កម្ពុជា តែងប្រកាន់ជំហរដោះស្រាយទំនាស់ខណ្ឌសីមាព្រំដែនជាមួយប្រទេសជិតខាងតាមសន្តិវិធី ផ្អែកលើមូលដ្ឋានច្បាប់អន្តរជាតិ
(ភ្នំពេញ)៖ កម្ពុជាតែងប្រកាន់ជំហរដោះស្រាយទំនាស់ខណ្ឌសីមាព្រំដែនជាមួយប្រទេសជិតខាងតាមសន្តិវិធី ដោយផ្អែកលើមូលដ្ឋានច្បាប់អន្តរជាតិ រួមទាំងការទៅរកជំនួយពីតុលាការយុត្តិធម៌អន្តរជាតិ ។
ជុំវិញបញ្ហាតានតឹងនៅព្រំដែនកម្ពុជា-ថៃ គឺរាជរដ្ឋាភិបាលកម្ពុជា សម្រេចធ្វើលិខិតជម្រាបជូនតុលាការយុត្តិធម៌អន្តរជាតិ (ICJ) អំពីបំណងស្នើសុំដោះស្រាយបញ្ហាទំនាស់ព្រំដែនកម្ពុជា-ថៃ នៅតំបន់ចំនួនបួនគឺ តំបន់មុំបី ប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំ និងប្រាសាទតាក្របី ។ គោលដៅរបស់រាជរដ្ឋាភិបាលកម្ពុជា គឺការប្រកាន់ជំហរបញ្ចៀសកំណើនភាពតានតឹង និងហានិភ័យនៃការប្រើកម្លាំងយោធា។ កម្ពុជាត្រូវការតែយុត្តិធម៌ ភាពត្រឹមត្រូវ និងច្បាស់លាស់មួយ ក្នុងការកំណត់ខ្សែព្រំដែនជាមួយប្រទេសជិតខាងកម្ពុជា ដើម្បីកុំឲ្យបញ្ហាព្រំដែននេះបន្តដល់កូនចៅជំនាន់ក្រោយ។ ចំពោះការជ្រើសរើសយកច្បាប់អន្តរជាតិ និងសន្តិភាព គឺកម្ពុជាមិនមានបំណងចង់បានទឹកដីរបស់ប្រទេសណាមួយសូម្បីតែមួយមីលីម៉ែត្រ ប៉ុន្តែកម្ពុជា ក៏មិនឲ្យប្រទេសដទៃយកដីកម្ពុជា សូម្បីតែមួយមីលីម៉ែត្រដែរ ។
នេះជាការបញ្ជាក់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងឱកាសដែល ឯកឧត្តម បានអញ្ជើញបណ្តាឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូតបរទេសប្រចាំកម្ពុជា ចំនួន ២៧ មកពន្យល់បកស្រាយរឿងពិតជុំវិញបញ្ហាព្រំដែនកម្ពុជា-ថៃ នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង ។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី១៦ ខែមិថុនា ដោយសារតែមិនអាចដោះស្រាយបញ្ហាតាមយន្តការទ្វេភាគីបាន ទើបសម្រេចដាក់លិខិតផ្លូវការរបស់ខ្លួនទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីស្នើសុំឲ្យជួយស្វែងរកដំណោះស្រាយបញ្ហាវិវាទព្រំដែននៅតំបន់ក្តៅទាំង៤ ដោយ លោកស្រី គឹមសួរ សុវណ្ណារី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសហូឡង់នោះ បានប្រគល់ជូនដោយផ្ទាល់ដៃដល់លោកក្រឡាបញ្ជី Philippe Gautier នៅតុលាការ យុត្តិធម៌អន្តរជាតិ ។
ជុំវិញសំណុំរឿងនេះដែរ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា កម្ពុជាមិនដកថយទេ ពាក់ព័ន្ធនឹងការស្នើសុំឱ្យតុលាការយុត្តិធម៌អន្តរជាតិ ជួយដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ នៅតំបន់ក្តៅទាំង៤ ពីព្រោះពុំអាចដោះស្រាយតាមយន្តការទ្វេភាគីបានទេ ៕
អត្ថបទ ៖ គង់ សុផុល
រូបភាព ៖ សួង ពិសិដ្ឋ







