លោក ពូទីន ថា អ៊ីរ៉ង់មិនបានសុំជំនួយយោធាពីរុស្ស៊ី
បរទេស ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា អ៊ីរ៉ង់មិនបានស្នើសុំជំនួយផ្នែកយោធា ក្នុងពេលដែលខ្លួនកំពុងមានសង្រ្គាមតាមផ្លូវអាកាស កាន់តែកើនឡើង ជាមួយអ៊ីស្រាអែល។
លោក ពូទីន និយាយ អំឡុងការឆ្លើយតបនឹងសំណួរមួយ ពីអ្នកយកព័ត៌មាន AFP ក្នុងសន្និសីទកាសែត តាមទូរទស្សន៍ នៅទីក្រុង Saint Petersburg ថា «មិត្តអ៊ីរ៉ង់ របស់យើង មិនបានសួរយើង អំពីរឿងនេះទេ»។ លោក ពូទីន បានបន្ថែមថា លោកមិនមានបំណង ចង់ពិភាក្សាអំពីគំនិតដែលថា អ៊ីស្រាអែល អាចធ្វើឃាតមេដឹកនាំកំពូល របស់អ៊ីរ៉ង់ លោក Ayatollah Ali Khamenei នោះទេ។
តែ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថា កិច្ចព្រមព្រៀង ដើម្បីបញ្ចប់ការប្រយុទ្ធគ្នា រវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ អាចធ្វើទៅបាន ហើយការវាយប្រហាររបស់អ៊ីស្រាអែល លើអ៊ីរ៉ង់បាននាំឱ្យមាន “ការបង្រួបបង្រួម” នៃសង្គមអ៊ីរ៉ង់ ជុំវិញការដឹកនាំរបស់ខ្លួន។
លោក ពូទីន បាននិយាយថា កិច្ចព្រមព្រៀងបែបនេះ អាចធានាទាំងសន្តិសុខរបស់អ៊ីស្រាអែល និងបំណងប្រាថ្នារបស់អ៊ីរ៉ង់ សម្រាប់កម្មវិធីនុយក្លេអ៊ែរ ស៊ីវិល៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

