អភិវឌ្ឍអនាម័យម្ហូបអាហារ តាមដងផ្លូវ ដើម្បីលើកកម្ពស់សុខភាពសាធារណៈ និង ទាក់ទាញភ្ញៀវទេសចរ
(កំពង់ធំ)៖ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ កាលពីថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០២៥ បានប្រកាសដាក់ឱ្យអនុវត្តសាកល្បងគម្រោងលើកកម្ពស់អនាម័យម្ហូបអាហារតាមដងផ្លូវ នៅខេត្តកំពង់ធំ។ គម្រោងនេះជាផ្នែកមួយនៃយុទ្ធនាការចុះឈ្មោះ និងផ្សព្វផ្សាយស្តីពីអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្នុងមូលដ្ឋានខេត្តកំពង់ធំ។
គម្រោងនេះត្រូវបានជំរុញឡើងក្រោមសំណើរបស់ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ដើម្បីជួយដឹកនាំសម្របសម្រួល ការអនុវត្តគោលនយោបាយអនាម័យចំពោះអ្នកលក់ម្ហូបអាហារតាមដងផ្លូវ។ គោលដៅគឺដើម្បីលើកកម្ពស់សុខភាពសាធារណៈ និងពង្រឹងភាពទាក់ទាញសម្រាប់ភ្ញៀវទេសចរដែលធ្វើដំណើរឆ្លងកាត់ខេត្តនេះ។
ក្នុងអំឡុងពិធីផ្សព្វផ្សាយលើកទី ៥ ដែលចូលរួមដោយអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធប្រហែល ៣,០០០ នាក់ ឯកឧត្តម ហែម វណ្ណឌី បានថ្លែងថា៖ “តាមរយៈការអនុវត្តអនាម័យសាមញ្ញៗ ដូចជា ការស្លៀកពាក់ស្អាត ការរៀបចំសម្រង់បន្លែ សាច់ និងសំរាមឱ្យបានសមរម្យ បងប្អូនអាចការពារអតិថិជន និងបង្កើនឱកាសអាជីវកម្មរបស់ខ្លួន ព្រមទាំងជួយបង្កើតរូបភាពល្អសម្រាប់ខេត្តកំពង់ធំផងដែរ។”
ក្នុងគម្រោងសាកល្បងនេះ អ្នកជំនាញផ្នែកអនាម័យម្ហូបអាហារ នឹងសហការជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន និងអ្នកលក់ម្ហូបអាហារដែលស្ម័គ្រចិត្តចូលរួម ដើម្បីផ្តល់ការបណ្តុះបណ្តាល និងគាំទ្រអនុវត្តន៍ស្តង់ដារអនាម័យ។
រដ្ឋមន្ត្រីក៏បានរៀបរាប់អំពីអត្ថប្រយោជន៍នៃការចុះឈ្មោះជាផ្លូវការ រួមមាន៖ ការទទួលបានអត្តសញ្ញាណជាផ្លូវការការលើកលែងកាតព្វកិច្ចពន្ធការចូលរួមក្នុងបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)ការទទួលបានការបណ្តុះបណ្តាលជំនាញបច្ចេកទេសលទ្ធភាពប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការ និងការអភិវឌ្ឍអាជីវកម្ម ។
ឯកឧត្តម នួន ផារ័ត្ន ក៏បានលើកឡើងពីសមិទ្ធផលសំខាន់ៗរបស់ខេត្ត ក្នុងវិស័យដូចជា៖ ការទប់ស្កាត់ការទន្ទ្រានដីសាធារណៈការផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លីការពង្រីកសហគមន៍កសិកម្មទំនើបការកែលម្អសោភ័ណភាពទីក្រុង ដើម្បីទាក់ទាញទេសចរ និងវិនិយោគ
ខេត្តកំពង់ធំ ស្ថិតនៅចំកណ្តាលប្រទេសកម្ពុជា ជាខេត្តធំបំផុតទី ២ មានប្រជាជនប្រមាណ ៩០០,០០០ នាក់។ វាផ្អែកលើវិស័យកសិកម្ម និងទេសចរណ៍ជាផ្នែកសំខាន់នៃសេដ្ឋកិច្ច និងជាតំបន់ឈប់សំចតសំខាន់សម្រាប់អ្នកធ្វើដំណើររវាងភ្នំពេញនិងសៀមរាប ។
គិតត្រឹមថ្ងៃទី ២១ ខែឧសភា ឆ្នាំ២០២៥ ថ្នាលឌីជីថលចុះឈ្មោះសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានទទួលពាក្យស្នើសុំចំនួន ៧០,៧៧០ ក្នុងនោះខេត្តកំពង់ធំឈរនៅចំណាត់ថ្នាក់ទី ៨ ក្នុងរាជធានី-ខេត្តទាំងមូល ៕
ដោយ ៖ ប៊ុន រដ្ឋា








