ប្រមុខការទូត ៖ កម្ពុជា តែងប្រកាន់ជំហរដោះស្រាយទំនាស់ខណ្ឌសីមាព្រំដែន តាមសន្តិវិធី ដោយផ្អែកលើមូលដ្ឋានច្បាប់
(ភ្នំពេញ)៖ កម្ពុជា តែងប្រកាន់ជំហរដោះស្រាយទំនាស់ខណ្ឌសីមាព្រំដែន តាមសន្តិវិធី ដោយផ្អែកលើមូលដ្ឋានច្បាប់អន្តរជាតិ រួមទាំងការទៅរកជំនួយពីតុលាការយុត្តិធម៌អន្តរជាតិ ។

នេះជាការគូសបញ្ចាក់របស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញជួបជាមួយសមាជិកអង្គទូតប្រចាំនៅកម្ពុជា នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដើម្បីជូនព័ត៌មានជុំវិញបញ្ហាតានតឹងនៅព្រំដែនកម្ពុជា-ថៃ និងការសម្រេចរបស់ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើលិខិតជម្រាបជូន តុលាការយុត្តិធម៌អន្តរជាតិ (International Court of Justice) អំពីបំណងស្នើសុំដោះស្រាយ បញ្ហាទំនាស់ព្រំដែនកម្ពុជា-ថៃ នៅតំបន់ចំនួនបួនគឺ មុំបី ប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំ និងប្រាសាទតាក្របី ។

បើតាមក្រសួងការបរទេស ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានបញ្ជាក់ជូនអង្គទូតថា កម្ពុជា តែងប្រកាន់ជំហរដោះស្រាយទំនាស់ខណ្ឌសីមាព្រំដែន ជាមួយប្រទេសជិតខាងតាមសន្តិវិធី ដោយផ្អែកលើមូលដ្ឋានច្បាប់អន្តរជាតិ រួមទាំងការទៅរកជំនួយពីតុលាការយុត្តិធម៌អន្តរជាតិ ដើម្បីបញ្ចៀសកំណើនភាពតានតឹង និងហានិភ័យនៃការប្រើកម្លាំងយោធា ។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានបញ្ជាក់ជូនអង្គទូតទៀតថា តំបន់ទាំង៤ ខាងលើ បានបន្តស្ថិតនៅជាឆ្នួនបំផ្ទុះអារិភាព រវាងប្រជាជនទាំងពីរ និងការប៉ះទង្គិចគ្នា ដោយអាវុធ បើទោះជាមានការខិតខំដោះស្រាយតាមយន្តការទ្វេភាគី អស់រាប់ទសវត្សរ៍មកហើយក្តី ។

សូមជម្រាបថា កាលពីថ្ងៃទី១៦ ខែមិថុនា វេលាម៉ោង ១១:៣០នាទីព្រឹក នៅទីក្រុងឡាអេ ត្រូវនឹងម៉ោង ៤:៣០នាទី ល្ងាចនៅរាជធានី ភ្នំពេញ លិខិតផ្លូវការរបស់កម្ពុជា ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីជួយស្វែងរកដំណោះស្រាយបញ្ហាវិវាទ ព្រំដែននៅតំបន់ ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ត្រូវបានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសហូឡង់ ប្រគល់ជូនដោយ ផ្ទាល់ដៃ ដល់លោកក្រឡាបញ្ជី Philippe Gautier នៅតុលាការ យុត្តិធម៌អន្តរជាតិ ។
ជុំវិញសំណុំរឿងនេះដែរ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា កម្ពុជា មិនដកថយទេ ពាក់ព័ន្ធនឹងការស្នើសុំ ឱ្យតុលាការយុត្តិធម៌អន្តរជាតិ ជួយដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ នៅប្រាសាទ តាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី
ពីព្រោះពុំអាចដោះស្រាយតាមយន្តការទ្វេភាគីបានទេ ៕
សួង ពិសិដ្ឋ
