សេងៗ ដូចជា រូបភាពវិនិយោគចំណេញប្រាក់ច្រើន ដាក់លុយបានលុយ ការធ្វើតំណាងចែកចាយផលិតផល ក៏ដូចជា ទីផ្សារបណ្តាញដែលសុទ្ធតែជាល្បិចកលដែលប្រជាពលរដ្ឋខ្មែរតែងតែជួបប្រទះ និងចាញ់បោក។
ឧកញ៉ា ជា តុងហ៊ួរ បានបញ្ជាក់ថា ល្បិចកលទាំងអស់នេះ គឺមានការបកអាក្រាត និងបកស្រាយបង្ហាញនៅក្នុងសៀវភៅផែនទីជីវិត ដើម្បីកុំឱ្យប្រជាពលរដ្ឋខ្មែរចាញ់បោកគេតទៅទៀត។ លើសពីនេះ សៀវភៅផែនទីជីវិត ក៏មានបង្ហាញពីរបៀបនៃការចាប់ផ្តើមរកស៊ី រកស៊ីបែបណាទើបទទួលបានផល ទើបទទួលបានជោគជ័យ និងបង្ហាញពីរបៀបនៃការដាក់ទុនវិនិយោគដែលត្រឹមត្រូវ និង មិនចាញ់បោកគេថែមទៀតផង។

ឧកញ៉ាវ័យក្មេង ជា តុងហ៊ួរ បានគូសបញ្ជាក់យ៉ាងច្បាស់ថា លោកចង់ឃើញប្រជាពលរដ្ឋយើងដើរលើផ្លូវត្រូវ ចង់ឃើញពួកគាត់ជោគជ័យ មិនចង់ឃើញឡើយពួកគាត់ចាញ់បោកគេ លង់ខ្លួន អស់លុយ រហូតជាប់បំណុលនៅធនាគារទៀត។ អ្វីដែលលោកបានឆ្លងកាត់ អ្វីដែលលោកធ្លាប់បានចាញ់បោកគេ លោកមិនចង់ឱ្យប្រជាពលរដ្ឋខ្មែរយើងដើរតាមគន្លងរបស់លោកឡើយ ដូច្នេះហើយទើបលោកខិតខំសរសេរចេញជាសៀវភៅផែនទីជីវិតនេះឡើង ៕
ដោយ ហេង សម្បត្តិ
