អ៊ីស្រាអែលវាយប្រហារទូរទស្សន៍រដ្ឋអ៊ីរ៉ង់
បរទេស ៖ អគ្គីភ័យបានឆាបឆេះ អគារទូរទស្សន៍រដ្ឋ របស់អ៊ីរ៉ង់ IRIB ស្ថិតក្នុងទីក្រុងតេអេរ៉ង់ បន្ទាប់ពីរងការវាយប្រហារ ពីសំណាក់អ៊ីស្រាអែល កាលពីថ្ងៃចន្ទ នេះបើតាមរូបភាព ដែលចេញផ្សាយដោយគេហទំព័រអនឡាញ របស់តុលាការអ៊ីរ៉ង់។
អ៊ីរ៉ង់បានថ្កោលទោស ការវាយប្រហារនេះ ថា ជា “ឧក្រិដ្ឋកម្មសង្គ្រាម” ហើយបានអំពាវនាវឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ចាត់វិធានការ។
ការផ្សាយផ្ទាល់ របស់ IRIB ត្រូវបានរំខាន ពោលគឺចំពេលដែលអ្នកអត្ថាធិប្បាយព័ត៌មាន កំពុងធ្វើសេចក្តីរាយការណ៍ព័ត៌មាន ស្រាប់តែមានការផ្ទុះមួយ បានកើតឡើង ធ្លាក់កំទេចកំទី ពីលើពិដាន ផ្អាកប្រតិបត្តិការ ភ្លាមៗ។
នៅមុនការវាយប្រហារនេះ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល បាននិយាយថា «ការឃោសនាព័ត៌មាន និងការញុះញង់ របស់អ៊ីរ៉ង់ នឹងរលាយបាត់»។
គួរបញ្ជាក់ថា អ៊ីស្រាអែល បានបើកការវាយប្រហារទ្រង់ទ្រាយធំលើប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃសុក្រ សប្តាហ៍មុន ក្រោយពេលការចរចាកម្មវិធីនុយក្លេអ៊ែរ របស់អ៊ីរ៉ង់ ជាមួយអាមេរិក ហាក់មិនមានលទ្ធផល ហើយទាំងអ៊ីស្រាអែល និងអាមេរិក ធ្លាប់បានព្រមានថា ដល់បន្ទាត់ក្រហមហើយ៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត
