លោក គីម ជុងអ៊ុន ឲ្យជើងខ្លាំងផលិតគ្រាប់បែក ទទួលខុសត្រូវទាំងស្រុងលើការខូចនាវាចម្បាំងថ្មី

បរទេស៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានសម្រេចឲ្យជើងខ្លាំង ជំនាញផលិតគ្រាប់បែក ទទួលខុសត្រូវទាំងស្រុង ចំពោះការបរាជ័យ កម្មវិធីសម្ពោធនាវាចម្បាំងថ្មី កាលពីសប្តាហ៍មុន នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរដ្ឋ KCNA ចេញផ្សាយបន្តដោយ ទីភ្នាក់ងារព័ត៌មាន BBC កាលពីថ្ងៃចន្ទនេះ។

លោក Ri Hyong-son អនុប្រធាននាយកដ្ឋានឧស្សាហកម្មគ្រាប់បែក របស់បក្សកម្មករ ដែលកំពុងកាន់អំណាច និងជាសមាជិក នៃគណៈកម្មាធិការយោធាកណ្តាលរបស់បក្ស ដែលមានសិទ្ធិលើកងទ័ពប្រជាជនកូរ៉េ និង ទទួលខុសត្រូវក្នុងការអភិវឌ្ឍន៍ និងអនុវត្តគោលនយោបាយយោធានោះ ត្រូវបានចាប់ឃាត់ខ្លួន យកមកទទួលខុសត្រូវ យ៉ាងធំធេង ក្រោយពេលដែលនាវាពិឃាតទម្ងន់ ៥,០០០ តោន បានខូចខាត នៅផ្នែកខាងក្រោម បាត់តុល្យភាព មិនអាចដំណើរការបាន នៅថ្ងៃសម្ពោធ ជាផ្លូវការ។

ការឃាត់ខ្លួន លោក Ri Hyong-son បានធ្វើឡើង ក្រោយប៉ុន្មានថ្ងៃ ដែលមន្ត្រីបីនាក់ រួមទាំង មេវិស្វករនាវាម្នាក់ ត្រូវចាប់ខ្លួន ជុំវិញបញ្ហានេះដូចគ្នា។

លោក Kim ធ្លាប់បានពិពណ៌នា បរាជ័យពិធីសម្ពោធ គឺជាបទឧក្រិដ្ឋ ដែលបានធ្វើឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់សេចក្តីថ្លៃថ្នូរ និងមោទនភាព របស់ប្រទេសជាតិ។ លោក Kim ចាត់ទុក នាវាចម្បាំងនោះថា ជា “របកគំហើញ” ក្នុងការធ្វើទំនើបកម្មកងទ័ពជើងទឹករបស់កូរ៉េខាងជើង ហើយបាននិយាយថា នាវានឹងត្រូវបានដាក់ពង្រាយ នៅដើមឆ្នាំក្រោយ។

យ៉ាងណាមិញ គេមិនទាន់ដឹងច្បាស់ទេថា តើពួកគេនឹងត្រូវប្រឈមមុខនឹងការដាក់ទណ្ឌកម្មបែបណា ប៉ុន្តែ សម្រាប់រដ្ឋផ្តាច់ការមួយនេះ មន្ត្រីដែលខ្លួនរកឃើញថា មានពិរុទ្ធ ពីបទធ្វើខុសចំពោះការងារ អាចប្រឈមដល់ទោសប្រហារជីវិត៕

ប្រភពពី BBC ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner