សម្ដេចនាយករដ្ឋមន្រ្ដី បញ្ជាក់ថា ជំហររបស់កម្ពុជា ទៅ ICJ មិនរាថយទេ ដើម្បីរកដំណោះស្រាយបញ្ហាវិវាទព្រំដែន កម្ពុជា-ថៃ
(ភ្នំពេញ)៖ សម្ដេចនាយករដ្ឋមន្រ្ដី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ដើម្បីដោះស្រាយបញ្ហាវិវាទព្រំដែនកម្ពុជា-ថៃ គឺត្រូវរកយន្តការ ទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ខណៈជំហររបស់កម្ពុជា ទៅ ICJ មិនរាថយទេ ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដូច្នេះក្នុងពិធីបិទមហាសន្និបាតវិសាមញ្ញកាយរឹទ្ធិជាតិកម្ពុជា នៅរាជធានីភ្នំពេញ នាល្ងាចថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ប្រើប្រាស់នូវអភិក្រមចំនួនបី ដើម្បីធ្វើការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ គឺ ទី១-បច្ចេកទេស, ២-ច្បាប់អន្តរជាតិ និងទី៣-គឺតាមរយៈយោធា ។

សម្ដេចនាយករដ្ឋមន្ត្រី ក៏បានរម្លឹកពីដំណើរការរៀបចំបណ្ដឹងបញ្ហាព្រំដែននៅប្រាសាទតាមាន់ធំ តាមាន់តូច តាក្របី និងមុំបី ទៅតុលាការយុត្តិធម៌អន្តរជាតិ(ICJ) ថា នៅមុនការរៀបចំបណ្ដឹងនេះ សម្ដេច បានថ្លែងនៅក្នុងសមាជរដ្ឋសភា និងព្រឹទ្ធសភា កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥ ស្ដីពីការរៀបចំបណ្ដឹងបញ្ហាព្រំដែននេះទៅ ICJ ។ ការលើកឡើងរបស់សម្ដេច ស្ដីពីបណ្ដឹងនេះ ត្រូវបានអង្គសមាជប្រកាសគាំទ្រទាំងស្រុង ។
បន្ទាប់មក នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥ ប្រមុខការទូតកម្ពុជា បានសរសេរលិខិតផ្លូវការទៅប្រមុខការទូតថៃ ដើម្បីបបួលភាគីថៃ យកករណីបញ្ហាព្រំដែនប្រទេសទាំងពីរ ទៅដោះស្រាយនៅ ICJ ទាំងអស់គ្នា ។ បន្ទាប់មកទៀត នៅក្នុងកិច្ចប្រជុំ JBC នាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ ភាគីថៃបានបដិសេធចំពោះសំណើកម្ពុជា លើករណីបណ្ដឹងនេះ ។ ដោយសារតែភាគីថៃ បានបដិសេធ កម្ពុជា សម្រេចនាំយកបណ្ដឹងនេះ ទៅដាក់នៅ ICJ ដោយខ្លួនឯង នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ ទោះថៃមិនទៅក៏ដោយ ។
ទន្ទឹមនេះ សម្ដេចធិបតី ក៏បានរំលឹកផងដែរថា ១៥ មិថុនា ក៏ជាថ្ងៃដែលកម្ពុជា ឈ្នះក្ដីលើថៃ ក្នុងករណីបណ្ដឹងប្រាសាទព្រះវិហារ និងតំបន់ក្បែរខាង កាលពីឆ្នាំ១៩៦២ ផងដែរ ។
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ក៏បានប្រកាសជាថ្មីម្តងទៀតថា បើតុលាការក្រុងឡាអេ កាត់ក្តីលើសំណុំរឿងប្រាសាទតាមាន់តូច តាមាន់ធំ តាក្របី និងមុំបីយ៉ាងណានោះ គឺកម្ពុជា ទទួលស្គាល់ជានិច្ច ហើយសម្តេច ក៏បានផ្តាំទៅភាគីថៃ សូមប្រកាសជំហរយ៉ាងដូច្នេះដូចកម្ពុជាផងដែរ ៕
អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ
