ប្រធានក្រុមការងារពង្រឹងស្រុកតំបែរបញ្ជាក់ថា៖ គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ ក៏ដូចជារាជរដ្ឋាភិបាល គឺជាស្ថាបនិកតែ១គត់ ក្នុងការទប់ស្កាត់មិនឲ្យរបបប្រល័យពូជសាសន៍នេះ កើតមានជាលើកទី២ នៅលើទឹកដីអង្គរនៃយើង

អត្ថបទដោយ៖
Kien Sereyvuth

នៅស្នាក់ការបក្សស្រុកតំបែរ នាព្រឹកថ្ងៃចន្ទ ទី២០ ខែឧសភា ឆ្នាំ២០១៩ បានរៀបចំពិធី ទិវាជាតិការចងចាំ ២០ឧសភា ក្រោមអធិបតីភាពឯកឧត្តម វេង សាខុន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកតំបែរ ខេត្តត្បូងឃ្មុំ។

ពិធីនេះក៏មានការនិមន្ត និងអញ្ជើញចូលរួមពីសំណាក់ព្រះតេជព្រះគុណព្រះសង្ឃ និងសមាជិកក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំ និងក្រុមប្រឹក្សាឃុំទាំង៣ គឺឃុំតំបែរ ត្រពាំងព្រីង និងគោកស្រុក មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិក្សានុសិស្ស ប្រជាពលរដ្ឋប្រមាណ ៦០០នាក់។

 

ឯកឧត្តមវេង សាខុន បានលើកឡើងថា ទិវា ២០ឧសភា គឺជាថ្ងៃដែលប្រជាជនកម្ពុជាទូទាំងប្រទេស បានកំណត់យកជាថ្ងៃរំលឹកដល់វិញ្ញាណក្ខន្ធ បងប្អូនប្រជាជនខ្មែរ កម្មាភិបាល យុទ្ធជន យុទ្ធនារី ដែលបានបាត់បង់ជីវិត ដោយភាពអយុត្តិធម៌បំផុត ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលជាថ្ងៃធ្វើឲ្យប្រជាជនកម្ពុជាយើង មិនអាចបំភ្លេចបាន នូវប្រវត្តិជូរចត់រស់នៅក្នុងសមុទ្រឈាម នឹងទឹកភ្នែក ហើយត្រូវបានចារិកទុកនៅក្នុងក្រអៅបេះដូងរបស់ប្រជាជនកម្ពុជាយើងគ្រប់ៗរូប។

ឯកឧត្តម បន្តថា ថ្វីត្បិតស្រមោលអន្ធកាលដ៏ខ្មៅងងឹត បានកន្លង ផុតទៅ៤ទស្សវត្សក៏ដោយចុះ តែស្លាកស្នាម នៃសោកនាដកម្មប្រល័យពូជសាសន៍ នៅតែដក់ជាប់ក្នុង បេះដូងកូនខ្មែរគ្រប់ៗរូប និងហាក់ដូចជានៅថ្មីៗស្រស់ៗនៅឡើយ។ មហាសោកនាដកម្ម និងវិនាសកម្ម ប្រល័យពូជសាសន៍ នៃរបបដ៏ព្រៃផ្សៃ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ បានធ្វើឲ្យជីវិតជនស្លូតត្រង់ នៃប្រជាជនកម្ពុជាជាង៣លាននាក់ ត្រូវបានសម្លាប់ និងរាប់លាននាក់ទៀត បានព្រាត់ប្រាស់បែកបាក់គ្រួសារ ហើយក៏ពុំមានគ្រួសារខ្មែរណាម្នាក់ ដែលមិនបាត់បង់សមាជិកគ្រួសារនោះទេ។ ៧ មករា ១៩៧៩ គឺជាថ្ងៃជ័យជំនះ ជាប្រវត្តិសាសន៍ របស់ប្រជាជនកម្ពុជា ដែលបានវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុលពត បញ្ចប់សម័យកាលដ៏ខ្មៅងងឹតបំផុត នៃកម្ពុជា ហើយបើក ឡើងនូវទំព័រសករាជថ្មី គឺឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាព សង្គម។

ឯកឧត្តម មានប្រសាសន៍បន្តថា គណបក្សប្រជាជនកម្ពុជាដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ ក៏ដូចជារាជរដ្ឋាភិបាល គឺជាស្ថាបនិកតែ១គត់ ក្នុងការទប់ស្កាត់មិនឲ្យរបបប្រល័យពូជសាសន៍នេះ កើតមានជាលើកទី២ នៅលើទឹកដីអង្គរនៃយើង និងរួមគ្នាថែរក្សាសុខសន្តិភាព ដែលរាជរដ្ឋាភិបាលខំប្រឹងរកបានដោយលំបាកនេះឲ្យបានស្ថិតស្ថេរគង់វង់ ក៏ដូចរួមគ្នាទប់ស្កាត់ឲ្យបាននូវរាល់ឧបាយកលរបស់ពួកអគតិ ដែលមានបំណងនាំប្រទេសកម្ពុជាឲ្យទៅធ្លាក់ក្នុង     រណ្តៅមរណៈជាថ្មី និងបង្កអសន្តិសុខ ប៉ះពាល់ស្ថេរភាពសង្គម និងសណ្តាប់ធ្នាប់សាធារណៈក៏ដូចជាភាពសុខសាន្ត របស់ប្រជាពលរដ្ឋ។

ឯកឧត្តមប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកតំបែរ ខេត្តត្បូងឃ្មុំ និងស្រុកកំពង់សៀម ខេត្តកំពង់ចាម រួមនិងសហការីបានបន្តដំណើរ ទៅពិនិត្យវឌ្ឍនភាពនៃការសាងសង់ស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំត្រពាំងព្រីង ស្រុកតំបែរ ដែលរំពឹងថា នឹងបញ្ចប់ការសាងសង់ និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅខែកញ្ញា ខាងមុខនេះ។ ឯកឧត្តម ក៏បានប្រគល់សំបុត្រកំណើត និងឧបត្ថម្ភនូវថវិកាមួយចំនួនតាមគោលការណ៍ ក៣ ជូនស្ត្រីដែលទើបតែបានសំរាលកូនចំនួន ២០នាក់ ដោយក្នុងមួយនាក់ទទួលបាន ១០ម៉ីនរៀលផងដែល៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner