ប្រទេសវៀតណាមសម្រេចថា នឹងតំឡើងពន្ធលើស្រា ឲ្យកើនដល់៩០%

បរទេស៖ ប្រទេសវៀតណាមបានសម្រេចថា នឹងតំឡើងពន្ធលើគ្រឿងស្រវឹង ឲ្យកើនដល់៩០ភាគរយ ក្នុងគោលបំណងកាត់បន្ថយការផឹកស្រា របស់ប្រជាជន នេះបើតាមការចេញផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន VEexpress។

រដ្ឋសភាវៀតណាមបានអនុម័តផែនការដំឡើងពន្ធនេះ កាលពីចុងសប្តាហ៍ ។ នៅក្រោមច្បាប់ថ្មី អត្រាពន្ធលើស្រាបៀរ និងស្រា នឹងកើនឡើងដល់ ៧០% នៅឆ្នាំ២០២៧ មុននឹងឈានដល់ ៩០% នៅឆ្នាំ២០៣១។

បច្ចុប្បន្ន វៀតណាមបានដាក់ពន្ធ ៦៥% លើផលិតផលទាំងនេះ ហើយសំណើដំបូង កាលពីឆ្នាំមុន ធ្លាប់បានស្នើឲ្យដំឡើងពន្ធ រហូតដល់១០០% ។ ក្រសួងហិរញ្ញវត្ថុបាននិយាយថា គោលបំណងនៃការដំឡើងពន្ធខ្ពស់ គឺដើម្បីទប់ស្កាត់ការផឹកគ្រឿងស្រវឹង ដែលប៉ះពាល់ដល់សុខភាព និងបង្កគ្រោះថ្នាក់ចរាចរណ៍។

យោងតាមរបាយការណ៍ របស់ទីភ្នាក់ងារប្រឹក្សា KPMG ក្នុងឆ្នាំ២០២៤ បានឱ្យដឹងថា ប្រទេសវៀតណាម គឺជាទីផ្សារស្រាបៀរធំទីពីរ ប្រចាំនៅតំបន់អាស៊ីអាគ្នេយ៍។

យ៉ាងណាមិញ ឧស្សាហកម្មស្រាបៀររបស់វៀតណាម មានទាំងក្រុមហ៊ុនបរទេស និងក្រុមហ៊ុនក្នុងស្រុក បានប្រឈមមុខនឹងបញ្ហារួចហើយ ពីច្បាប់ស្តីពីការបើកបរ មានជាតិស្រវឹងដ៏តឹងរ៉ឹង ដែលបានអនុវត្ត តាំងពីឆ្នាំ២០១៩។

ប្រធានសមាគមស្រាបៀរ និងគ្រឿងស្រវឹងរបស់ប្រទេសវៀតណាម បាននិយាយថា ប្រាក់ចំណូលក្នុងឧស្សាហកម្មបានធ្លាក់ចុះ ក្នុងរយៈពេលបីឆ្នាំ ចុងក្រោយនេះ។

គួរបញ្ជាក់ថា ក្រៅពីផែនការ តំឡើងពន្ធលើស្រា កាលពីចុងសប្តាហ៍ សភាវៀតណាមក៏បានអនុម័តលើការយកពន្ធថ្មី ៨% លើភេសជ្ជៈដែលមានជាតិស្ករខ្ពស់ ដែលនឹងចូលជាធរមាន នៅឆ្នាំ២០២៧ មុនពេលតំឡើង ដល់១០% នៅឆ្នាំបន្ទាប់៕

ប្រភពពី VNexpress ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner