ប៉ាគីស្ថានទទូចឱ្យរដ្ឋអ៊ីស្លាមទូទាំងពិភពលោករួមគ្នាប្រឆាំងអ៊ីស្រាអែល

អ៊ីស្លាម៉ាបាត ៖ ប្រមុខការពារជាតិប៉ាគីស្ថានបានអំពាវនាវឱ្យបណ្តារដ្ឋអ៊ីស្លាមជុំវិញពិភពលោក រួបរួមគ្នាប្រឆាំងនឹងអ៊ីស្រាអែល បន្ទាប់ពីប្រទេសនេះបានវាយប្រហារលើទីតាំងយោធា និងនុយក្លេអ៊ែរអ៊ីរ៉ង់។

រដ្ឋមន្ត្រីការពារជាតិប៉ាគីស្ថាន លោក ខាវ៉ាចា អាស៊ីហ្វ បានព្រមានថា បើសិនគ្មានសកម្មភាពជាសមូហភាពប្រឆាំងនឹងអ៊ីស្រាអែលនោះទេ នឹង ជំរុញឱ្យមានការវាយប្រហារបន្ថែមទៀតនៅទូទាំងតំបន់មជ្ឈិមបូព៌ា។

ថ្លែងនៅក្នុងសភាជាតិកាលពីថ្ងៃសៅរ៍ លោក អាស៊ីហ្វ បានអះអាងថា អ៊ីស្រាអែលមិនបានធ្វើសកម្មភាពតែម្នាក់ឯងទេ ពួកគេប្រាកដជាបានទទួលការស៊ើបការណ៍សម្ងាត់ និងការគាំទ្រពីដៃគូ ដូច្នេះពិភពមូស្លីមនៅតែងាយរងគ្រោះដោយយោធា បើសិនគ្មានការឆ្លើយតបរួមគ្នាទេនោះ។

ប្រមុខការពារជាតិប៉ាគីស្ថានរូបនេះ បានប្រាប់សមាជិកសភាថា ដូចដែលអ៊ីស្រាអែលកំពុងធ្វើលើយេម៉ែន អ៊ីរ៉ង់ និងប៉ាឡេស្ទីន ប្រសិនបើពិភពអ៊ីស្លាមមិនរួបរួមគ្នានៅថ្ងៃនេះ ហើយបន្តផ្តល់អាទិភាពដល់ផលប្រយោជន៍របស់ខ្លួនទេ នោះវេនរបស់អ្នកគ្រប់គ្នានឹងមកដល់។

លោក អាស៊ីហ្វ បានអំពាវនាវឱ្យអង្គការនៃកិច្ចសហប្រតិបត្តិការអ៊ីស្លាម (OIC) កោះប្រជុំ និងបង្កើតយុទ្ធសាស្រ្ត ដើម្បីប្រឈមមុខនឹងអ៊ីស្រាអែល។ លោកថា កន្លែងណាមានទំនាក់ទំនងការទូតជាមួយអ៊ីស្រាអែលនៅក្នុងពិភពអ៊ីស្លាម ពួកគេគួរតែត្រូវបានកាត់ផ្តាច់ ហើយថា ប៉ាគីស្ថានឈរនៅខាងអ៊ីរ៉ង់ និងគាំទ្រទីក្រុងតេហេរ៉ង់នៅគ្រប់វេទិកាអន្តរជាតិ ដើម្បីការពារផលប្រយោជន៍របស់ពួកគេ៕

ប្រភព ៖ RT ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner