សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ កាយរឹទ្ធិជាតិកម្ពុជា ជាអង្គការអប់រំស្ម័គ្រចិត្តធ្វើសកម្មភាព ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍកុមារ និងយុវជន

(ភ្នំពេញ)៖ កាយរឹទ្ធិជាតិកម្ពុជា គឺជាអង្គការអប់រំស្ម័គ្រចិត្តសម្រាប់កុមារ និងយុវជន មិនធ្វើនយោបាយ និងមិនរើសអើង ដោយធ្វើសកម្មភាពដើម្បីរួមចំណែកក្នុងការអភិវឌ្ឍកុមារ និងយុវជន ឱ្យមានសក្តានុពលពេញលេញ ឱ្យក្លាយទៅជាពលរដ្ឋល្អ មានការទទួលខុសត្រូវ ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដូច្នេះក្នុងពិធីបិទមហាសន្និបាតវិសាមញ្ញកាយរឹទ្ធិជាតិកម្ពុជា នៅរាជធានីភ្នំពេញ នាល្ងាចថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រុមប្រឹក្សា និងគណៈកម្មាធិការប្រតិបតិ្ត ក.ជ.ក. ថ្នាក់ជាតិ រាជធានីខេត្ត ក្រុងស្រុកខណ្ឌ ក្មួយៗកាយរឹទ្ធិប្អូន កាយរឹទិ្ធជំទង់ និងកាយរឹទិ្ធរៀមច្បង ចំនួន១២០០នាក់ ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្ដីសោមនស្ស ដោយបានចូលរួមក្នុងពិធីបិទមហាសន្និបាតវិសាមញ្ញកាយរឹទ្ធិជាតិកម្ពុជា ដែលបានប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ ប្រកបដោយជោគជ័យ ។

សម្តេចធិបតី ក៏បានឧទ្ទិសសមិទ្ធផលដ៏ត្រចះត្រចង់របស់កាយរឹទ្ធជាតិកម្ពុជា ជូនសម្តេចវិបុល បញ្ញា សុខ អាន អតីតប្រធានកាយរឹទ្ធិជាតិកម្ពុជា ព្រមទាំងកាយរឹទ្ធាចារ្យទាំងអស់ ដែលបានលះបង់អស់ពីកម្លាំងកាយចិត្ត និង បានធ្វើពលិកម្មគ្រប់បែបយ៉ាង ដើម្បីអភិវឌ្ឍចលនាកាយរឹទ្ធិជាតិកម្ពុជា ដោយសម្រេចបានសមិទ្ធផលគួរជាទីមោទនៈ ជាច្រើននាពេលកន្លងទៅ ។

សម្តេចធិបតី បានរំលឹកថា កាយរឹទ្ធិជាតិកម្ពុជា ត្រូវបានបង្កើតដំបូងក្នុងឆ្នាំ១៩៣៤ ដោយមានឈ្មោះថា «អង្គការខេមរកាយរឹទ្ធិកម្ពុជា» និងបាត់បង់ទៅវិញទាំងស្រុង ក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត។ ក្រោមការផ្តួចផ្តើម និងការជំរុញពីសម្តេចតេជោ ហ៊ុន សែន ចលនាកាយរឹទ្ធិជាតិកម្ពុជា បានចាប់បដិសន្ធិឡើងវិញ បន្ទាប់ពីជំនួបពិភាក្សារវាងសម្ដេចតេជោ និងលោក គីម គូយ៉ុង អតីតនាយកការិយាល័យអង្គការពិភពលោក នៃចលនាកាយរឹទ្ធិប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ១៩៩៩ នៅក្រុងតាខ្មៅ ខេត្តកណ្តាល។ បន្ទាប់ពីជំនួបពិភាក្សានេះ រាជរដ្ឋាភិបាល បានដឹកនាំការងារបង្រួបបង្រួមចលនាកាយរឹទ្ធិជាតិកម្ពុជា និងបានរៀបចំមហាសន្និបាតលើកទី១ នៅខែមេសា ឆ្នាំ២០០៦ ហើយបានដឹកនាំចលនានេះ ជាសមាជិកពេញសិទ្ធិរបស់អង្គការពិភពលោក នៃចលនាកាយរឹទ្ធិ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០០៨ ដែលបានធ្វើឱ្យកិត្តិសព្ទចលនាកាយរឹទ្ធិជាតិកម្ពុជា កាន់តែទូលំទូលាយនៅលើឆាកអន្តរជាតិ។

មកដល់ពេលនេះ កាយរឹទិ្ធជាតិកម្ពុជា មានការរីកចម្រើនគួរឱ្យកត់សម្គាល់ ជាអាទិ៍ការកសាងបាននូវកំណើនសមាជិកភាពក្នុងស្រទាប់កុមារ និងយុវជន ទាំងនៅក្នុងគ្រឹះស្ថានសិក្សាសាធារណៈ ឯកជន និងសហគមន៍គ្រប់មជ្ឈដ្ឋាន ដែលមានសមាជិករហូតជិត២០ម៉ឺននាក់ទូទាំងប្រទេស ។ តាមរយៈកំណើនសមាជិកនេះ ពិតជាអាចបញ្ជាក់បានថា កាយរឹទិ្ធជាតិកម្ពុជា គឺជាអង្គការចាត់តាំងយុវជនដ៏សកម្មមួយ ដែលមានគោលនយោបាយ ផែនការយុទ្ធសាស្រ្ត និងកម្មវិធីច្បាស់លាស់ ដែលឆ្លើយតបទៅនឹងតម្រូវការរបស់កុមារនិងយុវជន និងសង្គមជាតិ ជាពិសេសកម្មវិធីអប់រំកាយរឹទ្ធិកម្ម បានធ្វើឱ្យកុមារ និងយុវជនកម្ពុជាជាច្រើនអភិវឌ្ឍខាងផ្លូវកាយ, ផ្លូវបញ្ញា, ផ្លូវអារម្មណ៍ ផ្លូវសង្គម និងផ្លូវចិត្ត ប្រកបដោយភាពជាពលរដ្ឋល្អ និងជាពលរដ្ឋសកល ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner