សហភាពសហព័ន្ធយុវជនកម្ពុជា រៀបចំពិធីធ្វើដំណើរថ្មើរជើងគាំទ្រកងកម្លាំងជួរមុខកម្ពុជា
(ភ្នំពេញ)៖ ក្នុងគោលបំណងចូលរួមចំណែកក្នុងខឿនការពារជាតិ បូរណភាពទឹកដីកម្ពុជាតាមរយៈការបង្ហាញពីឆន្ទៈ មនសិការស្នេហាជាតិ និងទឹកដី សហភាពសហព័ន្ធយុវជនកម្ពុជា បានរៀបចំការធ្វើដំណើរថ្មើរជើង “Solidarity March” ដើម្បីបង្ហាញការរួមគ្នាជាធ្លុងមួយ គាំទ្រដល់រាជរដ្ឋាភិបាល និងកងកម្លាំងនៅជួរមុខកម្ពុជា។
កម្មវិធីធ្វើដំណើរថ្មើរជើង ដែលប្រព្រឹត្តទៅនៅវេលាម៉ោង ០៦ព្រឹក ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥នេះ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាបានមានប្រសាសន៍ថា ៖ ឈរលើស្មារតីពិត បង្ហាញការគាំទ្រ សុចរិតភាព និងភាពស្របច្បាប់របស់កម្ពុជា ផ្អែកលើច្បាប់អន្តរជាតិ និងបទដ្ឋានគតិយុត្តិផ្សេងៗ កម្ពុជាមិនមានបំណងចង់បានទឹកដីរបស់ប្រទេសណាមួយសូម្បីតែមួយមីលីម៉ែត្រ ប៉ុន្តែកម្ពុជាក៏មិនឱ្យនរណាយកដីសូម្បីតែមួយមីលីម៉ែត្រដែរ។
ឯកឧត្តមបញ្ជាក់ថា ៖ ការបង្ហាញកិច្ចគាំទ្រលើវិធានការរបស់រាជរដ្ឋាភិបាល ទាំងផ្នែកការទូត ផ្នែកការពារជាតិ ផ្នែកច្បាប់ និងខឿនការពារជាតិប្រជាជន ជាពិសេស បង្ហាញការគាំទ្រក្នុងការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការរៀបចំឯកសារដើម្បីដាក់ពាក្យប្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដោយផ្អែកលើស្មារតីដ៏ត្រឹមត្រូវ ពន្លត់ភ្លើង ជាជាងអង្គុយបក់ផ្សែង។ ស្មារតីយើង សកម្មភាព កាយវិការ និងសំឡេងនៃការគាំទ្ររបស់យើងម្នាក់ៗ គឺជាកម្លាំងចិត្ត និងថាមពលសម្រាប់រាជរដ្ឋាភិបាល និងកងកម្លាំងប្រដាប់អាវុធរបស់យើងនាពេលនេះ៕
លោក រ៉ា ណេត




