អាមេរិកបញ្ជូនយន្តហោះចាក់ប្រេងទ្រង់ទ្រាយធំទៅមជ្ឈិមបូព៌ា

វ៉ាស៊ីនតោន ៖ អាមេរិកត្រូវបានគេរាយការណ៍ថា បានដាក់ពង្រាយកងយន្តហោះចាក់ប្រេងពីលើអាកាសជាង ៣០គ្រឿងឆ្លងកាត់មហាសមុទ្រអាត្លង់ទិកឆ្ពោះទៅកាន់តំបន់មជ្ឈិមបូព៌ា ស្របពេលជម្លោះអ៊ីស្រាអែល និងអ៊ីរ៉ង់កាន់តែក្តៅគគុក នេះបើតាមការចុះផ្សាយរបស់ទស្សនាវដ្តីតាមដានយោធាកាលពីថ្ងៃចន្ទ។

យោងតាមទិន្នន័យតាមដានការហោះហើរបានឱ្យដឹងថា អាមេរិកបានចាប់ផ្តើមដាក់ពង្រាយកងយន្តហោះចាក់ប្រេងពីលើអាកាស KC-135 និង KC-46 ទៅកាន់តំបន់មជ្ឈិមបូព៌ារួចហើយ។

របាយការណ៍ដដែលបានឱ្យដឹងទៀតថា កងយន្តហោះដឹកប្រេងមកពីប្រទេសលោកខាងលិចផ្សេងទៀតក៏បានចូលរួមក្នុងប្រតិបត្តិការនេះផងដែរ ហើយអាមេរិកត្រូវបានគេជឿថា បានផ្តល់ព័ត៌មានស៊ើបការណ៍សម្ងាត់ ទិន្នន័យគោលដៅតាមផ្កាយរណប និងការគាំទ្រផ្នែកការពារមីស៊ីល។

បើតាមទស្សនាវដ្ដីតាមដានយោធា កងយន្តហោះចាក់ប្រេងទាំងនេះត្រូវបានបញ្ជូនទៅកាន់មជ្ឈិមបូព៌ា ក្នុងគោលបំណងជួយដល់ប្រតិបត្តិការរបស់កងទ័ពអាកាសអ៊ីស្រាអែល ឬក៏ចាក់សាំងដល់យន្តហោះចម្បាំង និងយន្តហោះទម្លាក់គ្រាប់បែកអាមេរិក ក្នុងករណីដែលទីក្រុងវ៉ាស៊ីនតោនលូកដៃចូលក្នុងសង្គ្រាមប្រឆាំងអ៊ីរ៉ង់ដែរ។

ទស្សនាវដ្តីនេះបានចាត់ទុកស្ថានការណ៍វិវត្តន៍ចុងក្រោយនេះ ជារឿងមិនធ្លាប់មានពីមុនមក ហើយថា សកម្មភាពនេះទំនងជាបង្ហាញពីការចូលរួមរបស់អាមេរិកកាន់តែបើកចំហរ នៅក្នុងសង្គ្រាមអ៊ីស្រាអែល និងអ៊ីរ៉ង់ដែលកំពុងឆេះរោលរាលនៅមជ្ឈិមបូព៌ា ឈានចូលដល់ថ្ងៃទីបួននៃអរិភាព។

ហើយថ្មីៗនេះ លោកប្រធានាធិបតី ត្រាំ ក៏ធ្លាប់បានបង្ហោះសារព្រមានលើបណ្តាញសង្គម Truth Social ដែរថា ប្រសិនបើអាមេរិករងការវាយប្រហារដោយអ៊ីរ៉ង់ ទោះបីក្នុងទម្រង់ណាមួយក៏ដោយ នោះកងកម្លាំងប្រដាប់អាវុធអាមេរិកនឹងវាយប្រហារសងសឹកវិញក្នុងកម្រិតដែលមិនធ្លាប់មានពីមុនមក។ យ៉ាងណា លោកនៅតែទទូចថា អាមេរិកគ្មានអ្វីពាក់ព័ន្ធនឹងការវាយប្រហារលើអ៊ីរ៉ង់ទេ ហើយបានអំពាវនាវឲ្យទីក្រុងតេហេរ៉ង់វិលទៅរកការចរចាវិញ៕

ប្រភព ៖ RT ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner