ឃាត់ខ្លួនតៃកុងរថយន្ដក្រឡុកស៊ីម៉ង់ត៍របស់ក្រុមហ៊ុន «ដ្រេហ្គនសុធី» បើកបុកម៉ូតូ បណ្ដាលឲ្យស្លាប់ម្នាក់ និងរបួសម្នាក់
ភ្នំពេញ៖ តៃកុងរថយន្ដក្រឡុកស៊ីម៉ង់ត៍ម្នាក់ របស់ក្រុមហ៊ុន «ដ្រេហ្គនសុធី» ត្រូវនគរបាលឃាត់ខ្លួនភ្លាមៗ បញ្ជូនទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីសាកសួរ បន្ទាប់ពីរូបគេបានបើរថយន្ដទៅបុកជាមួយម៉ូតូស្កុបពី១គ្រឿង បណ្ដាលឲ្យមានអ្នកស្លាប់ និងរបួសចំនួន២នាក់ ស្ថិតនៅតាមបណ្ដោយផ្លូវហាណូយ ក្នុងភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ នៅម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩នេះ។
មន្ត្រីនគរបាលបានឲ្យដឹងថា រថយន្តបង្កធុនធំម៉ាក FUSO ពណ៌ស ពាក់ស្លាក ភ្នំពេញ 5A-2349 ជារថយន្តដឹកបេតុងរបស់ក្រុមហ៊ុ «ដ្រេហ្គនសុធី» បើកបរដោយបុរសម្នាក់ឈ្មោះ អិន ឆេងហ័ន អាយុ២៩ឆ្នាំ មានទីលំនៅក្នុងភូមិកន្ទោងជើង សង្កាត់កន្ទោក ខណ្ឌកំបូល។ ចំណែកជនរងគ្រោះបាត់បង់ជីវិតឈ្មោះ ស៊ុ សាវ៉េត ភេទស្រី អាយុ២៩ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់ភូមិព្រៃព្រីងជើង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើតក្នុងភូមិទួលរកា ឃុំមេលំ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង។ ឯម្នាក់ទៀតរងរបួសស្រាលមានឈ្មោះ រឿន វិល័យ ភេទស្រី អាយុ២១ឆ្នាំ មុខរបរកម្មកររោងចក្រដូចគ្នា ទាំងការស្នាក់នៅ និងមានស្រុកកំណើតជាមួយគ្នា ដែលបានជិះម៉ូតូឌុបគ្នាម៉ាកស្កុបពី ពណ៌ស ពាក់ស្លាកលេខ កំពង់ឆ្នាំង 1H-6576។ 
ជនរងគ្រោះដែលរងរបួសស្រាលបានឲ្យថា រូបគេបានជិះម៉ូតូឌុបគ្នា២នាក់ ចេញមកតាំងពីស្រុកកំណើត ក្នុងបំណងមកផ្ទះជួលនៅសង្កាត់ចោមចៅ៣វិញ ដោយធ្វើដំណើរកាត់តាមបណ្ដោយផ្លូវហាណូយ ក្នុងទិសដៅពីជើងទៅត្បូង។ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តបង្កបើកពីត្បូងមកជើង បញ្ច្រាស់ទិសគ្នា ហើយរថយន្ដក៏បត់ឆ្លងផ្លូវ បណ្ដាលឲ្យជ្រុលចង្កូតមកបុកម៉ូតូរបស់គាត់ (ជនរងគ្រោះ) ឲ្យដួលរងរបួស និងម្នាក់ទៀតស្លាប់ភ្លាមៗតែម្ដង។
យ៉ាងណាក៏ដោយ ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋានខណ្ឌសែនសុខ សហការជាមួយកម្លាំងការិយាល័យចរាចរផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះទៅពិនិត្យវាស់វែងតាមជុំនាញភ្លាមៗ ដោយសាកសពប្រគល់ជូនឲ្យក្រុមគ្រួសារជនរងគ្រោះ។ ចំណែករថយន្តបង្ក និងម៉ូតូរបស់ជនងរងគ្រោះ ត្រូវបាននាំយកទៅរក្សាទុក ដើម្បីកសាងសំណុំរឿងចាត់ការបញ្ជូនតាមនិតិវិធីច្បាប់នៅពេលក្រោយ៕ម.ន ដោយៈ ហាស់ កំសាន្ដ
