កម្ពុជាគ្រោងរៀបចំវេទិកាពាណិជ្ជកម្មឌីជីថល និងពិព័រណ៍អនឡាញលើកទី២ ក្នុងខែកញ្ញាខាងមុខ

ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្មកម្ពុជាគ្រោងនឹងរៀបចំ «វេទិកាពាណិជ្ជកម្មឌីជីថល និងពិព័រណ៍អនឡាញលើកទី២» នៅថ្ងៃទី១២ និង១៣ ខែកញ្ញា ឆ្នាំ២០២៥ខាងមុខនេះ នៅទីក្រុងកោះពេជ្រ ដើម្បីបង្កើនការផ្សព្វផ្សាយ និងជំរុញការនាំចេញផលិតផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។

លោកជំទាវ ជា រដ្ឋា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានមានប្រសាសន៍បើកសន្និសីទសារព័ត៌មានស្តីពី វេទិកាពាណិជ្ជកម្ម ឌីជីថល និងពិព័រណ៍អនឡាញ លើកទី២ នារសៀលថ្ងៃទី១៧ ខែមិថុនាថា វេទិកា និងពិព័រណ៍អនឡាញនេះ មានគោលបំណងជំរុញកិច្ចពិភាក្សា អំពីទិដ្ឋភាពពាណិជ្ជកម្មឌីជីថលក្របខណ្ឌគោលនយោបាយ ការផ្សព្វផ្សាយ។ លោកជំទាវបន្តថាវេទិកាពាណិជ្ជកម្ម និងពិព័រណ៍អនឡាញនេះ ក៏នឹងជំរុញការនាំចេញផលិតផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ តាមរយៈការជំរុញការប្រើប្រាស់ ថ្នាលពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកក្នុងស្រុក និងអន្តរជាតិ ជាពិសេសថ្នាល Cambodia Trade.com របស់ក្រសួងពាណិជ្ជកម្ម។

លោកជំទាវបន្ថែមថា វេទិកាពាណិជ្ជកម្មឌីជីថល និងពិព័រណ៍អនឡាញនេះ ជាព្រឹត្តិការណ៍សំខាន់មួយក្នុងឆ្នាំ២០២៥ ក្រោមការដឹកនាំរៀបចំឡើងដោយក្រសួងពាណិជ្ជកម្ម បន្ទាប់ពីការទទួលបានជោគជ័យ ក្នុងការរៀបចំកាលពីឆ្នាំ២០២៤ ដែលជាវេទិកាអមពិព័រណ៍ពាណិជ្ជកម្មកម្ពុជា (CTE)។ លោកជំទាវបានបញ្ជាក់ថា ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចបវរធិបតី ថ្លែងក្នុងពិធីពិព័រណ៍ពាណិជ្ជកម្មកម្ពុជា ដែលជំរុញឱ្យមានការបន្តអនុវត្តអភិក្រម «ពង្រឹងទីផ្សារចាស់ ពង្រីកទីផ្សារថ្មី» ការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធឌីជីថល ការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនជាតិ និងអន្តរជាតិ ដើម្បីពង្រីកទីផ្សារសម្រាប់ផលិតផលខ្មែរ។

លោកជំទាវរដ្ឋលេខាធិការបានលើកឡើងទៀតថា តាមរយៈព្រឹត្តិការណ៍ខាងមុខនេះ ក្រសួងពាណិជ្ជកម្ម សង្ឃឹមយ៉ាងមុតមាំថា នឹងសម្រេចបាននូវគោលដៅចំបងៗ រួមមាន៖

  • ការបង្កើនការចូលរួមកាន់តែច្រើន ក្នុងការធ្វើពាណិជ្ជកម្មឌីជីថល,
  • ទទួលបាននូវការផ្ដល់យោបល់ជាគោលនយោបាយល្អៗ ពីកម្មវិធីជជែកដេញដោលយុវជន,
  • ជំរុញការធ្វើប្រតិបត្តិការ «ទិញផលិតផលខ្មែរ តាមអនឡាញ» កាន់តែច្រើនតាមរយៈ CambodiaTrade.com និង ecommerce marketplace ផ្សេងទៀត,
  • ការចាប់ដៃគូរវាងផ្នែកដឹកជញ្ជូន និងភ្នាក់ងារទូទាត់កាន់តែច្រើនឡើង។

គួរកត់សម្គាល់ វេទិកាពាណិជ្ជកម្មឌីជីថល និងពិព័រណ៍អនឡាញលើកទី២ ដែលមានទ្រុងទ្រាយធំនេះ គឺការផ្តួចផ្តើមដោយមានចក្ខុវិស័យមោះមុត និងវែងឆ្ងាយរបស់ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដោយមានបញ្ចូលកម្មវិធីសំខាន់ដូចជា៖ ១៖ ការរៀបចំស្តង់តាំងបង្ហាញផលិតផល សេវាកម្មឌីជីថល E-commerce, Marketplace, ក្រុមហ៊ុនដឹកជញ្ជូន, ធនាគារ និងអាជីវកម្មអនឡាញចំនួន៥០ស្តង់។ ២៖ ការថ្លែងសុន្ទរកថាគន្លឹះ និងកិច្ចពិភាក្សារបស់ក្រុមហ៊ុនផ្តល់សេវាកម្ម អ្នកជំនាញ លើផ្នែកបញ្ញាសប្បនិម្មិត និងពាណិជ្ជកម្មឌីជីថល ក្នុងវេទិការពាណិជ្ជកម្មឌីជីថល។ ៣៖ ផ្ដល់ឱកាសឱ្យយុវជនចូលរួម ក្នុងកម្មវីធីជជែកដេញដោល (Youth Dabate) និង៤៖ ការផ្សាយផ្ទាល់ ដើម្បីជំរុញ យុទ្ធនាការ «ទិញផលិតផលខ្មែរតាមអនឡាញ» ជាដើម (Live Shopping & Flash Sale)៕

អត្ថបទ ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner