សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ណែនាំឱ្យយកចិត្តទុកដាក់កសាងសមាជិកកាយរឹទ្ធិនៅមូលដ្ឋានឱ្យបានរឹងមាំ
(ភ្នំពេញ)៖ ក្នុងពិធីបិទមហាសន្និបាតវិសាមញ្ញកាយរឹទ្ធិជាតិកម្ពុជា នៅរាជធានីភ្នំពេញ នាល្ងាចថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានណែនាំគណៈអភិបាលរាជធានី, ខេត្ត, ក្រុង, ស្រុក, ខណ្ឌ បង្កើនការយកចិត្តទុកដាក់ជំរុញចលនាកាយរឹទ្ធិ គ្រប់ លំដាប់ថ្នាក់ នៅគ្រឹះស្ថានសិក្សាតាមមូលដ្ឋានរបស់ខ្លួន ឱ្យបានកាន់តែច្រើន ដើម្បីកសាងសមាជិកកាយរឹទ្ធិនៅមូលដ្ឋានរៀងៗខ្លួនបានរឹងមាំ ដែលជា បុគ្គលឆ្នើមសម្រាប់ ជាឧត្តមប្រយោជន៍ចំពោះសង្គមជាតិ ។
ទន្ទឹមនេះ សម្តេចធិបតី ក៏បានណែនាំកាយរឹទ្ធិជាតិកម្ពុជា ត្រូវបង្កើនកិច្ចសហប្រតិបត្តិការល្អ ជាមួយក្រសួង-ស្ថាប័ន អង្គការពិភពលោកនៃចលនាកាយរឹទ្ធិ និងគ្រប់បណ្តាអង្គការកាយរឹទ្ធិជាតិនានា, ទាំងថ្នាក់តំបន់ និងពិភពលោក, ជាពិសេសសមាគមកាយឫទ្ធិនារីកម្ពុជា, សហភាពសភាកាយរឹទ្ធិពិភពលោក, សមាគមកាយរឹទ្ធិអាស៊ាន សម្រាប់សហប្រតិបត្តិការក្នុងតំបន់ និង វិស័យឯកជន, សំដៅបង្កើនប្រសិទ្ធភាពនៃការអនុវត្តផែនការយុទ្ធសាស្ត្ររបស់កាយរឹទ្ធិជាតិកម្ពុជា និង ធ្វើការផ្លាស់ប្តូរកម្មវិធីអប់រំកាយរឹទ្ធិកម្ម (Exchange program), ការបណ្ដុះបណ្ដាលជំនាញកាយរឹទ្ធិកម្ម, និងអភិវឌ្ឍសមត្ថភាពដឹកនាំកាយរឹទ្ធិគ្រប់លំដាប់ថ្នាក់ឱ្យស្របតាមកម្រិតបទដ្ឋានក្នុងតំបន់ និង ពិភពលោក។
សម្តេចធិបតី បានណែនាំដល់ក្រុមប្រឹក្សា និងគណៈកម្មាធិការប្រតិបត្តិកាយរឹទ្ធិជាតិកម្ពុជាថ្នាក់ជាតិ ត្រូវបន្តរៀបចំ និងជួយពង្រឹងប្រសិទ្ធភាពដំណើរការរចនាសម្ព័ន្ធគ្រប់គ្រង និងសកម្មភាពការងាររបស់កាយរឹទ្ធិជាតិកម្ពុជា ថ្នាក់រាជធានី, ខេត្ត, ក្រុង, ស្រុក, ខណ្ឌឱ្យមានដំណើរការកាន់តែប្រសើរ, ជាពិសេសត្រូវរៀបចំ «គោលនយោបាយ និងកម្មវិធីសម្រាប់កាយរឹទ្ធិរៀមច្បង» និងបង្កើតឱ្យបាននូវ «ក្រុមប្រឹក្សាកាយរឹទ្ធិរៀមច្បង» ដើម្បីបន្តយកចិត្តទុកដាក់ប្រមូលផ្ដុំ និងគ្រប់គ្រងកម្លាំងកាយរឹទ្ធិ ។
ជាមួយគ្នានេះ សម្តេច ក៏បានជំរុញឱ្យគ្រប់គ្រឹះស្ថានឧត្តមសិក្សាសាធារណៈ និងឯកជន ដែលពុំទាន់បានរៀបចំរចនាសម្ព័ន្ធកាយរឹទ្ធិ ត្រូវសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា និងកាយរឹទ្ធិជាតិកម្ពុជា ដើម្បីរៀបចំការផ្សព្វផ្សាយអំពីការងារកាយរឹទ្ធិកម្មដល់ប្អូនៗនិសិ្សត សំដៅកសាងកម្លាំងកាយរឹទ្ធិរៀមច្បងនៅតាមអង្គភាពរៀងៗខ្លួន ដោយធានាទាំងបរិមាណ និងគុណភាព ។
សម្តេចធិបតី ក៏បានផ្ដល់អនុសាសន៍ឱ្យកាយរឹទ្ធិជាតិកម្ពុជា ត្រូវបន្តកិច្ចខិតខំប្រឹងប្រែងរៀបចំកម្មវិធីបណ្តុះបណ្តាល និងអភិវឌ្ឍសមត្ថភាពជំនាញកាយរឹទ្ធិកម្ម ដល់មេដឹកនាំកាយរឹទ្ធិ នៅតាមគ្រឹះស្ថានសិក្សា ឱ្យក្លាយទៅជាធនធានកាយរឹទ្ធិដ៏មានសក្តានុពល ដើម្បីរៀបចំកម្មវិធីអប់រំកាយរឹទ្ធិកម្ម នៅតាមគ្រឹះស្ថានសិក្សារបស់ខ្លួន ។
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានណែនាំកាយរឹទ្ធិជាតិកម្ពុជា ត្រូវបន្តកិច្ចខិតខំប្រឹងប្រែងបំផុស និង ផ្សព្វផ្សាយចលនាកាយរឹទ្ធិនៅគ្រប់លំដាប់ថ្នាក់ ដើម្បីកៀរគរធនធាន (មូលនិធិកាយរឹទ្ធិ) ក្នុងគោលដៅជួយឧបត្ថម្ភគាំទ្រដល់កម្មវិធីអប់រំកាយរឹទ្ធិកម្ម និងសកម្មភាពរបស់កាយរឹទ្ធិជាតិកម្ពុជា ៕
អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ


