ឥណ្ឌូនេស៊ីផ្ទុះភ្នំភ្លើង ផ្អាកយន្តហោះទៅមកកោះបាលី
បរទេស ៖ ជើងហោះហើររាប់សិបជើង ទៅនិងមក កោះរមណីយដ្ឋាន «បាលី» ត្រូវបានលុបចោល បន្ទាប់ពីការផ្ទុះភ្នំភ្លើងឥណ្ឌូនេស៊ី ព្រួសផេះ កម្ពស់១០គីឡូម៉ែត្រ ទៅលើមេឃ។
យោងតាមអាជ្ញាធរ និងអាកាសយានដ្ឋាន របស់កោះបាលី បានឱ្យដឹងថា ការផ្អាកនេះ បានកើតមានឡើង នៅថ្ងៃពុធនេះ បន្ទាប់ពីភ្នំភ្លើង Lewotobi Laki-Laki កម្ពស់ ១,៥៨៤ម៉ែត្រ ស្ថិតនៅភាគខាងកើត នៃប្រជុំកោះ បានផ្ទុះឡើង តាំងពីថ្ងៃអង្គារ។ ក្នុងនោះ អាជ្ញាធរបានបង្កើនស្ថានភាពប្រកាសអាសន្នរបស់ខ្លួន ដល់កម្រិតខ្ពស់បំផុត គឺប្រព័ន្ធបួនថ្នាក់។
ជើងហោះហើរ ដែលត្រូវបានលុបចោល រួមមាន ជើងហោះហើរ Jetstar និង Virgin Australia ទៅកាន់ទីក្រុងនានា ទូទាំងប្រទេសអូស្ត្រាលី។ ក្រៅពីនេះ ក៏មានក្រុមហ៊ុន Air India, Air New Zealand, Tigerair របស់សិង្ហបុរី និងក្រុមហ៊ុន Juneyao Airlines របស់ចិន ក៏បានលុបចោលជើងហោះហើរ ផងដែរ នេះបើតាមគេហទំព័រអាកាសយានដ្ឋានអន្តរជាតិ របស់កោះបាលី។
មិនទាន់មានរបាយការណ៍ភ្លាមៗ អំពីការខូចខាត ឬ អ្នករងរបួសនោះទេ។ កាលពីខែវិច្ឆិកា ឆ្នាំ២០២៤ ភ្នំភ្លើង ធ្លាប់បានផ្ទុះឡើងជាច្រើនដង សម្លាប់មនុស្ស៩នាក់ ព្រមទាំង លុបចោលជើងហោះហើរអន្តរជាតិជាច្រើន ទៅកាន់កោះទេសចរណ៍បាលីនេះដូចគ្នា ខណៈ មនុស្សរាប់ពាន់នាក់ ឱ្យជម្លៀសចេញ៕



ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត