តែងតាំងឯកឧត្តម IMAMURA Masahiro អតីតប្រធានសម្ព័ន្ធមិត្តភាពសភាជប៉ុន-កម្ពុជា ជាទីប្រឹក្សាផ្ទាល់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា

នៅរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានរៀបចំនូវកម្មវិធី៖ ១)ប្រគល់ព្រះរាជក្រឹត្យលេខពរល.២៥០២.៣១១ ចុះថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ ស្តីពីការតែងតាំងឯកឧត្តម IMAMURA Masahiro អតីតប្រធានសម្ព័ន្ធមិត្តភាពសភាជប៉ុន-កម្ពុជា ជាទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា និង២) អនុក្រឹត្យរបស់រាជរដ្ឋាភិបាល លេខ៖ ១១៤៣ អនក្រ.តត ចុះថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ស្តីពីការសម្រេចបំពាក់មេដាយសហមេត្រី ថ្នាក់អស្សប្ញទ្ធិ ជូនឯកឧត្តម IMAMURA Masahiro។ កម្មវិធីនេះមានការអញ្ជើញចូលរួមជាអធិបតីដោយ លោកជំទាវ YUKO Obuchi សមាជិកសភា និងជាប្រធានសម្ព័ន្ធមិត្តភាពសភាជប៉ុន-កម្ពុជា និងមានការអញ្ជើញចូលរួមជាភ្ញៀវកិត្តិយស ពីសំណាក់ ឯកឧត្តម FUJII Hisayuki រដ្ឋលេខាធិការក្រសួងការបរទេសជប៉ុន សមាជិកសភាជប៉ុន៣រូប និងតំណាងក្រសួងការបរទេសជប៉ុនផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានប្រគល់ព្រះរាជក្រឹត្យ និងអនុក្រឹត្យរបស់រាជរដ្ឋាភិបាលដូចបានជម្រាបជូនខាងលើ និងបានបំពាក់មេដាយសហមេត្រី ថ្នាក់អស្សប្ញទ្ធិ ជូនឯកឧត្តម IMAMURA Masahiro។

ឯកឧត្តម ឯកអគ្គរាជទូត ព្រមទាំងលោកជំទាវ YUKO Obuchi បានសម្តែងនូវអំណរសាទរ និងវាយតម្លៃខ្ពស់ចំពោះ ឯកឧត្តមIMAMURA Masahiro ក្នុងតួនាទីដឹកនាំសម្ព័ន្ធមិត្តភាពសភាជប៉ុន-កម្ពុជា ជាច្រើនឆ្នាំកន្លងមក ដែលបានរួមចំណែកក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងកម្ពុជា-ជប៉ុន ឱ្យកាន់តែរឹងមាំ ក៏ដូចជាការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌសម្ព័ន្ធមិត្តភាពលើគ្រប់វិស័យនាពេលកន្លងមក ក្រោមការអនុវត្តភាពជាដៃគូរយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។ បន្ថែមពីលើនេះ លោកស្រីជាតំណាងក្រសួងការបរទេសជប៉ុន ក៏បានឡើងអានសារអបអរសាទររបស់ឯកឧត្តម IWAYA Takeshi រដ្ឋមន្ត្រីការបរទេសជប៉ុន ជូនចំពោះ ឯកឧត្តម Imamura ផងដែរ។

មុននឹងបញ្ចប់ ឯកឧត្តម Imamura បានសម្តែងនូវអំណរគុណដ៏ជ្រាលជ្រៅជូន ចំពោះសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានសម្រេចតែងតាំងឯកឧត្តមផ្ទាល់ ជាទីប្រឹក្សាសម្តេច ក៏ដូចជាការសម្រេចផ្តល់មេដាយសហមេត្រី ជូនដល់ឯកឧត្តម និងបានប្តេជ្ញាថា ឯកឧត្តមនឹងខិតខំរួមចំណែកក្នុងការពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-ជប៉ុន អោយកាន់តែមានភាពកក់ក្តៅ និងរីកចម្រើនថែមទៀត៕
ដោយ៖ពលជ័យ
រូបភាព៖ស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន

ads banner