គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត៖ ដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៩ នឹងប្រព្រឹត្ដទៅជាធម្មតា
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់ថា (គ.ជ.ប) បានអះអាងថា ដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៩ នឹងប្រព្រឹត្ដទៅជាធម្មតា បើទោះបីជាមានបញ្ហាអាកាសធាតុ និងបញ្ហាសម្ភារបរិកា្ខរមួយចំនួនក៏ដោយ។

ថ្លែងក្នុងកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធ នាព្រឹកថ្ងៃទី ២១ ខែឧសភា នៅទីស្ដីការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) ឯកឧត្ដម ឌុច សុន សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងជាប្រធានដឹកនាំកិច្ចប្រជុំ មានប្រសាសន៍ថា ដោយដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៩ ស្ថិតក្នុងខែវស្សា ដូចនេះ ឃុំ សង្កាត់ មួយចំនួនមានភ្លៀងធ្លាក់ខ្លាំង ឬតិចទៅតាមតំបន់ ដែលនាំឲ្យប្រជាពរដ្ឋមានការលំបាកក្នុងការធ្វើដំណើរ និងមិនសូវមានសេវាអ៊ីធឺណេត។

ឯកឧត្ដមបញ្ជាក់ថា បើទោះបីជាមានបញ្ហាអាកាសធាតុ និងបញ្ហាសម្ភារបរិកា្ខមួយចំនួន ដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៩ នឹងប្រព្រឹត្ដទៅជាធម្មតា ដោយមានការសហការរវាងអ្នកបច្ចេកទេសថ្នាក់លេខាធិកាដ្ឋានរាជធានីខេត្ដ រៀបចំការបោះឆ្នោត និងអ្នកបច្ចេកទេសថ្នាក់ជាតិ ក្នុងការដោះស្រាយបញ្ហាបច្ចេកទេសផ្សេងៗឲ្យបានទាន់ពេលវេលា។

សូមបញ្ជាក់ថា លទ្ធផលបណ្ដោះអាសន្នគិតត្រឹមថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩ ត្រឹមម៉ោង៦ល្ងាច មានចំនួន៨,៦២៦,៧២៩នាក់ ត្រូវនឹង៨៤.៧៥ភាគរយ។ សរុបអ្នកចុះឈ្មោះថ្មីឆ្នាំ២០១៩ មានចំនួន ១០២,១៨០(មួយរយពីរពាន់មួយរយប៉ែតសិប)នាក់ ត្រូវនឹង២៧.៤២ភាគរយ។ បច្ចុប្បន្នបញ្ជីបោះឆ្នោតឆ្នាំ២០១៩ លុបចេញពីបញ្ជី៣៧,៩០៤(សាមសិបប្រាំពីរពាន់ ប្រាំបួនរយបួន)នាក់ កែតម្រូវ១,៩១៣(មួយពាន់ប្រាំបួនរយដប់បី)នាក់ និងផ្ទេចូល១៧,៥៦៨(ដប់ប្រាំពីរពាន់ប្រាំរយហុកសិបប្រាំបី)នាក់៕ធ.ដ

