ត្រឹមកន្លះឆ្នាំ លោក Trump បណ្តេញជនអន្តោប្រវេសន៍ម៉ិកស៊ិកជាង ៥ម៉ឺននាក់
ម៉ិចស៊ីកូ ៖ ចាយពេលមិនលដល់កន្លះឆ្នាំផង រដ្ឋបាលលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានចាត់វិធានការណ៍ក្តៅចាប់បញ្ចូនពលរដ្ឋម៉ិកស៊ិកសរុបចំនួន ៥៦.២៩៨នាក់ចេញពីសហរដ្ឋអាមេរិកត្រឡប់ទៅកាន់ប្រទេសកំណើតវិញ ចាប់តាំងពីថ្ងៃទី២០ ខែមករាដើមឆ្នាំនេះ។
អនុរដ្ឋលេខាធិការសិទ្ធិមនុស្ស ប្រជាជន និងការធ្វើចំណាកស្រុកម៉ិកស៊ិក លោក Arturo Medina បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា កម្មវិធីធ្វើមាតុភូមិនិវត្តន៍របស់រដ្ឋាភិបាល មានឈ្មោះថា “Mexico Embraces You” បង្កើតឡើងក្នុងគោលបំណងឆ្លើយតបការបង្រ្កាបអន្តោប្រវេសន៍របស់រដ្ឋបាលលោក ត្រាំ បានទទួលពលរដ្ឋម៉ិកស៊ុកចំនួន ២៤.០៨២នាក់នៅមជ្ឈមណ្ឌលថែទាំព្រំដែន។
រហូតមកទល់ពេលនេះ ម្ហួបអាហារជាង ៩២.២៤៦កញ្ចប់ត្រូវបានចែកចាយទៅឱ្យពលរដ្ឋវិលត្រលប់មកវិញ រួមជាមួយនឹងការផ្តល់សេវាវេជ្ជសាស្រ្តចំនួន ៩.៧៨៦លើក និងសេវាផ្លូវចិត្តចំនួន ៤.០១៩លើក។ ពួកគេក៏ទទួលបានការប្រឹក្សាផ្នែកច្បាប់ និង ការគាំទ្រជនរងគ្រោះនៃអំពើហិង្សាយេនឌ័រផងដែរ។
អនុរដ្ឋលេខាធិការសិទ្ធិមនុស្សរូបនេះ បានលើកឡើងថា មនុស្សជាង ១៩.២៨២នាក់បានទទួលប័ណ្ណសុខុមាលភាព Paisano មានទឹកប្រាក់ ១០៥ដុល្លារ សម្រាប់ថ្លៃធ្វើដំណើរទៅកាន់ស្រុកកំណើតរបស់ពួកគេ ហើយពលរដ្ឋផ្សេងទៀតក៏ត្រូវបានដាក់បញ្ចូលទៅក្នុងកម្មវិធី Bienestar ឬផ្នែកសុខុមាលភាពផងដែរ។
ក្រៅពីនេះ ពលរដ្ឋម៉ិកស៊ិកដែលវិលត្រឡប់មកប្រទេសកំណើតវិញ ក៏បានទទួលជំនួយផ្សេងទៀត មានដូចជាការទទួលបានអត្តសញ្ញាណប័ណ្ណ និង សំបុត្រកំណើតជាដើម។ បន្ថែមលើនេះ ដោយមានការគាំទ្រពីវិស័យឯកជន ជនអន្តោប្រវេសន៍ម៉ិកស៊ិកចំនួន ២.៤៩៥នាក់នឹងទទួលបានឱកាសការងារ៕

ប្រភព ៖ ស៊ីនហួរ ប្រែសម្រួល ៖ ឈឹម ទីណា