អភិបាលស្រុកសណ្តាន់ ជំរុញមាតាគ្រប់រូបពេលមានផ្ទៃពោះ ត្រូវទៅពិនិត្យសុខភាព ឲ្យបានទៀងទាត់ និងត្រូវទៅសម្រាលកូននៅមណ្ឌលសុខភាព ឲ្យបានគ្រប់ពេលវេលា

ខេត្តកំពង់ធំ៖ អភិបាលស្រុកសណ្តាន់ ខេត្តកំពង់ធំ លោក ឡង គីស៊ឹង ជំរុញមាតាគ្រប់រូបពេលមានផ្ទៃពោះ ត្រូវទៅពិនិត្យសុខភាព ឲ្យបានទៀងទាត់ និងត្រូវទៅសម្រាលកូននៅមណ្ឌលសុខភាព ឲ្យបានគ្រប់ពេលវេលា។ ការជំរុញរបស់លោក បានធ្វើឡើងក្នុងឱកាសដែលអាជ្ញាធរស្រុកសណ្ដាន់ បានសហការជាមួយមន្ទីរសុខាភិបាលខេត្តកំពង់ធំ រួមនឹងអង្គការអាដ្រា ប្រារព្ធ «ទិវាឆ្មបជាតិ» នៅមណ្ឌលសុខភាពឈើទាល ស្ថិតនៅក្នុងឃុំឈើទាល ស្រុកសណ្ដាន់ នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩នេះ។ ពិធីនេះទៀត មានការចូលរួមពីកងកម្លាំងប្រដាប់អាវុធ អាជ្ញាធរស្រុក ភូមិ ឃុំ ប្រជាពលរដ្ឋ និសិស្សានុសិស្សជិត៤០០នាក់ ក្រោមជំនួយឧបត្ថម្ភគាំទ្រពី «អង្គការអាដ្រាកម្ពុជា» នៃគម្រោងអោប របស់ប្រទេសកាណាដា។ ការប្រារព្ធទិវាឆ្មបជាតិនេះឡើង គឺដើម្បីផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ឲ្យកាន់តែយល់ច្បាស់អំពីសារសំខាន់នៃទិវាឆ្មបជាតិ ក្រោមប្រធានបទ «ឆ្មប គឺជាអ្នកការពារសិទ្ធិស្ត្រី»។

អនុប្រធានអង្គការអាដ្រា គម្រោងអោប ប្រចាំស្រុកសណ្តាន់ ខេត្តកំពង់ធំ លោក កែន ចំរើន បានលើកឡើងថា ទិវាឆ្មបជាតិ ក្រោមប្រធានបទ «ឆ្មបគឺជាអ្នកការពារសិទ្ធិស្ត្រី» មានគោលបំណង ដើម្បីពង្រឹងការយល់ដឹងរបស់ម្តាយ ការផ្តល់ចំណេះដឹងចំពោះស្ត្រី និងប្រជាពលរដ្ឋនៅក្នុងសង្គម ឲ្យយល់ដឹងអំពីបញ្ហាផ្សេងៗ ជុំវិញកំណើត ជាពិសេស ការយល់ដឹងអំពីការថែទាំមុន និងក្រោយពេលសម្រាល និងជំរុញការលើកទឹកចិត្តបុរស ត្រូវឲ្យនាំប្រពន្ធមកសម្រាលកូន នៅមណ្ឌលសុខភាព ឲ្យបានគ្រប់ពេលវេលា។

ក្នុងឱកាសនោះដែរ អភិបាលស្រុកសណ្តាន់ លោក ឡង គីស៊ឹង បានថ្លែងថា ការសម្រាលកូនមិនមែនជាការងារស្រួលរបស់មនុស្សនោះទេ ដូច្នេះ ស្ដ្រីដែលមានផ្ទៃពោះ ត្រូវខិតខំថែរក្សាសុខភាពឲ្យបានល្អ ត្រូវហូបស្អាត ផឹកទឹកស្អាត និងត្រូវរស់នៅស្អាត ដើម្បីមានសុខភាពល្អ ហើយត្រូវទៅពិនិត្យសុខភាព និងទៅសម្រាលកូន នៅមណ្ឌលសុខភាព ឲ្យបានទៀងទាត់។ លោកថា មាតាគ្រប់រូបពេលដែលដឹងថា ជិតគ្រប់ខែហើយ និងដើម្បីឲ្យការសម្រាលកូនមានសុខភាពល្អ ក៏ត្រូវយល់យល់ដឹងពីអាហារូបត្ថម្ភផងដែរ។ លោកបានដាស់តឿន ដល់គ្រូពេទ្យនៅតាមមណ្ឌលសុខភាព ត្រូវអប់រំដល់មាតាគ្រប់រូប ឲ្យយល់ពីការសម្រាលកូន និងត្រូវធ្វើការពង្រឹង ហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធជួយការពារសុខមាលភាព របស់ប្រជាពលរដ្ឋ ឲ្យបានទាន់ពេលវេលា។ គ្រូពេទ្យប្រចាំនៅមណ្ឌលសុខភាពទាំងអស់ ត្រូវយកចិត្តទុកដាក់បម្រើសេវា ជូនប្រជាពលរដ្ឋឲ្យបានគ្រប់គ្រាន់ ជាពិសេស មណ្ឌលសុខភាព ត្រូវមានគ្រូពេទ្យប្រចាំការជាប្រចាំ សម្រាប់ជួយបងប្អូនដែលមានបញ្ហាសុខភាព និងទទួលសេវាផ្សេងៗ ពិសេស ត្រូវអប់រំមាតាឲ្យយល់ដឹងពីការសម្រាលកូន និងការថែទាំទារក ព្រមទាំងថែទាំសុខភាពមាតាផ្ទាល់។ ពេលមានជំងឺបងប្អូនត្រូវទៅមណ្ឌលសុខភាពដើម្បីពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យ ត្រូវព្យាយាមអប់រំ និងផ្សព្វផ្សាយពីសេវាព្យាបាលជំងឺ។

លោកក៏បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋ ឲ្យខិតខំថែរក្សាសុខភាព ដើម្បីមានសុខភាពល្អ ជាពិសេស ខ្លួនយើងជួយខ្លួនយើងជាមុនសិន។ លោក ឡង គីស៊ឹង បានថ្លែងអំណរគុណដល់អង្គការ អាដ្រាកម្ពុជា ប្រចាំខេត្តព្រះវិហារ និងខេត្តកំពង់ធំ នៃគម្រោងអោប ដែលឧបត្ថម្ភដោយកិច្ចការសកលនៃរដ្ឋាភិបាលកាណាដា និងអង្គការអាដ្រាកាណាដា ដែលបានជួយឧបត្ថម្ភគាំទ្រទាំងថវិកា និងសម្ភារ សម្រាប់ទ្រទ្រង់ដល់ការអភិវឌ្ឍនៅកម្ពុជា ដែលជាប្រទេសមួយ ទើបមានសុខសន្តិភាព ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា៕ម.ន ដោយ៖ឡុង សំបូរ

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner