សាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរី នាំយកអំណោយមនុស្សធម៌ផ្តល់ជូន ពលរដ្ឋ៨គ្រួសារ ដែលរងគ្រោះដោយភ្លើងឆេះផ្ទះ
ខេត្តរតនគិរី៖ ប្រជាពលរដ្ឋ៨គ្រួសារ ដែលរងគ្រោះដោយសារភ្លើងឆេះផ្ទះអស់ស្ទើរគ្មានសល់ ទទួលបានការគិតគូរ និងយកចិត្តទុកដាក់ ពីអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី លោក ថង សាវុន។ នៅថ្ងៃទី២០ឧសភា២០១៩ ត្រូវនឹងថ្ងៃរំលឹក«ទិវាជាតិនៃការចងចាំ» ជូនជនរួមជាតិ ដែលបានបាត់បង់ជីវិត ដោយឧក្រិដ្ឋកម្ម នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ លើកទី៤០ឆ្នាំ លោក ថង សាវុន អមដំណើរដោយ សមាជិក សមាជិកា គណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត ក្រុង និងស្រុកផងនោះ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ទៅផ្តល់ជូនគ្រួសាររងគ្រោះដោយគ្រោះអគ្គិភ័យ កាលពីថ្ងៃទី១៨ ខែឧសភា កន្លងទៅ ស្ថិតនៅក្នុងភូមិលោម ឃុំម៉ាលិក ស្រុកអណ្តូងមាស ខេត្តរតនគិរី។
អំណោយកាកបាទក្រហម ដែលត្រូវប្រគល់ជូនពលរដ្ឋរងគ្រោះទាំង៨គ្រួសារ គឺក្នុងមួយគ្រួសារទទួលបាន អង្ករ៣០គីឡូក្រាម កន្ទេលជ័រ១ មុង១ ភួយ១ សារុង១ ក្រមា១ ឆ្នាំងបាយ២ ចានបាយ១០ ចានសម្ល១០ ស្លាបព្រា១០ មី១កេស ត្រីខកំប៉ុង១យួរ ទឹកស៊ីអ៊ីវ១យួរ និងថវិកា២០ម៉ឺនរៀល។ អនុសាខា និងសប្បុរជន នៅក្នុងស្រុកអណ្តូងមាស ឧបត្ថម្ភថវិកា១លាន៣០ម៉ឺនរៀល ក្នុង១គ្រួសារ សម្រាប់៦គ្រួសារដែលរងគ្រោះធ្ងន់ និងគ្រួសាររងគ្រោះស្រាល ២គ្រួសារ ក្នុង១គ្រួសារ ទទួលបានថវិកា៤៨ម៉ឺនរៀល បន្ថែមទៀត។
លោក ថង សាវុន បានថ្លែងនាំប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្ដេចតែងតែគិតគូពីភាពសុខទុក្ខ របស់បងប្អូនប្រជាពលរដ្ឋក្រីក្រ ជនរងគ្រោះ និងជនងាយរងគ្រោះគ្រប់ប្រភេទ ដែលកំពុងជួបការលំបាក ដោយមិនប្រកាន់ ឬរើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីនោះឡើយ។ លោកបានថ្លែង ដោយសម្តែងនូវការសោកស្ដាយជាពន់ពេក ជាមួយក្រុមគ្រួសាររងគ្រោះ ដែលបានជួបនូវឧបទ្ទវហេតុនេះ បណ្តាលឲ្យបាត់បង់ផ្ទះសម្បែង សម្ភារ និងថវិកាយ៉ាងច្រើន ហើយធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសារយ៉ាងធ្ងន់នៅក្នុងពេលនេះ។ លោកថា ដោយមើលឃើញ ពីទុក្ខលំបាកទាំងអស់នេះហើយ ទើបនៅក្នុងថ្ងៃនេះ សាខា អនុសាខាកាកបាទក្រហម រួមជាមួយអាជ្ញាធរមូលដ្ឋាន បាននាំយកសម្ភារ និងថវិកាមួយចំនួនមកផ្តល់ជូនទុកជាការរួមចំណែកមួយផ្នែក ក្នុងការសម្រាលទុក្ខលំបាករបស់បងប្អូន គ្រាន់ទុកសម្រាប់ដោះស្រាយមួយគ្រាក្នុងពេលនេះ និងសូមបងប្អូនកុំអស់សង្ឃឹមឲ្យសោះ ឲ្យតែយើងនៅមានជីវិតរស់នៅ គឺបងប្អូនអាចប្រកបរបររកទទួលទាន ដើម្បីស្តាជីវភាពគ្រួសារឡើងវិញបាន។ លោកអភិបាលខេត្ត បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ នៅក្នុងតំបន់ដាច់ស្រយាលនោះ ត្រូវបង្កើនការប្រុងប្រយ័ត្នចំពោះការប្រើប្រាស់ភ្លើងចង្រ្កាន អគ្គិសនី និងភ្លើងឆេះព្រៃជាដើម ដែលជាប្រភពនៃគ្រោះថ្នាក់ ធ្វើឲ្យមានគ្រោះអគ្គិភ័យកើតឡើងជាយថាហេតុ នូវគ្រប់ពេលវេលា៕ម.ន ដោយ៖ឡុង សំបូរ





